ពីនេះ ពីនោះ
មិនអាច​ដាក់ «​ន៍​-​ណ៍ និង ការ​» ក្នុង​ពាក្យ​តែមួយ​ឡើយ​
28, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រាល់​ពាក្យ​ទាំងអស់ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​សុទ្ធតែជា «​នាម​» ដោយ​មិន​អាចជា «​កិរិយាសព្ទ​» នោះទេ​។ ប៉ុន្តែ ប្រសិនបើ​អ្នក​ចង់​ប្រើ​ជា «​កិរិយាសព្ទ​» ចូរ​កុំ​ដាក់ «​ន៍ ឬ ណ៍​» នៅ​ខាងចុង​ជាដាច់ខាត​។​


 
​ឧទាហរណ៍​៖ បដិវត្តន៍​នៃ​សង្គម​មួយ ចាំបាច់​ត្រូវមាន​មនោ​គម​វិទ្យា​ច្បាស់លាស់ និង​ស៊ីជម្រៅ​។ ក្នុង​ប្រយោគ​នេះ «​បដិវត្តន៍​» គឺជា «​នាម​» ហើយ​ដើរតួ​ជា «​ប្រធាន​»​។ តែបើ​អ្នក​ចង់​ប្រើពាក្យ «​បដិវត្តន៍​» ជា «​កិរិយាសព្ទ​» វិញ នោះ​ត្រូវ​លុប «​ន៍​» ចេញ​។ ឧទាហរណ៍​៖ ក្នុងនាម​ជា​អ្នកនយោបាយ បើ​អ្នក​ចង់​បដិវត្ត​សង្គម​ទាំងមូល អ្នក​ត្រូវតែ​ប្តេជ្ញាចិត្ត​ដ៏​ខ្លាំ​ក្លា និង​ហ៊ាន​លះបង់​ជីវិត ព្រមទាំង​មាន​មនោ​គម​វិទ្យា​ច្បាស់លាស់​។ «​បដិវត្ត​» នៅក្នុង​ប្រយោគ​ទី​ពីរ​នេះ គឺជា «​កិរិយាសព្ទ​» និង​មាន​ពាក្យ «​សង្គម​» ជា «​កម្មបទ​»​។ 
 
​ពាក្យ​ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​សុទ្ធតែជា «​នាម​» និង​អាច​ក្លាយជា «​កិរិយាសព្ទ​» នៅពេលដែល​អ្នក​លុប «​ន៍ ឬ ណ៍​» ចេញ​។ តួយ៉ាង ដូចជា​ពាក្យ​ថា អនុវត្តន៍ គឺជា «​នាម​» តែ អនុវត្ត គឺជា «​កិរិយាសព្ទ​», អភិវឌ្ឍន៍ គឺជា «​នាម​» តែ អភិវឌ្ឍ គឺជា «​កិរិយាសព្ទ​» ។​ល​។ អ្នក​មិនអាច​ប្រើ​ដាក់ «​ន៍ ឬ ណ៍ និង ការ​» ជាមួយគ្នា​ទៅលើ​ពាក្យ​តែមួយ​ឡើយ​។ អ្នក មិនអាច សរសេរថា ការ​បដិវត្តន៍ ឬ ការអភិវឌ្ឍន៍ នោះទេ​។ 
 
​ថ្វីដ្បិតតែ ពាក្យ​ដែលមាន «​ន៍ ឬ ណ៍​» គឺ​សុទ្ធតែជា «​នាម​» និង​អាច​ក្លាយជា «​កិរិយាសព្ទ​» នៅពេល​អ្នក​លុប «​ន៍ ឬ ណ៍​» ចេញ ប៉ុន្តែ ពាក្យ​ខ្លះ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង អាច​ដើរតួ​ជា «​នាម​» តែប៉ុណ្ណោះ ដោយ​មិនអាច​ប្តូរ​ទៅជា «​កិរិយាសព្ទ​» បាន​នោះទេ​។ ឧទាហរណ៍​៖ ប្រយោជន៍​, ត្រ័យ​រតន៍​, ទូរទស្សន៍​, គមនាគមន៍​, សហគមន៍​, អធិករណ៍​, ហេតុការណ៍​, ព្រឹត្តិការណ៍ ។​ល​។ 
 
​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​មួយទៀត​នោះ គឺថា តើ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ន៍​» ហើយ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ណ៍​»​។  អ្នក​គប្បី​ចំណាំ​ថា  រាល់​ពាក្យ​ទាំងអស់​ត្រូវដាក់ «​ន៍​»  នៅ​ខាងចុង ដូចជា​ពាក្យ អភិវឌ្ឍន៍​, អនុវត្តន៍​, បដិវត្តន៍​, អនុសាសន៍​, ប្រសាសន៍​, គមនាគមន៍ ជាដើម​។ ប៉ុន្តែ ប្រសិនបើ​ពាក្យ​ណា​ដែលមាន​អក្សរ «​រ​» នៅ​ខាងចុង អ្នក​ត្រូវ​ប្រើ «​ណ៍​» វិញ ដូចជា​ពាក្យ​ថា ទឡ្ហីករណ៍​, សហករណ៍​, ព្រឹត្តិការណ៍​, អធិករណ៍ ជាដើម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com