ជាតិ
កម្ពុជា​រកឃើញ​កូ​រ៉ូ​ណាវីរុស​១​ករណី​លើជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ​
27, Jan 2020 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​រកឃើញ​មេរោគ កូ​រ៉ូ​ណាវី​រុស​១ ករណី លើ​បុរស​ជនជាតិ​ចិន អាយុ​៦០​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ពី​ខេត្ត​វូ​ហាន មកកាន់​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នៅក្នុង​សន្និសីទកាសែត​នៅ​យប់​ថ្ងៃទី ២៧ មករា​នេះ​។

 
លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ជន​ជាតិចិននោះ ចូលមក​កម្ពុជាកាលពីថ្ងៃទី២៣ ខែមករា។ លោករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ មានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហួ ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលបានយកមកធ្វើវិភាគទាំង៤នាក់ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គត់ គឺបុរសឈ្មោះ ចា ជិនហួ»។ 

គិត​ត្រឹមវេលាម៉ោង​៧ និង៤៣នាទី ​ល្ងាចថ្ងៃចន្ទនេះ អ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទ​ថ្មី មានជាង​២៨០០នាក់ ដោយភាគច្រើនបំផុតនៅប្រទេសចិន ដែលរួមបញ្ចូលទាំងហុងកុង ម៉ាកាវ និង​តៃវ៉ាន់ផងដែរ។ អ្នក​ស្លាប់មាន​៨១នាក់ ដែលស្ថិតនៅក្នុងប្រទេសចិនទាំងអស់។

ប្រទេសផ្សេងទៀតដែល​ឆ្លងជំងឺនេះរួមមាន អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង បារាំង ណេប៉ាល់ ហើយកម្ពុជាជាប្រទេសអាស៊ានទី៥ បន្ទាប់ពីថៃ (៨ករណី), សិង្ហបុរី (៤ករណី), ម៉ាឡេស៊ី (៤ករណី) និងវៀតណាម (២ករណី)៕
 

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com