សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ អ្នកស្លាប់ឡើងដល់៨២នាក់ ក្រោយប៉េកាំងមានករណីស្លាប់ដំបូង រូបថត៖ AFP
× អាជ្ញាធរក្រុងប៉េកាំង បានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋធានីមួយនេះ មានករណីមនុស្សស្លាប់ជាលើកដំបូង ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការផ្សាយរបស់ AFP ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៨២នាក់ ដោយគិតត្រឹមម៉ោង១១យប់ថ្ងៃទី២៧ ខែមករា នេះ។
អ្នកស្លាប់៨១នាក់ផ្សេងទៀតសុទ្ធតែស្ថិតក្នុងប្រទេសចិនទាំងអស់ ដែលក្នុងនោះរួមមាន ខេត្ត Hubei (៧៦នាក់), ខេត្ត Chongqing (១នាក់) ខេត្តសៀងហៃ (១នាក់), ខេត្ត Hainan (១នាក់), ខេត្ត Heilongjiang (១នាក់), ខេត្ត Hebei (១នាក់)។ ប៉េកាំងមានករណីស្លាប់ទីមួយ ដោយបច្ចុប្បន្នមានអ្នកជំងឺជាង៧០នាក់។
បុរសដែលមានស្លាប់នៅប៉េកាំង មានអាយុ៥០ឆ្នាំ ដែលបានទៅលេងក្រុងវូហាន កាលពីថ្ងៃទី៨ ខែមករា ហើយចាប់ផ្តើមឈឺពេលត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញនារយៈពេល៧ថ្ងៃបន្ទាប់។
នៅល្ងាចថ្ងៃចន្ទដដែល បន្ទាប់ពីកម្ពុជាប្រកាសករណីទី១របស់ខ្លួនលើជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ កូរ៉េខាងត្បូងបានអះអាងពីការរកឃើញករណីទី៤ និងសិង្ហបុរី បញ្ជាក់ពីករណីទី៥នៅក្នុងប្រទេសរៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com