ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​នាំឱ្យ​ធុំក្លិន​ខ្លួន​មិនល្អ​?
28, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិន​ខ្លួន​មិន​ល្អជា​បញ្ហា​គួរឱ្យ​អាម៉ាស់​និង​ផ្ដល់​ភាព​រំខាន​ជាខ្លាំង​។ ភាគច្រើន​នៃ​ពួកយើង​ដឹងថា​ការទទួល​ខ្ទឹមស ឬ​ខ្ទឹមបារាំង​នឹង​បង្កបញ្ហា​ក្លិន​មាត់​មិនល្អ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា​នៅមាន​អាហារ​មួយចំនួនទៀត​ក៏​អាចធ្វើឱ្យ​ធុំក្លិន​ខ្លួន​ផងដែរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​ផ្លាស់ប្ដូរ​ក្លិន​ខ្លួន​ធម្មជាតិ​របស់​អ្នក ឬ​បង្ក​ក្លិន​ខ្លួន​មិនល្អ ៖
 
១. ផ្កា​ខាត់ណា​ខៀវ ស្ពៃក្ដោប និង​ផ្កា​ខាត់ណា​

​បន្លែ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ស្ពាន់ធ័រ​ដែល​រាងកាយ​បំបែក​ទៅជា​សមាសធាតុ​ដែល​ស្រដៀង​គ្នា​ទៅនឹង​សមាសធាតុ​ដែល​ទទួលខុសត្រូវ​ចំពោះ​ក្លិន​ខ្លួន​មិនល្អ​។ លើសពីនេះទៅទៀត​ផ្កា​ខាត់ណា​ក៏មាន​ផ្ទុក​នូវ​សារធាតុ choline ដែលជា​សារធាតុចិញ្ចឹម​ប្រភេទ​វីតាមីន B ដែល​អាច​បណ្ដាលឱ្យ​ធុំក្លិន​ខ្លួន​។ ភាគច្រើន​ក្លិន​ខ្លួន​នឹង​ប្រែជា​មិនល្អ​រយៈពេល ១ ម៉ោង​ក្រោយ​ទទួលទាន​បន្លែ​ប្រភេទ​នេះ ហើយនឹង​ប្រែជា​ធម្មតា​វិញ​នៅ​រយៈពេល ៦ ម៉ោង​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​គួរ​ឈប់​ទទួលទាន​បន្លែ​ទាំងនេះ​តែម្ដង​ឡើយ គឺ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ចូរ​លាង​សម្អាត​បន្លែ​ទាំងនេះ​ជាមួយ​អំបិល​មួយ​ចិ​ប​សិន​។ ការធ្វើ​បែបនេះ​អាចជួយ​កម្ចាត់​សារធាតុ​បង្ក​ក្លិន​ខ្លួន​មិនល្អ ខណៈដែល​រក្សា​សមាសធាតុ​មាន​ប្រយោជន៍​។​
 
២. សាច់​ក្រហម​

​អាស៊ីត​អា​មី​ណូ​នៅក្នុង​សាច់​ក្រហម​បន្សល់ទុក​កាកសំណល់​ក្នុង​ពោះវៀន​កំឡុងពេល​រំលាយ​អាហារ​ដែល​បញ្ចេញ​ក្លិន​មិនល្អ​។ អង់ស៊ីម​ពោះវៀន​បំបែក​កាក​សណល់​ទាំងនោះ​ដែល​បន្ទាប់មក​លា​យ​ជាមួយ​ពពួក​បាក់តេរី​លើ​ស្បែក​កំឡុងពេល​បែកញើស ហើយ​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ ក្លិន​ខ្លួន​របស់​អ្នក​អាច​នឹង​ប្រែជា​មិនល្អ​កំឡុងពេល ២ ម៉ោង​ក្រោយ​ទទួលទាន​សាច់​ក្រហម​។ ក្លិន​ញើស ឬ​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​ការទទួល​ទាន​សាច់​ក្រហម​អាច​ត្រូវបាន​ទៅវិញ​កំឡុងពេល ២ ទៅ ៣ ម៉ោង ឬ​យូរ​រហូតដល់ ២ សប្តាហ៍​។​
 
៣. ត្រី​មួយចំនួន​

​ពិតណាស់​ត្រី​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន ប៉ុន្តែ​ប្រភេទ​នៃ​ត្រី​ដែលមាន​ផ្ទុក​សារធាតុ choline ដូចជា​ត្រី​ធូ​ណា និង​សាល​ម៉ុ​ន​អាច​បណ្ដាលឱ្យ​អ្នកមាន​ក្លិន​ខ្លួន​ដូច​ត្រី​។ មនុស្ស​មួយចំនួន​ផ្ទុក​សារធាតុ choline នៅក្នុង​ញើស​របស់​ពួកគេ​រហូតដល់​មួយថ្ងៃ​ក្រោយ​ទទួលទាន​ត្រី​ប្រភេទ​នេះ​រួច​ឥទ្ធិពល​នៃ​សារធាតុ​ទាំងនោះ​ក៏បង្ក​ក្លិន​ខ្លួន​មិនល្អ​។ រីឯ​មនុស្ស​មួយចំនួន​តូច​ទៀត​នៅពេល​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ choline និង carnitine រួមបញ្ចូល​ទាំង​ត្រី សាច់ និង​ស៊ុត អាច​ត្រូវ​រាងកាយ​បំ​លែង​ទៅជា trimethylamine ឬ​ជំងឺ​ក្លិនឆ្អាប​ដូច​ត្រី​ដែល​អាច​ព្យាបាល​បាន​ដោយ​ការផ្លាស់ប្ដូរ​របប​អាហារ​និង​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។​
 
៤. អាហារ​កែច្នៃ​

​ជាតិ​ស្ករ​ចម្រាញ់​ដែលមាន​ផ្ទុក​ក្នុង​អាហារ​កែច្នៃ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ហើយ​ជាតិ​ស្ករ​ដែលមាន​ក្នុង​ឈាម​ក្រោយ​ទទួលទាន​អាហារ​កែច្នៃ​រួច​ជះឥទ្ធិពល​លើ​ការ​បែកញើស​ចំពោះ​មនុស្ស​មួយចំនួន ហើយ​នៅពេល​វា​រួមបញ្ចូល​គ្នា​ជាមួយ​បាក់តេរី​លើ​ស្បែក​នោះ​នឹង​បង្កបញ្ហា​ក្លិន​ខ្លួន​មិនល្អ​។ អាហារ​កែច្នៃ​ក៏​ខ្វះ​នូវ​សារធាតុ​ក្លរ៉ូភីល​ដែលជា​សារធាតុ​ជួយ​បំបាត់​ក្លិន​ខ្លួន​មិនល្អ និង​សម្អាត​ក្នុង​រាងកាយ​ផងដែរ​។ បញ្ហា​ក្លិន​ខ្លួន​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​កែច្នៃ​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ១ សប្តាហ៍​ក្រោយ​។ ទោះជា​យ៉ាងណា អ្នក​គួរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​កែច្នៃ​មិនត្រូវ​ទទួលទាន​ជាប់​ជាប្រចាំ​ឡើយ​។​
 
៥. អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​

​របប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​អាច​បង្កបញ្ហា​ក្លិន​ខ្លួន​មិនល្អ ប៉ុន្តែ​របប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​ក៏​ជា​បញ្ហា​ដូចគ្នា​ចំពោះ​មនុស្ស​មួយចំនួន​។ នៅពេល​រាងកាយ​ទទួលបាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​ដើម្បី​បំ​លែង​ទៅជា​ថាមពល នោះ​នឹង​ចាប់ផ្ដើម​ដុតបំផ្លាញ​ខ្លាញ់​ជំនួស​វិញ​។ នេះហើយ​ជា​ហេតុដែល​បណ្ដាលឱ្យ​រប​ប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​នាំឱ្យ​ស្រក​ទម្ងន់ និង​បង្ក​ក្លិន​ខ្លួន​។ នៅពេល​ដុត​រំលាយ​ជាតិ​ខ្លាញ់ រាងកាយ​នឹង​ផលិត​នូវ​សារ​ធាតុគីមី​ម្យ៉ាង​ដែល​បណ្ដាលឱ្យ​ញើស​មាន​ក្លិន​ដូច​ទឹក​លាង​ក្រចក ឬ​ក្លិន​ផ្លែឈើ​។​
 
​សម្គាល់​៖ ទោះបី​ការ​មាន​ក្លិន​ខ្លួន​មិនល្អ​អាចជា​រឿង​គួរឱ្យ​អាម៉ាស់ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​ដូច​បាន​រៀបរាប់​ខាងលើ​តែម្ដង​ឡើយ​! ចូរ​ព្យាយាម​ញ៊ាំ​ក្នុង​កម្រិត​សមល្មម​ទើប​ប្រសើរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com