អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងគូប្រជែងគឺលោក Benny Gantz ជួបជាមួយលោក ដូណាល់ ត្រាំ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងការិយាល័យ Oval ក្នុងសេតវិមាន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
× ការបោះឆ្នោតនៅអ៊ីស្រាអែលនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ហើយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងគូប្រជែងគឺលោក Benny Gantz កំពុងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន។
នៅលើតុចរចាគឺជាអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» ដែលត្រូវបានគេរាយការណ៍ថា នឹងសម្រេចឱ្យអ៊ីស្រាអែលគ្រប់គ្រង West Bank មួយផ្នែកដ៏ធំ។ អ្នកខ្លះនៅអ៊ីស្រាអែលនិយាយថា លោក ត្រាំ កំពុងព្យាយាមប្រើឥទ្ធិពលលើការបោះឆ្នោត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការលើកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនស្ទើរតែពេញអាណត្តិកាន់តំណែងរបស់លោក។ ប៉ុន្តែទើបតែពេលនេះគឺមុនការបោះឆ្នោតជុំទី៣នៅអ៊ីស្រាអែលនៅថ្ងៃទី២ ខែមីនានេះ ទើបលោកបង្ហាញព័ត៌មានលម្អិតអំពីផែនការនេះ។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ផែនការនេះគឺជាឱកាសដ៏ល្អសម្រាប់អ៊ីស្រាអែល។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា លោកចាកចេញមកទីក្រុងវ៉ាស៊ីនតោនដោយមានការទទួលខុសត្រូវខ្ពស់ ហើយលោកសង្ឃឹមថា លោក និងលោកប្រធានាធិបតី ត្រាំ នឹងបង្កើតប្រវត្តិសាស្ត្រមួយ។
គូប្រជែងរបស់លោក Netanyahu គឺលោក Benny Gantz បានរៀបចំការប្រជុំឯកជនជាមួយលោក ត្រាំ ដោយសង្ឃឹមថា លោកអាចបង្ហាញថា លោកជាគូប្រជែងដ៏សំខាន់មួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ប៉ុន្តែការចាប់អារម្មណ៍នៅក្នុងប្រទេសអ៊ីស្រាអែលឥឡូវនេះបានប្តូរពីការចោទប្រកាន់អំពើពុករលួយរបស់លោក Netanyahu មកនិយាយអំពីនយោបាយនិងការទូត។
ព័ត៌មានលម្អិតអំពីផែនការនេះមិនត្រូវបានផ្សព្វផ្សាយនោះទេ ប៉ុន្តែរបាយការណ៍សារព័ត៌មានអ៊ីស្រាអែលបាននិយាយថា ផែនការនេះផ្តល់ឱ្យអ៊ីស្រាអែលកាន់កាប់តំបន់ West Bank មួយផ្នែកធំរួមទាំងជ្រលងភ្នំ Jordan Valley ដែលស្ថិតនៅតាមបណ្តោយព្រំប្រទល់រវាងតំបន់ West Bankនិងហ្ស៊កដានី៕
© រក្សាសិទ្ធិដោយ thmeythmey.com