អន្តរជាតិ
ដើម្បីឈ្នះសមរភូមិនៃការរាតត្បាតកូរ៉ូណាវីរុស លោក ស៊ី ជិនភីង ថា ត្រូវពឹងលើប្រជាជន លោកប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាពេលកន្លងទៅ (Xinhua)
× ប្រធានាធិបតី ស៊ី ជិនភីង លើកឡើងថា ចិន ត្រូវពឹងអាស្រ័យលើប្រជាជនដើម្បីយកជ័យជម្នះក្នុងសមរភូមិដ៏លំបាកប្រឆាំងនឹងការរាតត្បាតនៃណូវែលកូរ៉ូណាវីរុស។ ការលើកឡើងរបស់ប្រមុខរដ្ឋចិនរូបនេះ ធ្វើឡើងខណៈអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះ បានកើនឡើងដល់ ១០៦នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ២៨ មករា ហើយមាន៤ពាន់ករណីដែលបានរកឃើញសរុបនៅទូទាំងពិភពលោក។
នៅចំពោះមុខមន្ត្រីរដ្ឋាភិបាលនិងសមាជិកបក្សកុម្មុយនីស្ត នៅថ្ងៃចន្ទ ២៧ ខែមករា លោកប្រធានាធិបតី ស៊ី ជិនភីង បានស្នើសុំឲ្យពួកគេបង្រួបប្រួមប្រជាជនចិនក្នុងគោលដៅអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្តីសម្រេច និងការរៀបចំដែលបានដាក់ចេញដោយគណៈកម្មាធិការមជ្ឈឹមនៃបក្សកម្មុយនីស្តចិន។
តាមការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមនៃបក្សកម្មុយនីស្តចិនរូបនេះ បានប្រាប់ពួកមន្ត្រីទាំងនោះឲ្យចងចាំទុកថា ផលប្រយោជន៍របស់ប្រជាជន គឺជាអាទិភាពខ្ពស់បំផុតក្នុងសមរភូមិដ៏លំបាកដើម្បីបង្ការកូរ៉ូណាវីរុសនេះនាពេលបច្ចុប្បន្ន ។ លោក បន្តថា ការរួបរួមរបស់ប្រជាជន គឺជាអាវុធដ៏សំខាន់ក្នុងការគ្រប់គ្រងប្រឆាំងនឹងការរាតត្បាតនៃជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយសារណូវែលកូរ៉ូណាវីរុសផងដែរ។
ត្រង់ចំណុចនេះ លោក ស៊ី ជិនភីង តម្រូវឲ្យពលរដ្ឋពង្រឹងទំនុកចិត្ត រក្សាភាពជាធ្លុងមួយ និងចាប់យកចំណាត់ការដែលមានលក្ខណៈវិទ្យាសាស្ត្រនិងចំគោលដៅ ក្នុងការបង្ការការរាតត្បាតនៃជំងឺរលាកសួតប្រភេទថ្មីនេះ។ តាមប្រភពព័ត៌មានរដ្ឋចិនដដែល មេដឹកនាំចិនរូបនេះ ទទូចឲ្យគណៈកម្មាធិការបក្សកម្មុយនីស្តចិនគ្រប់ជាន់ថ្នាក់ទាំងអស់ គួរវាយតម្លៃស្ថានការណ៍នៃការរាតត្បាតវីរុសនេះតាមលក្ខណៈវិទ្យាសាស្ត្រ និងសុក្រឹតភាព។
ទន្ទឹមនេះ ប្រមុខរដ្ឋចិនវ័យ៦៦ឆ្នាំរូបនេះ បានស្នើឲ្យមន្ត្រីនៃស្ថាប័នបក្ស ជាពិសេស ប្រធានគ្រប់គ្រង តែម្តង ត្រូវនៅប្រចាំតួនាទីពួកគេជានិច្ច ហើយដាក់ចេញបទបញ្ជានៅជួរមុខ ព្រមទាំងពង្រឹងទំនួលខុសត្រូវអភិបាលកិច្ចរបស់ពួកគេឲ្យកាន់តែខ្លាំងផងដែរ។
«សមរភូមិដ៏លំបាកនេះ គឺជាការសាកល្បងមួយរបស់មន្ត្រីបក្ស»។ លោក ស៊ី សង្កត់ធ្ងន់បែបនេះ ដោយទទូចឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់លើកទឹកចិត្តសមាជិកបក្ស និងមន្ត្រីរដ្ឋាភិបាលប្រឹងប្រែង និងប្រយុទ្ធដ៏ក្លាហានក្នុងសមរភូមិនេះ ដើម្បីឆ្លុះបញ្ចាំងថា ពួកគេអាចតស៊ូចំពោះមុខការសាកល្បងនេះ តាមរយៈកិច្ចប្រឹងប្រែងដ៏ស្វាហាប់របស់ពួកគេ។
សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិន បានអះអាងនៅព្រឹកថ្ងៃ ២៨ មករាថា មនុស្ស២៤នាក់ទៀតបានស្លាប់ ដោយសារកូរ៉ូណាវីរុស ហើយ១២៩១ នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺនេះ។ សម្រាប់តួលេខថ្មី ករណីឆ្លងវីរុសដ៏កាចសាហាវនេះ ដែលត្រូវបានរកឃើញ បានកើនដល់ ៤០០០ករណី នៅទូទាំងពិភពលោក៕
Tag:
ចិន
ស៊ី ជិនភិង
ជំងឺឆ្លង
© រក្សាសិទ្ធិដោយ thmeythmey.com