ជាតិ
សុខភាព
សៀមរាប​៖ គ្មាន​ករណី​កូ​រ៉ូ​ណាវី​រុស​លើ​ចិន​៤​នាក់ ដូច​ការអះអាង​ក្នុង​ហ្វេ​ស​ប៊ុ​ក chat ឡើយ​
28, Jan 2020 , 1:48 pm        
រូបភាព
លោក ក្រួស សារ៉ាត់ (ស្តាំ) ជាមួយ​លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ពេល​ចុះទៅពិនិត្យអាកាសយានដ្ឋានអន្តរជាតិ​សៀមរាប។ រូបថត អ៊ីសា រ៉ហានី
លោក ក្រួស សារ៉ាត់ (ស្តាំ) ជាមួយ​លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ពេល​ចុះទៅពិនិត្យអាកាសយានដ្ឋានអន្តរជាតិ​សៀមរាប។ រូបថត អ៊ីសា រ៉ហានី
មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប បាន​ចុះ​ទៅកាន់​សណ្ឋាគារ​មួយកន្លែង បន្ទាប់ពី​មានការ​ចែករំលែក​សំឡេង​តៗ​គ្នា​នៅក្នុង Group Chat ហ្វេ​ស​ប៊ុ​ក ដោយ​ការសន្ទនា​បាន​អះអាងថា ភ្ញៀវ​ដែល​សម្រាក​នៅ​ទីនោះ មាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​។ លោក ក្រុស សារ៉ាត់ ដែលជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ្មាន​ករណី​នេះឡើយ​។​



​បើតាម​ការសន្ទនា​នៅក្នុង Group Chat អ្នក​និយាយ​សុទ្ធតែ​បាន​អះអាងថា ខ្លួន​បានឃើញ​ផ្ទាល់​ភ្នែក ថា​ភ្ញៀវ​ចិន​៤​នាក់ ក៏ដូចជា​អ្នក​នាំ​ភ្ញៀវ​ខ្មែរ​ម្នាក់ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ព្រោះ​ភ្ញៀវ​ទាំងនោះ ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​ដែល​ជិះ​យន្តហោះ​ជាមួយ​បុរស​ចិន​ទីមួយ​ដែល​ក្រសួងសុខាភិបាល​បញ្ជាក់​ពី​វត្តមាន​កូ​រ៉ូ​ណាវី​រុស នៅ​ខេត្ត​ព្រះសីហនុ​។​

«​គ្មាន​ករណីនេះ​ទេ ហើយ​ម៉ោង​នេះ ខ្ញុំ​កំពុង​នៅ​ប៉ាស៊ីហ្វិក អ្នកគ្រប់គ្រង​អូ​តែ​ល​នេះ កំពុង​រកមុខ​អ្នក​ចែកចាយ​ព័ត៌មាន​នោះ និង​ប្រកាស​ចង់​ប្ដឹង​»​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​នា​កាលៈទេសៈ​បច្ចុប្បន្ននេះ ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ កាន់តែ​មានការ​ផុសផុល​ទាក់ទង​នឹង​ករណី​កូ​រ៉ូ​ណាវី​រុស  ដែល​ធ្វើ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ល្បី​មួយរូប បាន​បង្ហោះ​វីដេអូ​ស្ត្រី​ម្នាក់​ដែលមាន​អា​ការៈមិន​ស្រួល ដោយ​ហ៊ាន​សន្និដ្ឋានថា អាច​បណ្តាលមកពី​កើត​កូ​រ៉ូ​ណាវី​រុស ប៉ុន្តែ​ក្រោយមក អ្នក​បង្ហោះ​បាន​លុប​វីដេអូ​ចេញ ហើយ​សុំទោស​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាងថា ស្ថាប័ន​របស់លោក​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ ហើយ​លោក​ស្នើ​ឲ្យ​ចូលរួម​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com