ជាតិ
មនុស្ស​ជាង​៧០​នាក់ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាមួយ​បុរស​ជនជាតិ​ចិនផ្ទុកវីរុសកូរ៉ូណា ពុំមាន​រោគសញ្ញា​​ទេ​
28, Jan 2020 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​ជាង​៧០​នាក់ ដែល​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​បុរស​ជនជាតិ​ចិន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នោះ មិនមាន​រោគសញ្ញា​អ្វី​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។


 
​លោក លី សូ​វ៉ាន់ បាន​បញ្ជាក់ថា ក្រុមមន្ត្រី​ជំនាញ​ក្រសួង បាន​ចុះ​ពិនិត្យ​លើ​សុខភាព​របស់​មនុស្ស​ជាង​៧០​នាក់​នេះហើយ  ប៉ុន្តែ​រក​មិន​ឃើញថា ពួកគេ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ឡើយ​។ បើតាមលោក លី សូវ៉ាន់ មន្ត្រីជំនាញបានចុះពិនិត្យសុខភាពអ្នកដំណើរទាំងនោះនៅតាមបណ្ដាខេត្តគោលដៅ ដែលពួកគេកំពុងស្នាក់នៅ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៨ មករា អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​រកឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ រហូត​ពេលនេះ ម៉ោង​២៖៤៩​រសៀល នេះ​យើង​បាន​ពិនិត្យ​ពួកគេ​ដោយ​អ្នកខ្លះ​នៅ​បាត់ដំបង នៅ​សៀមរាប​ជាដើម  ដោយ​រក​ពុំ​ឃើញ​មាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅឡើយ »​។​
 
​បើតាម​លោក លី សូ​វ៉ាន់ ក្រសួង​នឹង​បន្ត​តាមដាន​សុខភាព​មនុស្ស​ទាំង​៧០​នាក់​ទៀត​។ «​យើង​នឹង​តាមដាន និង​ទាក់ទង​ទៅ​គាត់ ដើម្បី​សុំ​ពិនិត្យ​សុខភាព​គាត់​ទៀត​។ ហើយ​បើ​ពួកគេ​មាន​រោគសញ្ញា​មិន​ស្រួលខ្លួន​នោះ យើង​ក៏​ប្រាប់​ពួកគាត់​ឱ្យ​ទាក់​មក​យើង​ភ្លាម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក លី សូ​វ៉ាន់​។​
 
​ដោយឡែក​ស្ថានភាព​សុខភាព​ជនជាតិ​ចិន ដែល​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នោះ មា​នស​ភាពល្អ​ធម្មតា​ទេ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ៖«​ស្ថានភាព​អ្នកជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ា​វីរុស​ប្រភេទ​ថ្មី គាត់​មាន​សុខភាព​ល្អ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេ »​។​
 
​នៅពេល​សួរថា តើ​មន្ត្រី​សុខាភិបាល អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ជាសះស្បើយ​ដែរ​ទេ ខណៈ​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​? លោក លី សូ​វ៉ាន់ បាន​តប​វិញ​ថា ក្រុមមន្ត្រី​ជំនាញ​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​នេះ​តាម​បច្ចេកទេស ខណៈ​គ្មាន​ឱសថ​សម្រាប់​ព្យាបាល​ឡើយ ដោយសារ​វា​ជា​ប្រភេទ​ជំងឺ​ថ្មី​។​
 
​និយាយ​ដល់​ចំណុច​នេះ​លោក លី សូ​វ៉ាន់ ក៏បាន​លើក​បទពិសោធន៍​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ SARS នៅ​ឆ្នាំ​២០០៣, ជំងឺ​ពងបែក​ដៃជើង ឆ្នាំ​២០១២ ជំងឺ​ផ្ដាស​សាយ​បក្សី H5N1 ឆ្នាំ​២០១៤-២០១៥ និង​ជំងឺ​រលាក​ផ្លូវដង្ហើម MERS ឆ្នាំ​២០១៥ ជាដើម​។​

​ទីក្រុង​វូ​ហាន គឺជា​ប្រភពដើម​នៃ​ការផ្ទុះ​មេរោគ​ប្រភេទ​ថ្មី​ម្យ៉ាង ហៅថា មេរោគ​កូ​រ៉ូ​ណា ដែល​អាច​បង្ក​ទៅជា​ជំងឺ​រលាក​សួត​។ មេរោគ​នេះ ចាប់​ផ្ទុះ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា បាន​កើន​ឡើងដល់​ជាង​១០៦​នាក់​ហើយ ខណៈ​អ្នក​ជំងឺបាន​កើន​ឡើងដល់​ជាង៤​ពាន់​នាក់​នៅក្នុង​ប្រទេស​ចិន​។​
 
​មេរោគ​ប្រភេទ​ថ្មី​ដ៏​គួរ​ខ្លាច ដែល​មិនទាន់មាន​វ៉ាក់សាំង​ពារ​ពារ​នេះ បាន​រាលដាល​ទៅដល់​បណ្តាល​ប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហ​បុរី បារាំង និង​ណេ​ប៉ាល់​, ម៉ា​កាវ​, ហុងកុង​, និង តៃវ៉ាន់ ជាដើម តែ​ពុំមាន​អ្នក​បាត់​បង់ជីវិត​ឡើយ ក្រៅតែពី​នៅ​ប្រទេស​ចិន​៕
 
 
 

Tag:
 លី សុ​វ៉ាន់​
  កូ​រ៉ូ​ណាវី​រុស​
  Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com