អន្តរជាតិ
លោក ប្រា​យុទ្ធ ធានាថា រដ្ឋាភិបាល​គ្រប់គ្រង​ស្ថានការណ៍​កូ​រ៉ូ​ណា​វីរុស​បាន​១០០​ភាគរយ​
28, Jan 2020 , 8:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
ដោយ:
​រដ្ឋាភិបាល​ថៃ បានផ្តល់​ការធានា​ជូន​ពលរដ្ឋ​ថៃ​ថា អាជ្ញាធរ​ថៃ មាន​សមត្ថភាព​រាំងខ្ទប់​ទាំងស្រុង​នូវ​ការផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស ខណៈ​ខ្លួន​កំពុង​រឹតបន្ដឹង​ការតាមដាន និង​វាយតម្លៃ​លើ​ស្ថានភាព​ការឆ្លង​វីរុស​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​កាលពី​ថ្ងៃ​ចន្ទ ២៧ ខែមករា​។ រំលង​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការអះអាង​នេះ មន្ត្រី​សុខាភិបាល​ថៃ នៅ​រសៀល​ថ្ងៃ​២៨ មករា បានប្រកាសថា​រកឃើញ​ការឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​នេះ ៦ ករណី​ថ្មី​ផ្សេងទៀត ខណៈ​សរុបទៅ គឺមាន ១៤​ករណី​ហើយ​ក្នុងប្រទេស​ថៃ​។​

 
«​រដ្ឋាភិបាល គ្រប់គ្រង​ស្ថានការណ៍ (​កូ​រ៉ូ​ណាវី​រុស​) នេះ​បាន​១០០​ភាគរយ​»​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​បែបនេះ​ក្នុង​កញ្ចក់​ទូរទស្សន៍ ដើម្បី​ជូនដំណឹង​ដល់​ប្រជាជន​ថៃ កាលពី​ថ្ងៃ​ចន្ទ ២៧ ខែមករា ហើយ​ក៏មាន​គោលដៅ​ប​ន្ថូ​រ​បន្ថយ​ក​ខ្វល់​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បញ្ជាក់ថា ចំណាត់ការ​បង្ការ​ទុកជាមុន​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ថៃ គឺ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ហើយ​ការប្រើ​ឧបករណ៍​ឆ្លុះ​មើល​អ្នកដំណើរ​អន្តរជាតិ​គឺមាន​ប្រសិទ្ធភាព​។ មេដឹកនាំ​ថៃ​រូបនេះ សង្កត់ធ្ងន់​ទៀតថា មនុស្ស​៥​នាក់​ក្នុងចំណោម​៨​នាក់​ដែល​រកឃើញថា​ឆ្លង​វីរុស​នេះ បានជា​សះស្បើយ ហើយ​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នក​ដទៃទៀត កំពុង​សម្រាក​ព្យាបាល​ដោយ​យកចិត្តទុកដាក់​បំផុត​។ 


 
​ម្យ៉ាងទៀត ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រសួង​សុខភាព​សាធារណៈ បាន​ដំឡើង​ប្រតិបត្តិការ​អាសន្ន​សុខភាព​សាធារណៈ​របស់ខ្លួន​ទៅ​កម្រិត​ទី​៣ ហើយ​នោះ​គឺ កម្រិត​ខ្ពស់បំផុត ។ គោលដៅ​គឺ​ដើម្បី​ធានាថា សហគមន៍​ទូទាំងប្រទេស ក៏ដូចជា មន្ទីរពេទ្យ និង​ព្រលានយន្តហោះ អាចឆ្លើយតប​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ឡើង​កូ​រ៉ូ​ណាវី​រុស​។ 
 
​ទន្ទឹមនឹង​ការពង្រឹង​ប្រតិបត្តិការ​អាសន្ន​ស​សុខ​ភាព​សាធារណៈ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ក្នុងការ​ផ្តល់នូវ​ការពិត​ស្តីពី​ការផ្ទុះ​ឡើង​នៃ​វីរុស ដោយ​មិន​មានការ​លាក់បាំង​អ្វី​ឡើយ​។ លោក បន្ថែមថា ប្រព័ន្ធ​សុខាភិបាល​និង​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ត្រួតពិនិត្យ​និង​ការពារ​ការផ្ទុះ​ជំងឺឆ្លង​ធំ ៗ​។​
 
​ទោះបីជា​មានការ​អះអាង​ធានា​ពី​ការគ្រប់គ្រង​ស្ថានការណ៍​ការឆ្លង​ទាំងស្រុង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ថៃ​ក៏ដោយ​ក្ត៏ អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែមករា បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​៦​ករណី​ថ្មី​ផ្សេងទៀត​ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​មកពី​ប្រទេស​ចិន​។ តួលេខ​ថ្មី​នេះ បានធ្វើ​ឲ្យ​ករណី​ឆ្លង​ក្នុងប្រទេស​ថៃ​កើនឡើង​សរុប​ដល់ ១៤​ករណី ។ 
 
​ករណី​៥ កើត​លើ​មនុស្ស​អាយុ​ពី​៦ ទៅ​៧០​ឆ្នាំ ដែល​មកពី​ខេត្ត Hubei ជាមួយ​ក្រុមគ្រួសារ ហើយ​ករណី​មួយទៀត អ្នកជំងឺ​មកពី​ទីក្រុង Chonqing​។ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយករង​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង លោក Tanarak Plipat ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទូរទស្សន៍ Channel NewsAsia ៕



Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com