ជាតិ
សុខភាព
កូ​រ៉ូ​ណាវី​រុស​៖ សាលា​ខ្លះ​បិទទ្វារ​បណ្តោះអាសន្ន ខណៈ​សាលា​ជាច្រើន​ពង្រឹង​ការត្រួតពិនិត្យ​សុខភាព​អនាម័យ​
28, Jan 2020 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលារៀន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​សាលា​ឯកជន បាន​ផ្អាក​ដំណើរការ ខណៈ​សាលារៀន​ខ្លះទៀត បាន​រឹតបន្តឹង​ការត្រួតពិនិត្យ​សុខភាព​សិស្ស ដោយសារ​ព្រួយបារម្ភ​ពី​ស្ថានភាព​មេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ កូ​រ៉ូ​ណាវី​រុស រាលដាល​ឆ្លង​ដល់​សិស្ស​។ កម្ពុជា​បានប្រកាស​រកឃើញ​កូ​រ៉ូ​ណាវី​រុស​១​ករណី លើ​បុរស​ជនជាតិ​ចិន អាយុ​៦០​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ពី​ខេត្ត​វូ​ហាន​នៃ​ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៧​មករា ឆ្នាំ​២០២០​។​



សាលា​អន្តរជាតិ​អា​ប៊ែ​ន​ឌែ​ន​ឡៃ  បានសម្រេច​ផ្អាក​ដំណើរការ​សិក្សា​ចំនួន​៤​ថ្ងៃ  គឺ​ចាប់ពី​ថ្ងៃទី​២៨​ដល់​៣១​មករា ទើប​អាចឱ្យ​សិស្ស​ចូលរៀន​ធម្មតា​វិញ នៅ​ថ្ងៃទី​១ កុម្ភៈ​។ បុគ្គលិក​ផ្នែក​រដ្ឋបាល​មួយរូប​នៃ​សាលា​អន្តរជាតិ​អា​ប៊ែ​ន​ឌែ​ន​ឡៃ​នេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា  មូលហេតុ​នៃ​ការឈប់​សម្រាក​នេះ​ដោយសារ​បារម្ភ​ពី​ហានិភ័យ​នៃ​មេរោគ​កូ​រ៉ូ​ណា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។  
 
​បុគ្គលិក​ដដែល​រូបនេះ​បាន​បន្ត​ដូច្នេះ​ថា​៖«​ការឈប់​សម្រាក​នេះ​គឺ​សាលា​ទុក​រយៈពេល​ត្រៀម​សម្ភារៈ និង​វិធាន​ការការពារ​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​មកដល់​ខ្មែរ​ហើយ​នោះ​។ រហូតដល់​ថ្ងៃ​ចូលរៀន​ធម្មតា​វិញ​សាលារៀន​នឹង​ផ្តល់​ម៉ាស សាប៊ូ និង​អាកុល ដល់​សិស្ស និង​បង្កើន​ការត្រួតពិនិត្យ និង​តាមដាន​សុខភាព សិស្ស ដើម្បី​ទប់ស្កាត់​នៃ​ការឆ្លង​មេរោគ​នេះ​»​។ 
 
​ទន្ទឹមនឹង​សាលាបង្រៀន​ខ្លះ​បិទទ្វា​នោះ ប៉ុន្តែ​ក៏​នៅមាន​សាលារៀន​ផ្សេងទៀត កំពុង​អនុវត្ត​នូវ​ធានា​ការ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុងការ​បង្ការ និង​ទប់ស្កាត់​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ដល់​សិស្ស​ផងដែរ​។ ជាក់ស្ដែង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានរៀបចំ​ឱ្យ​សិស្ស​ពាក់​ម៉ាស់ ,​លាងដៃ​ជាមួយ​សាប៊ូ និង​អាល់កុល រួច​ទាំង​ត្រៀម​សម្ភារៈ​វាស់​កម្តៅ​សិស្ស​ជាដើម​។  ដោយឡែក​សាលារៀន​ជំនាន់​ថ្មី​, សាលា​អន្តរជាតិ​ខេន​រីដ​, សាលា​អន្តរជាតិ អាមេរិកាំង​ប៉ាស៊ីហ្វិក និង​សាលា​អន្តរជាតិ ជី​នៀ​ស ក៏​ឱ្យ​សិស្ស​អនុវត្ត​បែបនេះ​ដែរ​។ 
 
​នៅ​ភ្នំពេញ​មាន​សាលារៀន​ឯកជន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​បាន​ផ្អាក​ដំណើរការ​សាលារៀន​របស់ខ្លួន ដោយសារ​បារម្ភ​ពី​សា្ថ​នភា​ពនៃ​ការ​រាលដាល​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នេះ​។ ហើយ​ក្រសួង​មិនមាន​ទិន្នន័យ​នៃ​សាលារៀន​បិទទ្វារ​បណ្តោះអាសន្ន​ឡើយ​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ ថា ក្រសួង​បាន​សេចក្តីណែនាំ​សាជាថ្មី​ម្តងទៀត ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទាំងអស់​ឱ្យចូល​រួម​ចាត់វិធានការ​ការពារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​(2019-nCoV) នេះ​។ ក្រសួង​អប់រំ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក និង​សិស្សានុសិស្ស ពាក់​ម៉ាស​ការពារ​ជាប្រចាំ ដោយមាន​ការវាស់ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួន​មុនពេល​ចូលរៀន​ជាដើម​។ ដោយឡែក​នៅតាម​សាលារៀន​នីមួយៗ ក៏មាន​ដាក់​អាកុល សាប៊ូ សម្រាប់​សិស្ស​លាងដៃ ឱ្យបាន​ទៀងទាត់ និង​ញឹកញាប់​ជាប្រចាំ ពិសេស​មុនពេល​បរិភោគ​អាហារ ឬ​ក្រោយពេល​ប៉ះពាល់​អ្វីដែល​កខ្វក់ ព្រមទាំង​មានការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត សុវត្ថិភាព​ចំណីអាហារ មិនគួរ​ទៅកាន់​កន្លែង​ណា​ដែលមាន​មនុស្ស​អ៊ូអរ​ពេក ព្រមទាំង​បរិភោគ​ទឹក​ឱ្យបាន​ច្រើន​។​
 
​សូមជម្រាបថា កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ដែលមាន​ប្រភពពី​ទីក្រុង វូ​ហាន (Wuhan) នៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយ​បាន​បន្ត​រាតត្បាត​ដល់​ប្រទេស​និង​តំបន់​ចំនួន​១៨ ដែលមាន​ជាង​៤០០០​ករណី​នៃ​អ្នក​ឆ្លង​មេរោគ​នេះ នៅ​ជុំវិញ​ពិភពលោក​។ កម្ពុ​ជាមាន​មួយ​ករណី ដែល​បាន​រកឃើញ​លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ ដោយបាន​ដំណើរ​ពី​ទីក្រុង​វូ​ហាន ផ្ទាល់​តែម្តង​។ 
 
​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៨​មករា​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ជា​ជំងឺ​រលាក​សួត បាន​ហក់​ឡើងដល់​១០៦ នាក់​ហើយ​៕
 
​ប្រភព​រូបថត​៖ ក្រសួង​អប់រំ យុវជន និង​កីឡា 









Tag:
 មេរោគ​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com