អន្តរជាតិ
​កូ​រ៉ូ​ណាវី​រុស​៖ ករណី​២​ទៀត​នៅ​ជប៉ុន ក្នុងនោះ​មាន​ម្នាក់​ជា​អ្នកបើករថយន្ត​ដឹក​ភ្ញៀវ​
28, Jan 2020 , 5:18 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato (AFP)
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato (AFP)
ដោយ:
​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​អង្គារ ២៨ ខែមករា បាន​បញ្ជាក់ថា​រកឃើញ​ករណី​ឆ្លង​២​ថ្មី​ទៀត ក្នុងប្រទេស​ជប៉ុន ដែល​ក្នុងនោះ ម្នាក់​គឺជា​អ្នកបើកបរ​រថយន្ត ដែល​ពុំ​ធ្លាប់មាន​ប្រវត្តិ​ទៅកាន់​ទីក្រុង​វូ​ហាន សោះ​។ ទីក្រុង វូ​ហាន គឺជា​សម្បុក​នៃ​ការផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស​។ ការរកឃើញ​ថ្មី​នេះ បានធ្វើ​ឲ្យ​តួលេខ​សរុប​នៃ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ក្នុងប្រទេស​ជប៉ុន បាន​កើន​ឡើងដល់ ៦ ករណី​ហើយ​។

 
​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន លោក Katsunobu Kato បានបញ្ជាក់​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ក្រុង​ដែលមាន​វ័យ​៦០​ឆ្នាំ​ប្លាយ បាន​ដឹក​អ្នកទេសចរ​ជនជាតិ​ចិន​ចំនួន ២ ក្រុម ដែល​មកពី​ទីក្រុង វូ​ហាន កាលពីដើម​ខែមករា​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo  បុរស​ជា​អ្នកបើកបរ​រូបនេះ ដែល​មកពី​តំបន់  Nara ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន បាន​រកឃើញថា​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមករា  ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​នោះ​តែម្តង​។ 
 
​ចំណែក​ករណី​ថ្មី​មួយទៀត​ដែល​បាន​រកឃើញថា​ឆ្លង​កូ​រ៉ូ​ណាវី​រុស គឺ​បុរស​វ័យ​៤០​ឆ្នាំ​ប្លាយ​ម្នាក់ មកពី​ទីក្រុង Wuhan ដែល​បានមក​ស្នាក់នៅ​ប្រទេស​ជប៉ុន តាំងពី​ថ្ងៃទី ២០ ខែមករា មកម្ល៉េះ​។ ហើយ​ក្រោយមក លោក​បាន​រកឃើញថា​មាន​ជំងឺ​រលាក​សួត​នេះ​ផងដែរ​។ 
 
​បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​ជប៉ុន បាន​អះអាងថា ខ្លួន​កំពុង​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ថ្មី​ទាំងពីរ​នាក់​នេះ​៕ 

Tag:
 ជប៉ុន​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com