សង្គមអន្តរជាតិ​
អន្តរជាតិ
​ក្រុង​វៀងចន្ទន៍​រៀបចំ​សេចក្តីព្រាងច្បាប់​ដើម្បី​បង្ក្រាប​ការបំពុល​ដោយ​សំឡេង​
29, Jan 2020 , 8:29 am        
រូបភាព
រូបថត Laotian Times
រូបថត Laotian Times
ដោយ: ធីតា
​អាជ្ញាធរ​វៀងចន្ទន៍រ​បស់​ឡាវ បាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ក្នុង​គោលដៅ​លុបបំបាត់​ការបំពុល​ដោយ​សំឡេង​នៅក្នុង​ទីក្រុង ដែល​បច្ចុប្បន្ន អាជ្ញាធរ​ទទួលបាន​ពាក្យបណ្តឹង​ជាច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Laotian Times​។​


 
​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ផ្តោតលើ​ការចែក​ថ្នាក់​ពាក់ព័ន្ធ​នឹង​កត្តា​បំពុល​ដោយ​សំឡេង ដែល​កំពុង​បង្កបញ្ហា​ក្នុងសង្គម ជាពិសេស​វា​ជា​ប្រភព​ដ៏​សែន​រំខាន​សម្រាប់​ប្រជាពលរដ្ឋ​នាពេល​រាត្រី​។​
 
​លោកស្រី Vilayvone Chanthalaty ប្រធាន​នាយកដ្ឋាន​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ក្រុង​វៀងចន្ទន៍  បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប់​នេះ ជា​ដំណាក់កាល​យ៉ាងសំខាន់​សម្រាប់​វៀងចន្ទន៍​ដើម្បី​ក្លាយខ្លួនជា​ក្រុង​ដែល​ប្រកបដោយ​ផាសុកភាព​»​។​
 
​បើតាម​ការពិភាក្សា ការបំពុល​ដោយ​សំឡេង ជា​ប្រភេទ​សំឡេង​រំខាន​ដែល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពោលគឺ​ផ្លូវ​អារម្មណ៍​។ កត្តា​ទាំងនោះ អាច​បង្កឡើង​ដោយ​តន្ត្រី ធុងបាស់ ដែល​ចេញពី​កន្លែង​កម្សាន្ត ភោជនីយដ្ឋាន រោងចក្រ​សហគ្រាស យានយន្ត​កែច្នៃ ក៏ដូចជា​សំឡេង​នា​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិ​ធិ​ជប់លៀង​ផ្សេងៗ​។​
 
​បើតាម The Laotian Times សំឡេង​ដែល​បង្កដោយ​សត្វ​ចិញ្ចឹម ក៏​អាចជា​ប្រភព​មួយ​នៃ​ការបំពុល​ដោយ​សំឡេង​ផងដែរ​។ សេចក្តីព្រាងច្បាប់​នោះ មាន​៦​ជំពូក និង​៣២​មាត្រា​។ នៅពេល​ចូល​ជា​ធរមាន ពលរដ្ឋ​អាចដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ក្នុងករណី​មានការ​បំពុល​ដោយ​សំឡេង​ណាមួយ​៕

Tag:
 ឡាវ​
  បំពុល​ដោយ​សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com