ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ចិន នឹង​ចរចា​ជុំ​ទី​២​អំពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​
28, Jan 2020 , 9:59 pm        
រូបភាព
រូបពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​ចិន មាន​គោលដៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដើម្បី​ជំរុញ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ ជាមួយគ្នា​។​


 
​នៅ​ថ្ងៃទី​២០-២១​ខែមករា​ឆ្នាំ​២០២០ កម្ពុជា និង​ចិន បាន​បើក​កិច្ចចរចា​នៃ​ក្រុមបច្ចេកទេស ជា​លើកដំបូង ឬ​ជុំ​ទី​១ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ នៅ​ទីក្រុង​ប៉េកាំង​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម គឺជា​អ្នកដឹកនាំ​ក្រុមការងារ​ចរចា​នេះ​សម្រាប់​ភាគី​កម្ពុជា រីឯ​ភាគី​ចិន​ដឹកនាំ​ដោយ​លោក រេ​ន ហុង​ប៊ី​ន​(Ren Hongbin) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ប្រធាន​ក្រុម​ចរចារ​នៃ​ប្រទេស​ទាំងពីរ បានកត់សម្គាល់​ពី​លទ្ធផល​ជា​វិជ្ជមាន​របស់​ក្រុមការងារ​ចរចា​ទាំង​១០​ក្រុម ដោយបាន​ផ្លាស់ប្ដូរ​មតិ និង​គោលជំហរ​ទៅវិញទៅមក ព្រមទាំង​បាន​ឯកភាព​លើ​មាត្រា​មួយចំនួន​នៅក្នុង​ជុំ​ចរចា​ទី​១​នេះ​ផងដែរ​។​
 
​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ​នឹង​ជំរុញ​ឲ្យ​បាន​កាន់តែ​ឆាប់​នូវ​ការលើកឡើង​សំណើ​ផ្សេងៗ តាម​ក្រុមការងារ​នីមួយៗ សំដៅ​ឈានទៅរក​ការឯកភាព​លើ​កិច្ចព្រមព្រៀង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ជាមួយ​គា្ន​នោះដែរ ប្រធាន​ក្រុម​ចរចា បាន​ឯកភាព​ជំរុញ​កិច្ច​ពិគ្រោះ​យោបល់ និង​សម្របសម្រួល​ក្នុងប្រទេស​រៀងខ្លួន ឲ្យ​បាន​មុន​ជុំ​ទី​២​នៃ​ការចរចា​»​។​
 
​ក្រសួង​អះអាងថា កិច្ចចរចា​ជុំ​ទី​២ គ្រោង​នឹងធ្វើ​នៅ​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​។ គួរ​បញ្ជាក់ថា ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដែល​កំពុងដំណើរការ​នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ចិន កាលពី​ជំនួប​ទ្វេភាគី​ក្នុង​ខែមករា​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។ គម្រោង​បង្កើត​កិច្ច​ព្រម​ព្រម​នេះ មាន​គោលដៅ​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ រវាង​ប្រទេស​ទាំងពីរ សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ទំហំ​ដោះដូរ​ទំនិញ​និង​សេវា​សរុប ១០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ ៕
 

Tag:
 កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com