ជាតិ
សង្គមជាតិ
មាន​អ្នកលក់​ម៉ាស់​ថ្លៃ តែ​ក៏មាន​ពលរដ្ឋ​ខ្មែរ​ចិត្តធម៌ ដើរ​ចែក​ម៉ាស់​ដោយ​ឥតគិតថ្លៃ​ដែរ​
28, Jan 2020 , 10:39 pm        
រូបភាព
កញ្ញា អាន ស្រីល័ក្ខ ត្រៀមម៉ាស់ ទុកដើរចែកមុខវាំង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០
កញ្ញា អាន ស្រីល័ក្ខ ត្រៀមម៉ាស់ ទុកដើរចែកមុខវាំង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ ក្រោយ​កម្ពុ​ជាមាន​កូ​រ៉ូ​ណាវី​រុស​កើតឡើង​មួយ​ករណី​ទៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​មក​កម្សាន្ត​លេង​នៅ​ខេត្ត​ព្រះសីហនុ កម្ពុជា​រឹតតែ​មានការ​ព្រួយបារម្ភ និង​មានការ​តាមដាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​ច្រកព្រំដែន និង​តាម​អាកាសយានដ្ឋាន​នានា​។ ស្ថានភាព​គួរ​បារម្ភ​នេះ ជំរុញ​ឲ្យ​ទីផ្សារ​ម៉ាស់​កាន់​តែមាន​តម្រូវការ និង​ឡើងថ្លៃ​ដែល​ពលរដ្ឋ​ខ្លះ​ត្អួ​យ​ត្អែ​រថា​គ្មាន​លទ្ធភាព​សម្រាប់​ទិញ​ម៉ាស់​ប្រើប្រាស់​ឡើយ​។ ដោយសារ​ស្ថានភាព​នេះ ស្ថាប័នរដ្ឋ និង​ពលរដ្ឋ​មួយចំនួន បាន​ចែក​ម៉ាស់​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវការ​។


 
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ហួសចិត្ត ក្រោយ​ទិញ​ម៉ាស់​ពី​ផ្សារ ឬ​ពី​ឱសថស្ថាន​នានា ដោយ​តម្លៃ​លើសពី​តម្លៃ​លក់​ធម្មតា​ដល់​ទៅ​៤​ទៅ​៥​ដង​។ អ្នកខ្លះ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា តម្លៃ​ម៉ាស់​ឡើងថ្លៃ​ហួសហេតុ​ពេក​ហើយ ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទិញ​។ មនុស្ស​មួយចំនួន​បាន​ក្លាយជា​អាជីវករ​លក់​ម៉ាស់​។ 
 
​ដោយ​ឃើញ​សារ​ហួសចិត្ត​ពី​តម្លៃ​ឡើងថ្លៃ​បែបនេះ អ្នកខ្លះ​បាន​ដាច់ចិត្ត​លក់​ក្នុងតម្លៃ​សមរម្យ ហើយ​មាន​ស្ថាប័ន​មួយចំនួន បាន​ចំណាយ​ថវិកា​របស់ខ្លួន ដោយ​ទិញ​ម៉ាស់​រាប់រយ​ប្រអប់​សម្រាប់​ទុក​ចែកជូន​ដល់​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ 
 
​កញ្ញា អាន ស្រី​ល័​ក្ខ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ann Sreyleak បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ថ្ងៃទី​២៩ ខែមករា  ឆ្នាំ​២០២០ កញ្ញា នឹង​ចុះ​ចែក​ម៉ាស់​ចំនួន​១​ពាន់ និង​សាប៊ូ​លាងដៃ​ចំនួន​៣០០​ដប នៅមុខ​ព្រះបរមរាជវាំង​។ កញ្ញា អាន ស្រី​ល័​ក្ខ យល់ថា ខ្លួន​ជា​កូន​ខ្មែរ​ដូចគ្នា ត្រូវតែ​ចេះ​យកអាសា​គ្នា​ពេល​មាន​អាសន្ន​កើតឡើង និង​រួមគ្នា​ការពារ និង​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​រាលដាល ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាជន​កម្ពុជា​។​
 
​កញ្ញា អាន ស្រី​ល័​ក្ខ បាន​បញ្ជាក់ថា កញ្ញា បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជិត​២០០​ដុល្លារ​សម្រាប់​ទិញ​ម៉ាស់ និង​សាប៊ូ​លាងដៃ​។ កញ្ញា និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ដោយសារ​ម៉ាស់​ឡើងថ្លៃ​ពេក ហើយ​ពលរដ្ឋ​មួយចំនួន​មាន​ជីវភាព​ខ្វះខាត រួមទាំង​គាត់​ខ្វះ​ព័ត៌មាន​ផង អាច​នឹង​គាត់​មានការ​ធ្វេសប្រហែស ទើប​ខ្ញុំ​ចង់​ចែកជូន​ពួកគាត់ ដើម្បី​ការពារ​ខ្លួន​។ ម្យ៉ាងទៀត​ចង់​សាបព្រោះ​វប្បធម៌​ចែករំលែក​ផង បើទោះបី​បន្តិចបន្តួច​ក៏ដោយ​»​។  
 
​ចំណែក លោក លី ប៊ុនឆៃ អគ្គនាយករង​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​បង្ហោះ​សារ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក នឹង​ចែកជូន​ម៉ាស់​ចំនួន​៦​ម៉ឺន ដល់​បុគ្គលិក​សាលារៀន លោកគ្រូ​-​អ្នកគ្រូ​ជាង​២​ពាន់​នាក់ និង​សិស្សានុសិស្ស​៥​ម៉ឺន​នាក់ ដែល​កំពុងតែ​សិក្សា​នៅតាម​បណ្តា​សាខា​សាលា​ប៊ែ​ល​ធី​ទាំង​២០​សាខា  ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​។ 
 
​កាលពី​ថ្ងៃទី ២៦ ខែមករា លោក ទៀ គី​ឡេង ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា បាន​ចុះ​ចែក​ម៉ាស់​ចំនួន​៣​ម៉ឺន​ម៉ាស់​ជាមួយនឹង​ក្រុមការងារ ដល់​ភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ភ្ញៀវទេសចរ​ចិន ទៅតាម​គោលដៅ​៤​សំខាន់ៗ រួមមាន ព្រលានយន្តហោះ អតីត​កន្លែង​ពិនិត្យ​សំបុត្រ​ចាស់​នៅ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល កន្លែង​ពិនិត្យ​សំបុត្រ​នៅមុខ​ប្រាសាទអង្គរវត្ត និង កន្លែង​ពិនិត្យ​សំបុត្រ​ផ្លូវ​៦០​ម៉ែត្រ​ផ្លូវកែង​ឆ្ពោះទៅ​ប្រាសាទក្រវ៉ាន់ ដើម្បី​ត្រៀម​ឲ្យ​ភ្ញៀវទេសចរ​ការពារ​ពី​កូ​រ៉ូ​ណាវី​រុស ដែលជា​វីរុស មិនទាន់មាន​វ៉ាក់សាំង​ការពារ​។  
 
​នៅ​ថ្ងៃ​ថ្ងៃទី​២៧​និង​២៨ ខែមករា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ចែក​ម៉ាស់​ចំនួន​១​លាន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​។ 
 
​រីឯ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​ប្រជាជន​កម្ពុជា បាន​ចុះ​ចែក​ម៉ាស់​ចំនួន​២,៥​ពាន់​ម៉ាស់ ដែល​ទទួលបាន​ពី​សប្បុរសជន​នានា សម្រាប់​ចែកជូន​ដល់ក​ម្មករ​-​កម្មការិនី នៅតាម​រោងចក្រ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា​។ តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ពេជ្រ ស្រស់ ព្យាយាម​ពន្យល់​ដល់ក​ម្មករ​រោងចក្រ ឲ្យ​ឧស្សាហ៍​សំអាត​ដៃ និង​ពាក់​ម៉ាស់​ជាប្រចាំ​ទាំង​នៅក្នុង​រោងចក្រ និង​ទៅ​ទីសាធារណៈ​។ ជាពិសេស លោក បាន​ផ្តែផ្តាំ​ឲ្យ​កម្មករ​ជៀសវាង​សិ្ន​ទ្ធ​ស្នាល​ជាមួយនឹង​ជនជាតិ​ចិន នៅពេលដែល​សង្ស័យថា​ពួកគេ​មាន​អាការ​មិន​ស្រួល​។ 
 
​ដោយឡែក កញ្ញា ទ្រី ដា​ណា តារាចម្រៀង​សម័យថ្មី ក៏បាន​យក​ម៉ាស់​រាប់ពាន់​ទៅ​ចែកជូន​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​២៨ ខែមករា​។ លើសពីនេះ កញ្ញា ទ្រី ដា​ណា បានប្រកាសថា បើ​ពលរដ្ឋ​ណា​ត្រូវការ​ម៉ាស់ អាច​ទៅ​ទទួល​នៅ​កន្លែង​របស់​កញ្ញា ដែល​ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ដោយ​ឥតគិតថ្លៃ​។ 
 
​តារាចម្រៀង​រូបនេះ បាន​បង្ហោះ​សារ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖«​លឺថា​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដែល​កំពុង​រាលដាល​នៅ​ចិន មកដល់​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យខ្លាច​ដែរ ប៉ុន្តែ​បើ​នៅ​ស្ងៀម​មិន​បានទេ ត្រូវ​ជួយ​គ្នា​ការពារ ទើប​សុខ​ទាំងអស់គ្នា​។ បងប្អូន ត្រូវ​ពាក់​ម៉ាស ពេលចេញ​ទៅណា​ឆ្ងាយ ឬ​ទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ ជាពិសេស​តំបន់​ដែលមាន​ភ្ញៀវ​អន្តរជាតិ​ឆ្លងកាត់​ច្រើន​។ ត្រូវ​លាង​សម្អាត​ដៃ​ជានិច្ច ព្រោះ​វា​អាច​តោង​តាម​ដៃ​យើង​ដែរ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ មនុស្ស​ដែល​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​រហូតដល់​ជាង​១០០​នាក់​ហើយ នៅក្នុង​ប្រទេស​ចិន ហើយ​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​នេះ បាន​កើន​ដល់​ជិត​៣​ពាន់​នាក់ នៅ​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស​
 ​ម៉ាស់​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com