ជាតិ
អគ្គិភ័យនៅ «ភ្នំដោះក្រមុំ » ក្នុងស្រុកសំឡូត មិនបានរាលដាលធ្ងន់ធ្ងរឡើយ
× ភ្នំពេញ៖ នៅព្រលប់ម៉ោង ៧យប់ថ្ងៃទី២៨ មករានេះ មានអគ្គិភ័យឆាបឆេះ «ភ្នំដោះក្រមុំ ឬភ្នំវត្តតាសាញថ្មី» ដែលស្ថិតនៅក្រោយសាលាស្រុកសំឡូត ខេត្តបាត់ដំបង។ លោក សើ សាម៉េត អភិបាលស្រុកសំឡូត ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា មកដល់ពេលអាជ្ញាធរបានបាញ់ទឹកពន្លត់នៅជើងភ្នំ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងវត្តតាសាញថ្មី ដែលនៅទីនោះ។ បើតាមអភិបាលស្រុករូបនេះ អគ្គិភ័យនេះ បានឆេះរាលពីលើភ្នំមកក្រោម។
ករណីអគ្គិភ័យឆេះ «ភ្នំដោះក្រមុំ» ដែលមានឈ្មោះដូចភ្នំនៅមណ្ឌលគិរី ឬ «ភ្នំវត្តតាសាញថ្មី» មិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញភ្នំឡើយ។ រហូតមកដល់ពេលនេះ អគ្គិភ័យកំពុងឆេះនៅខាងលើភ្នំ ដោយអាជ្ញាធរបានបាញ់ទឹកការពារនៅផ្នែកខាងក្រោមភ្នំ។
លោក សើ សាម៉េត បញ្ជាក់យ៉ាងដូច្នេះ៖ «នៅស្រុក មានរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ហើយបាញ់ទឹកអស់ ៣គ្រឿង។ ដោយសារភ្លើងឆេះនៅលើភ្នំ យើងមិនអាចបាញ់ទឹកដល់ ដូច្នេះយើងបានបាញ់ការពារនៅខាងក្រោម កុំឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងសាលាស្រុកដែលនៅជិតនោះ»។ ទាក់ទងនឹងមូលហេតុដែលឆាបឆេះវិញ លោក សើ សាម៉េត អភិបាលស្រុកសំឡូត អះអាងថា ករណីបឋម តាមការសន្និដ្ឋាន គឺដោយសារការបោះកន្ទុយបារីរបស់ប្រជាពលរដ្ឋ។
បើតាមលោក សើ សាម៉េត ភ្នំនេះត្រូវបានភ្លើងឆេះជារៀងរាល់ឆ្នាំ។ លោក សើ សាម៉េត បន្ថែមថា ជារឿយៗ អាជ្ញាធរស្រុកសំឡូត បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះភ្លើងឆេះព្រៃនេះផងដែរ។ ការពន្លត់អគ្គិភ័យភ្នំនេះ មានការចូលរួមពីអភិបាលស្រុក និងអាជ្ញាធរមួយចំនួន៕
© រក្សាសិទ្ធិដោយ thmeythmey.com