សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង សុទ្ធតែកើនអ្នកជំងឺ ខណៈអ្នកស្លាប់នៅចិនមាន១៣១នាក់
29, Jan 2020 , 7:05 am        
រូបភាព
ដោយ:
គិត​ត្រឹមម៉ោង​៧ព្រឹក​ព្រឹក​ថ្ងៃ​ពុធ ២៩ ខែមករា ម៉ាឡេស៊ី បារាំង និង​អាល្លឺម៉ង់ បាន​រកឃើញ​ករណី​ឆ្លង​ជំងឺរលាកសួតបង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី​រៀងៗ​ខ្លួន​។



អត្ថបទទាក់ទង


៣​ករណី​ថ្មី​នៃ​ការឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស  បាន​រកឃើញ ៣ ថ្មី​ទៀត ក្នុងប្រទេស​ម៉ាឡេស៊ី​។ តួលេខ​ថ្មី​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ក្នុងប្រទេស​ម៉ាឡេស៊ី​កើន​ដល់​៧​នាក់​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ម៉ាឡេស៊ី បាន​អះអាងថា អ្នក​ឆ្លង​ទាំង​៧​នាក់​គឺ​សុទ្ធតែ​ជនជាតិ​ចិន ហើយ​ករណី​ថ្មី​៣​នេះ គឺ​រួមមាន ក្មេង​តូច​អាយុ ៤​ឆ្នាំ​, បុរស​អាយុ ៥២​ឆ្នាំ​ម្នាក់ និង​ស្ត្រី​ជា​ម្តាយ​ម្នាក់​។​

​ចំណែក នៅ​ប៉ែក​អឺរ៉ុប​វិញ មន្ត្រី​សុខាភិបាល​បារាំង បាន​អះអាង​ពី​ការរកឃើញ​ករណី​ទី​៤ ដែល​កើត​លើ​ទេសចរ​ចិន​ម្នាក់ អាយុប្រមាណ​៨០​ឆ្នាំ​។ បើតាម France24 អ្នកជំងឺ​នោះ មាន​ប្រភព​ខេត្ត Hubei ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​ទីក្រុង ប៉ារីស​។

​ដោយឡែក ក្រសួងសុខាភិបាល​អាល្លឺម៉ង់ បានបញ្ជាក់​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ចំនួន​៣​ថ្មី​ទៀត ដែល​បាន​រកឃើញ​ក្នុង​រដ្ឋ Bavaria ភាគខាងត្បូង​នៃ​ប្រទេស​។ តួលេខ​ថ្មី​បង្អស់​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​សរុប​ក្នុងប្រទេស​អាល្លឺម៉ង់​ឡើងដល់ ៤​នាក់​ហើយ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងចំណោម​អ្នកជំងឺ​ទាំង​៤​នាក់​នេះ (៣​នាក់​សុទ្ធតែ​ជនជាតិ​ចិន​) អ្នក​ឆ្លង​វីរុស​នេះ​ម្នាក់​គឺជា​ជនជាតិ​អាល្លឺម៉ង់ អាយុ ៣៣​ឆ្នាំ ដែល​ធ្លាក់ខ្លួន​ឈឺ​ក្រោយពី​បាន​ទៅ​រៀន​វគ្គ​ហ្វឹកហាត់​មួយ​ជាមួយ​សហការី​ជនជាតិ​ចិន កាលពី​ថ្ងៃ ២១ មករា កន្លងទៅ​៕​

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com