ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញុាំឆ្អែត ក៏​នៅតែ​ឮ​សំឡេង​កូរពោះ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
30, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​សំឡេង​កូរពោះ ឬ​សូរសំឡេង​លាន់ឮ​ក្នុង​ពោះ​សុទ្ធតែ​បណ្ដាលមកពី​ឃ្លាន​ឡើយ ក៏​ព្រោះ​ពេលខ្លះ​អ្នកទទួល​ទាន​ឆ្អែត​ហើយ​នៅតែ​អាច​ឮ​។ សំឡេង​ក្នុង​ពោះ​ដែល​ឮ​ខ្លាំង​និង​កើតមាន​ញឹកញាប់​ខុសធម្មតា​អាច​បណ្ដាលមកពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រពះ​ពោះវៀន​។ ពេលខ្លះ​ស្ត្រេ​ស បញ្ហា​ថប់​បារម្ភ អារម្មណ៍​អន្ទះសា រំភើប ឬ​តានតឹង​ក៏​អាច​បង្ក​ឱ្យឮ​សំឡេង​ក្នុង​ពោះ​ដែរ​។


 
​ទោះជា​យ៉ាងណា​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ទប់ទល់​បញ្ហា​ឮ​សំឡេង​ក្នុង​ពោះ ៖
 
១. ទទួលទាន​ទឹក​

​ពេលខ្លះ​សំឡេង​កូរពោះ ឬ​សូរសំឡេង​លាន់ឮ​ក្នុង​ពោះ​ជាស​ញ្ញា​មួយ​ដែល​ក្រពះ​ពោះវៀន​ដំណើរ​ការមិន​ស្រួល​។ វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ធានាបាន​ថា​ក្រពះ​និង​ពោះវៀន​ដំណើរការ​យ៉ាង​រលូន​នោះ គឺ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
២. ទទួលទាន​នំ​ស្រួយ​

​អ្នក​ក៏​អាច​ទទួលទាន​អាហារសម្រន់​ស្រាល​ដូចជា​នំ​ស្រួយ​ដើម្បី​បំបាត់​សំឡេង​កូរ​ក្នុង​ពោះ​ផងដែរ​។​
 
៣. សកម្ម​ជាង​មុន​

​វិធី​ដ៏​ប្រសើរ​បំផុត​មួយទៀត​ដើម្បី​ប្រាកដថា​ក្រពះ​និង​ពោះវៀន​ដំណើរការ​ប្រក្រតី គឺ​រាងកាយ​ត្រូវតែមាន​ភាព​សកម្ម ឬ​ធ្វើ​លំ​ហាត់ប្រាណ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​បំបាត់​សំឡេង​លាន់ឮ​ក្នុង​ពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ផងដែរ​។​
 
៤. ចៀសវាង​ទទួលទាន​កាហ្វេ​

​ការ​ទទួលទាន​កាហ្វេ ជាពិសេស​នៅពេល​មិនទាន់​ទទួលទាន​អ្វី​ផ្សេង​សោះ​អាច​បណ្ដាលឱ្យ​បញ្ហា​លាន់ឮ​សំឡេង​ក្នុង​ពោះ​កាន់តែ​អាក្រក់​ឡើង​។ នេះ​ក៏​ព្រោះតែ​កាហ្វេ​រំញោច​បង្កើន​ការ​កន្ត្រាក់​នៃ​ក្រពះ​ពោះវៀន​។ គ្រឿង​ស្រវឹង​ក៏​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​ផងដែរ​។​
 
៥. ស្ងប់​អារម្មណ៍​

​ដូច​បានលើកឡើង​ខាងលើ​រួចមកហើយ​បញ្ហា​ថប់​បារម្ភ​និង​ស្ត្រេ​ស​ក៏​អាច​បណ្ដាលឱ្យ​ក្រពះ​បញ្ចេញ​សំឡេង​រំខាន​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​សម្រួល​អារម្មណ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com