អន្តរជាតិ
ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ចិន កើន​លើស​ករណី​ឆ្លង SARS ហើយ​!
29, Jan 2020 , 9:41 am        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង។​រូបថត AFP
លោកប្រធានាធិបតីចិន ស៊ី ជិនភីង។​រូបថត AFP
​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ចិន បាន​កើន​ដល់​៥៩៧៤​ករណី​នៅ​ព្រឹក​នៅ​ថ្ងៃទី​២៩ ខែមករា ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការឆ្លង​វីរុស​នេះ កើន​លើសពី​ករណី​ឆ្លង​ជំងឺ SARS ដែល​ផ្ទុះ​នៅ​ឆ្នាំ​២០០៣ ទៅទៀត​។ ខណៈ​ក​រាតត្បាត​នៅ​បន្ត​កើនឡើង ករណី​ស្លាប់​ដោយ​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នេះ បាន​កើន​ដល់​១៣២​នាក់​ដែរ ហើយ​ភាគច្រើន​នៅ​ទីក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​វីរុស​នេះ​មុនគេ​។

 
​នៅ​ថ្ងៃទី​២៩ ខែមករា គណៈកម្មការ​សុខភាព​របស់​ចិន បាន​រាយការណ៍​ពី​ករណី​ឆ្លងៗ​ថ្មី​របស់​មេរោគ​កូ​រ៉ូ​ណា​ចំនួន​ច្រើនជាង​១៤០០​ករណី​ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ការឆ្លង​វីរុស​នេះ​កើន​ដល់​៥៩៧៤ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​។ ជិត​៦​ពាន់​ករណីនេះ បាន​បំបែក​កំណត់ត្រា​នៃ​ការឆ្លង​ជំងឺ SARS ដែល​អុកឡុក​ក្នុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៤ ។​
 
​បើ​បូក​បញ្ចូល​ករណី​ឆ្លង​ទាំង​នៅ​តៃវ៉ាន់ ហុងកុង ម៉ា​កាវ និង​ប្រទេស​ឯទៀត ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ កើន​លើស​៦​ពាន់​ករណី​ទៅហើយ​។ ប៉ុន្តែ​ករណី​ស្លាប់ នៅតែ​មាននៅ​ចិន​ប៉ុណ្ណោះ​។ នៅ​ថៃ អ្នកជំងឺ​មួយចំនួន ក៏ត្រូវ​រាយការណ៍​ថា បាន​សះស្បើយ​ផងដែរ​។ 
 
​អំឡុងពេល​ផ្ទុះ​ពេញបន្ទុក និង​រយៈពេល​ក្រោយៗ​មក ករណី​ឆ្លង SARS នៅ​ចិនដីគោក មាន​ចំនួន​៥៣២៧​ករណី​។ កាលនោះ មនុស្ស​ច្រើនជាង​៧៧០​នាក់ បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោក ហើយ​នៅ​ចិន​មាន​ករណី​ស្លាប់​ចំនួន​៣៤៩​នាក់​ផងដែរ​។ នេះ​បើតាម​ការផ្សាយរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ យ៉ាងណាមិញ អ្នកជំនាញ​ខ្លះ បាន​សរសើរ​ចិន​ដែល​បញ្ចេញ​ព័ត៌មាន​បាន​ទូលំទូលាយ​ទាក់ទង​កូ​រ៉ូ​ណា​វីរុស​នេះ បើ​ប្រៀបធៀប​នឹង​ករណី SARS ដែល​ផ្ទុះ​នៅ​ខេត្ត​គ័ង​តុង​។   
 
​ស្របពេល​ករណី​ឆ្លង​កើនឡើង​ឆាប់រហ័ស ជនបរទេស​ជាច្រើន ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​វូ​ហាន​។ អាមេរិក និង​ជប៉ុន បានរៀបចំ​យន្តហោះ​ដឹក​ជន​ខ្លួន​រាប់រយ​ចេញពី​ទីក្រុង​គ្រោះថ្នាក់​នេះ​។ នៅ​ថ្ងៃទី​២៩ ខែមករា យន្តហោះ​ដឹក​អ្នកដំណើរ​ជប៉ុន​ជាង​២០០​នាក់ បាន​ចាក​ចេញពី​វូ​ហាន ហើយ​ទៅដល់​ទឹកដី​ជប៉ុន​ដោយ​សុវត្ថិភាព​។ ជនជាតិ​ជប៉ុន​ប្រមាណ​៦៥០​នាក់​ទៀត ក៏មាន​បំណង​ចេញពី​វូ​ហាន​ផងដែរ​។ អាមេរិក​វិញ បាន​ដឹក​បុគ្គលិក​កុងស៊ុល និង​ពលរដ្ឋ​របស់ខ្លួន​ជាង​២០០​នាក់ ចេញពី​វូ​ហាន​ដែរ​។​
 
​អឺរ៉ុប​ឯណោះ​វិញ ក៏​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ផងដែរ ដោយ​ដឹក​តាម​យន្តហោះ​របស់​បារាំង ដែល​គ្រោង​ដឹក​ជនជាតិ​ខ្លួន​ចេញពី​វូ​ហាន​ក្នុង​សប្ដាហ៍​នេះ ខណៈ​កូរ៉េខាងត្បូង​ក៏​នឹង​ចាត់វិធានការ​ដូចគ្នា​ក្នុងពេល​នេះដែរ​។ ប្រទេស​ផ្សេងទៀត​មាន​ថៃ​ជាដើម ក៏​កំពុង​គិតគូរ​ចំណាត់ការ​ដូចគ្នានេះ​៕ 
 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស​
  SARS
© រក្សាសិទ្ធិដោយ thmeythmey.com