ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ក្រុងព្រះសីហនុ​បារម្ភ​ថា​ខាតបង់​អាជីវកម្ម ក្រោយ​រកឃើញ​ករណី​មេរោគ​កូ​រ៉ូ​ណា​
29, Jan 2020 , 1:39 pm        
រូបភាព
ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ Photo: AP
ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ Photo: AP
ដោយ: VOA
​ភ្នំពេញ ៖ មួយថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ប្រកាសថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​មួយ​ករណី ប្រជាពលរដ្ឋ​នៅ​ទីនោះ បារម្ភ​ថា ចំណូល​របស់​ពួកគេ​អាច​ធ្លាក់ចុះ ដោយសារ​ការធ្លាក់​នៃ​ចំនួន​ប្រជាពលរដ្ឋ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​កម្សាន្ត ធ្វើការ​និង​ចរាចរណ៍​ទៅមក​នៅ​ខេត្ត​នេះ​។​

 
​អ្នកស្រី អ៊ូច សុភ័ក្ត្រ វ័យ ៣០​ឆ្នាំ ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅលើ​ផ្លូវ​ឯករាជ្យ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​បាន​ប្រាប់ VOA ថ្ងៃ​អង្គារ​ព្រឹក​នេះ​ថា នៅតាម​ដងផ្លូវ​ក្បែរ​ហាង​កាហ្វេ​អ្នកស្រី​មាន​សភាព​ស្ងាត់​ជាង​រាល់ដង​។​
 
 
​អ្នកស្រី​ប្រាប់ VOA នៅ​ម៉ោង​បាយ​ថ្ងៃត្រង់​ថា​៖ «​ចា៎ ហាង​កាហ្វេ​ស្ងាត់​ហ្មង សូម្បី​ភ្ញៀវ​ម្នាក់​ក៏​អត់​មានមក​ហាង​ហ្មង​ណា​អូន អត់​ហ៊ាន​ចេញ​ដើរ​ហ្មង​មើលទៅ​។ ពីរ​ថ្ងៃ​ហើយ តាំងពី​ម្សិលមិញ​មក តែ​ថ្ងៃនេះ​គឺ​ខ្លាំង​ហ្មង អត់​មានអី​ម្នាក់​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​បើ​រាល់ដង​ភ្ញៀវ​នៅ​ហាង​បង យ៉ាងហោច​ក៏​១០​ទៅ​១៥​នាក់ ឬ​២០​នាក់​យ៉ាងតិច​»​។​
 
​អ្នកស្រី​បន្តថា «​ដឹង​តែ​ត្រៀម​ខាត​ហើយ​» ក្នុង​មួយរយៈ​ពេល ដែល​ការផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​នេះ ដរាបណា​គេ​ពុំទាន់​មាន​ដំណោះស្រាយ​។​
 
​អ្នកស្រី​និយាយថា​៖ «​ហ៊ឹម​...​មានតែ​តាម​ដំណើរ​អញ្ចឹង គ្រាន់តែ​ថា យើង​ត្រៀមៗ​ខាត​រយៈពេល​ប៉ុន្មាន​អញ្ចឹង​ណា​អូន​។ និយាយ​ទៅ​ខែ​ហ្នឹង​បង​គិតថា ប្រហែលជា​សូន្យ​ហើយ ត្រៀម​ខាត​ហ្មង​។ បងកា​រ៉ង់​ទី​[​ធានា​]​ថា​ខាត​មួយខែ ពីរ​ខែ ហ្នឹង​ចុះ​អូន បើ​បញ្ហា​អញ្ចឹង​»​។​
 
​អ្នកស្រី​ថា អាច​រកចំណូលបាន​ប្រមាណ​៤.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ហាង​កាហ្វេ​នេះ ក៏ប៉ុន្តែ​អ្នកស្រី​ត្រូវ​បង់ថ្លៃ​ជួល​ផ្ទះ​ពីរ​ល្វែង​អស់ ៣.០០០ ដុល្លារ​ក្នុង​មួយខែ ទៅ​ម្ចាស់​អ្នក​ជួល​ដែលជា​ជា​ជនជាតិ​ចិន​។​


បុគ្គលិកមន្ទីរពេទ្យកំពុងត្រួតពិនិត្យសមាជិកគ្រួសារដែលបានឆ្លងមេរោគកូរ៉ូណា ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Jinyintan នៅទីក្រុងវូហាន ខេត្តហ៊ូបេ។
 
​ករណី​ដំបូង​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ត្រូវបាន​រកឃើញ​នៅ​កម្ពុជា នៅ​ថ្ងៃទី ២៧​ខែមករា​។ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​ប្រភេទ​ថ្មី កើត​ឡើងលើ​ជនជាតិ​ចិន ធ្វើដំណើរ​ដោយ​ត្រង់​ពី​ទីក្រុង​វូ​ហាន (Wuhan) នៃ​ប្រទេស​ចិន មក​កម្ពុជា​តាម​ជើងហោះហើរ ពី​ទីក្រុង​វូ​ហាន មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​
 
​លោក ខូ​យ ឃន់ អាយុ​២៧​ឆ្នាំ ជា​គិលានុបដ្ឋាក​យិ​កា​នៃ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សុខសាន្ត បាន​ឲ្យ​ដឹងថា​ប្រជាជន​មួយចំនួន​មានការ​ភ័យខ្លាច​ក្រោយ​ដឹងថា នៅ​ខេត្ត​របស់​ពួកគេ​មាន​ករណី​ឆ្លង​វីរុស​រលាក​សួត​ថ្មី​នេះ​។​
 
​លោក​ប្រាប់ VOA ថា អ្នក​មករក​សេវា​សុខភាព​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​របស់លោក ដែលមាន​អាកា​រៈ​ផ្តាសាយ ក្អក រលាក​បំពង់ក បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​។​
 
​លោក​និយាយថា​៖ «​គាត់​ភ័យ​ថា អា​ជំងឺ​អីហ្នឹង​លឿន​ពេក វា​ឆ្លង​លឿន គាត់​ឮ​អញ្ចឹង​គាត់​ភ័យ​»​។​
 
​លោក​ថា លោក​និង​មិត្ត​រួមការ​ងារ​ដែល​បើក​បន្ទ​ប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយគ្នា ក៏​ត្រៀមខ្លួន​ទទួល​ចំណូល​ទាប​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ដែរ​។​
 
​លោក​និយាយថា​៖ «​អ្នក​នៅ​ហ្នឹង គឺថា ទាំង​ខ្ញុំ​ក៏​ធ្លាក់ ចំណូល​ធ្លាក់ សឹង​ថា ៧០​ភាគរយ ហើយ​ឥឡូវ​ហ្នឹង ឃើញថា អ្នករកស៊ី​អាជីវកម្ម​ផ្សេងៗ អ្នកខ្លះ​ក៏​គាត់​ឈប់​រក​ទៅ អ្នកខ្លះ​បាន​បិទ អ្នកខ្លះ​បន្តទៀត តិក​តក់ៗ​អញ្ចឹង​ណា​»​។​
 
​បើទោះបីជា​បារម្ភ​ពី​ប្រាក់ចំណូល​ក្តី លោក​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បិទ​ការធ្វើដំណើរ​ចេញចូល​ពី​ទីក្រុង​វូ​ហាន​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជាង​នេះ​។​
 
​ខេត្ត​ព្រះសីហនុ មាន​សភាព​ស្ងប់ស្ងាត់​ក្នុងពេល​ថ្មីៗ​នេះ បើតាម​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អាជីវកម្ម​នៅ​ទីនោះ​។ តែ​ទោះជា​យ៉ាងណា អ្នកគ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ​ឆ្នេរ​មាស ដែល​ដំណើរការ​ជាង​១២​ឆ្នាំ​នៅ​ទីនោះ គឺ​លោក អេង គីម​ហុង វ័យ​៣៧​ឆ្នាំ បាន​និយាយថា មិនមែន​តែ​ការ​ភ័យ​បារម្ភ​រឿង​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​តែមួយ​មុខ​នោះទេ ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​ស្ងាត់​ជាង​មុន​។​
 
​លោក​ថា ខេត្ត​នេះ​ស្ងាត់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ការបិទ​ល្បែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែល​នាំ​ឲ្យ​ជនជាតិ​ចិន​មួយចំនួន​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​កម្មករ​ខ្មែរ​ដែល​បាត់បង់​ការងារ​ធ្វើ​ចាក​ចេញទៅ​បណ្តា​ខេត្ត​ផ្សេងៗ​វិញ​។​
 
​លោក​និយាយថា​៖ «​ពីមុន​ពេល​ហាង​ខ្ញុំ​អត់​ទាន់​ចូល ហាង​ខ្ញុំ​ភ្ញៀវ​ពេញៗ​។ ដល់​ចិន​ចូលមក​ហាង​ខ្ញុំ​បាត់​ខ្មែរ​អស់ សុទ្ធតែ​ចិន​។ ចិន​ត្រឡប់​ទៅវិញ ខ្មែរ​ក៏​បាត់ ចិន​ក៏​បាត់ ធ្វើ​ឲ្យ​កន្លែង​ខ្ញុំ​បាត់​ភ្ញៀវ​អស់ សឹង​៩០​ភាគរយ​»​។​


ម៉ាស៊ីនវាស់កម្តៅត្រូវបានដាក់ដើម្បីពិនិត្យអ្នកធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
 
​លោក​ថា ក្រសួង​ពាក់ព័ន្ធ​ដូចជា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​គួរ​មាន​វិធានការ​បន្ថែម​ក្នុង​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ពួកគេ ពិសេស​នៅពេល​ដែលមាន​ករណី​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ឆ្លង​ចូលមក​ដល់​ខេត្ត​ព្រះសីហនុ​។​
 
​មកដល់​ពេល​ល្ងាច​ថ្ងៃ​អង្គារ​នេះ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា មិនទាន់មាន​ករណី​ថ្មី​នៃ​ការឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​កើតឡើង​នៅ​កម្ពុជា​នោះទេ​។​
 
​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន ប្រាប់ VOA ថា ទោះ ពុំមាន​តួលេខ​ជាក់ស្តែង​បញ្ជាក់ថា មានការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍ តែ​តាម​ការអង្កេត​មានការ​ធ្លាក់ចុះ​៖
 
«​ដោយ​គេ​មានការ​ព្រួយបារម្ភ​អញ្ចឹង​ទៅ​គេ​មិនសូវ​ជិះ និយាយ​ទៅ​គេ​មិនសូវ​ចង់​ដើរ​។ Flight របស់​យើង​ធ្លាក់ចុះ​ដែរ ចំនួន​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​។ តាម​ព្រលាន​មួយៗ នាយក​ព្រលាន​មានប្រសាសន៍​អញ្ចឹង​កត់សម្គាល់​វា​រាង​ធ្លាក់​ខ្លះ តែ​ប៉ុន្មាន​ភាគរយ​មិនអាច​សន្និដ្ឋានបាន​»​។​
 
​លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៅ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃស្អែក​នេះ​ក្រសួង​នឹងមាន​ការកោះប្រជុំ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) វិស័យ​ឯកជន សមាគម និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​។​
 
​លោក​បញ្ជាក់ថា​៖ «​ក្នុងស្ថានភាព​អញ្ចឹង​ប្រហែល​លោក [​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​] ឲ្យ​អ្នកជំនាញ​យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​ផលប៉ះពាល់ ឬ​មាន​យន្តការ​អ្វីខ្លះ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ត្រឡប់មកវិញ​»​។​
 
​ជំងឺ​រលាក​សួត​ថ្មី​នេះ​បានសម្លាប់​មនុស្ស​ជាង ១០៦​នាក់​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។ មនុស្ស​៤.៥០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ដូចជា​វៀតណាម ថៃ សិង្ហ​បុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង នេ​ប៉ាល់ ស្រីលង្កា និង​អាល្លឺម៉ង់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com