សុខភាព
អន្តរជាតិ
ចិន ទាមទារ​ឲ្យ​កាសែត​ដា​ណឺ​ម៉ាក​សុំទោស លើ​ទង់​ជាតិចិន​មាន​រូប​កូ​រ៉ូ​ណាវី​រុស​
29, Jan 2020 , 12:18 pm        
រូបភាព
ទង់ជាតិរបស់ចិន ដែលកាសែតJyllands-Posten បានដាក់រូបកូរ៉ូណាវីរុស ជំនួសឲ្យផ្កាយទាំង៥របស់ចិន។ រូបភាព៖ Reuters
ទង់ជាតិរបស់ចិន ដែលកាសែតJyllands-Posten បានដាក់រូបកូរ៉ូណាវីរុស ជំនួសឲ្យផ្កាយទាំង៥របស់ចិន។ រូបភាព៖ Reuters
ស្ថានទូត​ចិន ប្រចាំ​នៅ​ដា​ណឺ​ម៉ាក នា​ថ្ងៃទី​២៨ ខែមករា បានទាមទារ​ឲ្យ​កាសែត Jyllands-Posten ចេញមុខ​សុំទោស ជុំវិញ​ការចេញផ្សាយ​រូបភាព​ទង់ជាតិ​ចិន ដែលមាន​រូប​កូ​រ៉ូ​ណាវី​រុស ជំនួស​ឲ្យ​ផ្កាយ​ទាំង​៥ របស់​ចិន ប៉ុន្តែ​និពន្ធ​នាយក​នៃ​កាសែត​មួយ​នេះ បាន​ចេញមុខ​បដិសេធ​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​ចិន កាសែត Jyllands-Posten និង អ្នក​គូររូប Niels Bo Bojesen គួរតែ​សុំទោស​ប្រជាជន​ចិន ជុំវិញ​បញ្ហា​ចេញផ្សាយ​ទង់ជាតិ​ចិន ដែលមាន​រូប​កូ​រ៉ូ​ណាវី​រុស ជំនួស​ឲ្យ​ផ្កាយ​ទាំង​៥ ដោយមាន​ភ្ជាប់​ជាមួយ​ចំណងជើង​រូបភាព​ថា កូ​រ៉ូ​ណាវី​រុស​។

បើតាម​ការពន្យល់​រប​ស់​ស្ថានទូត ទង្វើ​របស់​កាសែត​ដា​ណឺ​ម៉ា​កមួយ​នេះ គឺ​ឈាន​ហួស​ខ្សែបន្ទាត់​នៃ​ប្រទេស​រីកចម្រើន​ហើយ ម្យ៉ាង​វា​ការ​ជាការ​បំពាន​សីលធម៌​នៃ​ការបញ្ចេញមតិ និង​ការយល់ដឹង​របស់​មនុស្ស​។ បានសេចក្តីថា វា​ជា​ទង្វើ ដែល​គ្មាន​ការយល់ដឹង និង​អាណិតអាសូរ​អ្នកដទៃ ដែល​កំពុង​រង​ការឈឺចាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

ជាការ​ឆ្លើយតប លោក Jacob Nybroe និពន្ធ​នាយក​របស់​កាសែត Jyllands-Posten បាន​បដិសេធ​សុំទោស​ចំពោះ​ប្រជាជន​ចិន ដោយ​សំអាង រូបភាព​ទង់ជាតិ​ចិន​នេះ មិនមែន​ធ្វើឡើង ដើម្បី​បង្កើត​ការសប្បាយ ឬ​សើចចំអក​ដាក់​ប្រជាជន​ចិន ដែល​កំពុង​ប្រឈម​នឹង​កូ​រ៉ូ​ណាវី​រុស​ទេ​។ បើតាម​លោក​និពន្ធ​នាយក   កាសែត Jyllands-Posten មិនអាច​សុំទោស ទៅលើ​ទង្វើ​ដែល​មិន​ខុស​នោះទេ ម្យ៉ាង​កម្មវត្ថុ​នៃ​រូបភាព​ទង់ជាតិ​ចិន​នោះ ក៏មិន​មែនមាន​ន័យ​ដូច​ស្ថានទូត​ចិន​គិត​ដែរ​។

សូមបញ្ជាក់ថា កាសែត Jyllands-Posten បានចេញ​ផ្សាយ​រូបភាព​ទង់ជាតិ​ចិន​មួយ ដោយមាន​ដាក់​រូប​កូ​រ៉ូ​ណាវី​រុស ជំនួស​ផ្កាយ​ទាំង​៥ នៅលើ​ទំព័រ​របស់ខ្លួន នា​ថ្ងៃទី​២៧ ខែមករា​។ នៅក្នុង​ក្រោមរូបភាព​នោះ កាសែត Jyllands-Posten បានដាក់​ចំណងជើង​ថា កូ​រ៉ូ​ណាវី​រុស​៕


Tag:
 ដា​ណឺ​ម៉ាក​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com