អន្តរជាតិ
ឱសថស្ថាន​នៅ​ប៉េកាំង​មួយ រង​ពិន័យ​ជាង​៤០​ម៉ឺន​ដុល្លារ​ព្រោះ​ដំឡើងថ្លៃ​ម៉ាស់​
29, Jan 2020 , 2:16 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ឱសថស្ថាន​មួយកន្លែង ក្នុង​រដ្ឋធានី ប៉េកាំង របស់​ចិន នឹងត្រូវ​រង​ពិន័យ​លុយ ៣​លាន​យ័ន (៤៣៤ ៥៣០ ដុល្លារ​) សម្រាប់​ការដំឡើង​តម្លៃ ម៉ាស់ ជិត ៦ ដង​លើស​តម្លៃ​ដើម ខណៈ​ពលរដ្ឋ​ស្លន់ស្លោ​រឿង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ និយតករ​ផ្នែក​ទីផ្សារ​របស់​ទីក្រុង​ប៉េកាំង អះអាង​បែបនេះ នៅ​ថ្ងៃ​ពុធ ទី​២៩ មករា​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បង្ហោះ​លើ​វេ​ប​សាយ​ខ្លួន និយតករ​ប្រចាំ​ក្រុង​ប៉េកាំង បាន​ជូនដំណឹង​ពី​ការពិន័យ​ផ្នែក​រដ្ឋបាល​ទៅកាន់​ឱសថស្ថាន​មួយ​ឈ្មោះថា Beijing Jimin Kangtai Pharmacy សម្រាប់​ការដំឡើង​តម្លៃ​ម៉ាស់​ប្រភេទ N95 ហួសហេតុ​ពេក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដកស្រង់​តាម​ទូរទស្សន៍​រដ្ឋ​ចិន​មួយ ឱសថស្ថាន​មួយ​នេះ បាន​ដំឡើង​តម្លៃ​ម៉ាស់​ម៉ាក 3M មួយ​ប្រអប់​ទៅកាន់​តម្លៃ ៨៥០ យ័ន (១២២​ដុល្លារ​) ខណៈ​តម្លៃ​លក់​តាម​អន​ឡាញ ស្មើ ១៤៣ យ័ន (២០​ដុល្លារ​) ។​
 
​បើតាម​ប្រភព​ដដែល ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក និយតករ​ប្រចាំ​ក្រុង​ប៉េកាំង​នេះ បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ដំឡើងថ្លៃ​ហួសហេតុ​ចំនួន ៣១​ទីតាំង ខណៈ​ខ្លួន​ក៏​កំពុង​ពង្រឹង​ការឃ្លាំមើល​លើ​តម្លៃ​របស់​សម្ភារ​ការពា​រ​ដទៃទៀត ហើយ​ដាក់ទោស​លើ​សកម្មភាព​ខុសច្បាប់ ដូចជា បំភ្លៃ​ព័ត៌មាន​ជុំវិញ​ការដំឡើងថ្លៃ​។ 
 
​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ក្នុង​ទីក្រុង​សៀង​ហៃ​ឯណោះ​វិញ និយតករ​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុង​ពាណិជ្ជ​កម្មនេះ បានចេញ​បញ្ជា​ឲ្យ​បទ​ឱសថស្ថាន​មួយកន្លែង ដែល​បាន​លក់​ម៉ាស់​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដកស្រង់​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​ក្រុង​នេះ​។ 
 
​សូមបញ្ជាក់ថា ការផ្ទុះ​រាតត្បាត​នៃ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​នេះ ដែល​បាន​ផ្តើមឡើង​ក្នុង​ទីក្រុង វូ​ហាន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ បានសម្លាប់​មនុស្ស ១៣២​នាក់ ហើយ​ជិត ៦​ពាន់​នាក់ បាន​ឆ្លង​ក្នុងប្រទេស​ចិន​។ នេះ​ជា​តួលេខ​ចុងក្រោយបង្អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ២៩ ខែមករា ៕ 

Tag:
 ចិន​
  ប៉េកាំង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com