អន្តរជាតិ
ចិន អនុញ្ញាតឲ្យ WHO បញ្ជូនអ្នកជំនាញមកដើម្បីសិក្សាពីកូរ៉ូណាវីរុស ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Xinhua
× រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃទី២៨ ខែមករា បានយល់ព្រមឲ្យអង្គការសុខភាពពិភពលោក (WHO) បញ្ជូនអ្នកជំនាញឲ្យកាន់តែឆាប់កាន់ល្អ ដើម្បីសិក្សាពីកូរ៉ូណាវីរុសឲ្យកាន់តែច្បាស់ជាងមុន និងដើម្បីណែនាំពិភពលោកឲ្យមានវិធានការកាន់តែជាក់ច្បាស់ ដើម្បីទប់ស្កាត់វីរុសថ្មីនេះ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោករយៈពេលពីរថ្ងៃនៅចិន។
ក្នុងដំណើរទស្សនកិច្ចនៅចិន ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង, រដ្ឋមន្ត្រីសុខាភិបាល, និងរដ្ឋមន្ត្រីការបរទេសចិនជាដើម។ ភាគីចិន និង WHO បានជជែកពីបញ្ហាកូរ៉ូណាវីរុស ការសហការទប់ស្កាត់ការរីករាលដាលនៃវីរុស ការសិក្សាលើករណីឆ្លង និងករណីធ្ងន់ធ្ងរនៃវីរុស និងការចែករំលែកទិន្នន័យជាដើម ដើម្បីណែនាំទៅដល់ពិភពលោកទាំងមូល ឲ្យមានវិធានការទប់ស្កាត់វីរុសប្រភេទថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Tedros។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ទីក្រុងប៉េកាំង បានអនុញ្ញាតឲ្យអង្គការសុខភាពពិភពលោក បញ្ជូនអ្នកជំនាញអន្តរជាតិ ទៅប្រទេសចិន ដើម្បីសិក្សាពីកូរ៉ូណាវីរុស ដែលបានឆ្លងមនុស្សជាច្រើនពាន់នាក់ ជាពិសេស គឺសហការជាមួយរដ្ឋាភិបាលចិន ដើម្បីយល់ដឹងបន្ថែមទៀតពីវីរុសប្រភេទថ្មី។ ម្យ៉ាងការបញ្ជូនអ្នកជំនាញនេះ អាចជាការបើកលទ្ធភាព ឲ្យមានការសិក្សាពីថ្នាំបង្ការ និងការព្យាបាលកូរ៉ូណាវីរុសផងដែរ។ ប៉ុន្តែភាគីទាំងពីរ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ជុំវិញការការបញ្ជូនអ្នកជំនាញនៅឡើយទេ។
នាថ្ងៃទី២៨ ខែមករា ប្រធានាធិបតីចិន ស៊ី បានប្តេជ្ញាជម្នះ វីរុសដ៏អាក្រក់នេះឲ្យបាន ព្រោះវាបានសម្លាប់ប្រជាជនចិនជាច្រើន និងបំផ្លាញលុយចិនជាច្រើនពាន់លានដុល្លារ៕
Tag:
ចិន
WHO
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com