សៀមរាប៖ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី កំពុងរាលដាលនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួន ជាពិសេសពីសំណាក់ពលរដ្ឋចិនពីក្រុងវូហាន ទីកន្លែងដែលជំងឺបានផ្ទុះដំបូង។ កាលពីថ្ងៃទី២៧ ខែមករា កម្ពុជាបានប្រកាសពីការរកឃើញករណីដំបូង ដោយអ្នកជំងឺជាជនជាតិចិនវ័យ៦០ឆ្នាំ នៅខេត្តព្រះសីហនុ។ នៅខេត្តសៀមរាបឯណោះវិញ ព័ត៌មានមិនពិតជុំវិញកូរ៉ូណាវីរុស ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ រហូតដល់មានករណីសមត្ថកិច្ចហៅអ្នកបំប៉ោងព័ត៌មានទៅសាកសួរផងដែរ។ តើព័ត៌មានក្លែងក្លាយកំពុងសម្លាប់វិស័យទេសចរណ៍ខេត្តសៀមរាបឬយ៉ាងណា?
ទ្រាំមិនបានចំពោះការបន្តចែករំលែកនូវព័ត៌មានមិនពិត មិនផ្លូវការ ថាមានករណីកូរ៉ូណាវីរុសឆ្លងមកដល់ខេត្តសៀមរាប លោក ជា សុខន អ្នកគ្រប់គ្រងសណ្ឋាគារដ៏ធំមួយនៅខេត្តសៀមរាប បានឡាយវីដេអូបញ្ចេញនូវការមិនពេញចិត្តរបស់លោកទាំងយប់ថ្ងៃទី២៨ មករា។
ក្នុងវីដេអូនោះ លោក សុខន បញ្ជាក់ថា ការធ្វើដូច្នេះ ដូចកំពុងសម្លាប់វិស័យទេសចរណ៍ខេត្តសៀមរាបដូច្នោះដែរ។ អ្នកគ្រប់គ្រងសណ្ឋាគាររូបនេះបាននិយាយទៀតថា បុគ្គលខ្លះហាក់សប្បាយរីករាយចំពោះការពាក់ម៉ាសថតបង្ហោះក្នុងបណ្ដាញសង្គម ដោយមិនគិតពីផលប៉ះពាល់បន្ដិចសោះ។ តាមការពន្យល់របស់លោក ជា សុខន សកម្មភាពទាំងនោះ រឹតតែឱ្យភ្ញៀវទេសចរភ័យខ្លាចចំពោះកូរ៉ូណាវីរុសដែលកំពុងរាតត្បាតខ្លាំងក្លា។
លោក ជា សុខន ហាក់មិនយល់ទាល់តែសោះពេលឃើញបុគ្គលដែលកំពុងធ្វើការក្នុងវិស័យទេសចរណ៍ឬជាអ្នកគ្រប់គ្រងសណ្ឋាគារមួយរូបដែរនោះ នាំគ្នាចែករំលែកព័ត៌មានមិនពិត និងពាក់ម៉ាសបង្ហាញអារម្មណ៍ភ័យខ្លាចខ្លាំងពេកក្នុងបណ្ដាញសង្គម ខណៈដែលបុគ្គលទាំងនោះគួរនាំគ្នារក្សាស្ថានការណ៍ឬជួយទ្រទ្រង់ស្ថានការណ៍នេះកុំឱ្យអាក្រក់ខ្លាំង។ លោក ជា សុខន ប្រាប់ថា លោកមិនហាមការចែករំលែកនេះទេ ថាគួរផុសឬចែករំលែកព័ត៌មានទាំងនោះដោយគ្រាន់តែប្រាប់ពីវិធីការពារ ឬវីដេអូអប់រំពីជំងឺនេះ។
ដោយយល់ពីផលប៉ះពាល់ខ្លាំងទៅលើវិស័យទេសចរណ៍ ដែលកើតឡើងដោយសារព័ត៌មានមិនពិតនេះហើយ ទើបស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដុតដៃដុតជើងតាមរកបុគ្គលដែលចែករំលែកសារថាមានជំងឺនេះក្នុងខេត្តសៀមរាប។
ជាលទ្ធផល នៅយប់ថ្ងៃទី២៨ មករា អ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ចិនមួយរូប បានចូលខ្លួនមកសារភាពជុំវិញការលេចធ្លាយសារដែលប្រាប់ដល់បុគ្គលិកទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងបន្ថែមសារថាមានជនជាតិចិន៤នាក់កំពុងស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប បានឆ្លងជំងឺនេះ។ បុគ្គលរូបនោះអះអាងថា មានបុគ្គលិកខ្លួនម្នាក់ទៀតបានចែករំលែកសារនោះចេញពីក្រុបសារក្រុមហ៊ុនដល់អ្នកដទៃ ដែលធ្វើឱ្យមានភាពចលាចលលើករណីនេះ។ អាជ្ញាធរបានឱ្យបុគ្គលនោះធ្វើកិច្ចសន្យា និងអប់រំមិនឱ្យធ្វើបែបនេះទៀតនៅពេលក្រោយ។
ជុំវិញករណីនេះដែរ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ក៏យល់ថា ការបំពុលព័ត៌មានមិនពិតបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ខេត្តសៀមរាប។ ប្រធានសមាគមរូបនេះ បានបដិសេធ ជុំវិញការលើកឡើងថាមានមគ្គុទ្ទេសក៍ភាសាចិន-កម្ពុជាឆ្លងមេរោគនេះ។
បន្ថែមពីនេះ តាមការបញ្ជាក់ពីលោក គីឡេង នៅយប់ថ្ងៃទី២៨ មករា លោកបានសម្របសម្រួលជួយបញ្ជូនជនជាតិចិន២១នាក់ ដែលមកតាមជើងហោះហើរជាមួយជនជាតិចិនទាំង៧៩នាក់ ឬជាមួយបុរសដែលរកឃើញមេរោគកូរ៉ូណានៅព្រះសីហនុ ត្រឡប់ទៅប្រទេសចិនវិញហើយ។
លោក ទៀ គីឡេង បញ្ជាប់យ៉ាងដូច្នេះថា៖« សមាគមខ្ញុំបានគ្រប់គ្រងស្ថានការណ៍បាន និងបានសហការជាមួយមន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល និងស្ថានកុងស៊ុលចិន ហើយក្រុមហ៊ុនទេសចរណ៍ចិនបានម៉ាវយន្តហោះមួយគ្រឿងបញ្ជូនជនជាតិចិនទាំង២១នាក់ទៅវិញហើយនៅយប់មិញ (យប់ថ្ងៃទី២៨ មករា) ហើយមុនហោះហើរសុខភាពពួកគេល្អប្រសើរទេ គឺមានការត្រួតពិនិត្យសុខភាពពីមន្ត្រីសុខាភិបាល...»។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា មកទល់នឹងព្រឹកថ្ងៃទី២៩ មករានេះ មិនទាន់មានករណីសង្ស័យពីមេរោគកូរ៉ូណាវីរុសនៅខេត្តសៀមរាបទេ៕