ជាតិ
តារាដែលមាន Followers ច្រើន គួររួមគ្នាផ្ដល់សារអប់រំពីបញ្ហាកូរ៉ូណាវីរុស!
× ភ្នំពេញ៖ តារាល្បីៗ ឬក្រុមអ្នកសិល្បៈដែលមានមិត្ត ឬ Followers ច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ឬ Instagram អាចនិយាយបានថាជាបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមដែរ។ ជាការចូលរួមចំណែកក្នុងសកម្មភាពសង្គម ក្រុមតារាល្បីៗ ឬអ្នកនៅក្នុងរង្វង់សិល្បៈ អាចប្រើប្រាស់បណ្ដាញសង្គមដែលខ្លួនមាន ដើម្បីផ្សព្វផ្សាយពីសារអប់រំនានា និងសកម្មក្នុងការចែករំលែកព័ត៌មានពិត ពាក់ព័ន្ធនឹងជំងឺរលាកសួតកូរ៉ូណាវីរុស ដោយបដិសេធការចែករំលែកព័ត៌មានមិនពិត។
ជាការពិត តារាល្បីត្រូវមានគុណសម្បត្តិផ្ដល់ជាគំរូល្អដល់អ្នកគាំទ្រ និងផ្ដល់ប្រយោជន៍ឱ្យដល់សង្គម ដូច្នេះហើយ ការចែករំលែកព័ត៌មានពិត និងមានវិជ្ជាជីវៈត្រឹមត្រូវ ដែលមិនធ្វើឱ្យមហាជនកាន់តែធ្លាក់ទៅក្នុងស្ថានភាពភិតភ័យ ឬធ្វើឱ្យសង្គមជ្រួលច្របល់ នោះជាអ្វីដែលតារាល្បីនិងក្រុមអ្នកសិល្បៈគួរគប្បីធ្វើ។
ខណៈកូរ៉ូណាវីរុស កំពុងធ្វើឱ្យមានការភិតភ័យស្ទើរពេញពិភពលោក ក្នុងបរិបថប្រទេសកម្ពុជា ស្ថានភាពនេះងាយនឹងផ្ដល់ឱកាសឱ្យដល់ក្រុមបំប៉ោងព័ត៌មានមិនពិត ដើម្បីទាញយកប្រយោជន៍ និងធ្វើឱ្យសង្គមជ្រួលច្របល់។
តារា ឬក្រុមអ្នកសិល្បៈដែលមាន Followers ច្រើន គួរមានឆន្ទៈចែករំលែកសារអប់រំនានា ស្ដីពីអាការនៃជំងឺកូរ៉ូណាវីរុស ពីការបង្ការខ្លួនពីជំងឺ ពីបច្ចុប្បន្នភាពជំងឺ និងពីការវិវត្ដិនៃស្ថានភាពជំងឺនេះ ទៅអ្នកគាំទ្ររបស់ខ្លួន។ ហើយព័ត៌មានទាំងនោះ ត្រូវប្រាកដថាយកពីក្រសួងពាក់ព័ន្ធនានា ឬពីស្ថាប័នដែលផ្ដល់ព័ត៌មានពិត។
ប្ដូរពីការចែករំលែកព័ត៌មានដែលធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ ដូចជាជម្លោះបុគ្គល ឬជម្លោះតារាមួយចំនួន តារាឬក្រុមអ្នកសិល្បៈ គួរមានសារផ្ទាល់ខ្លួន ក្រៅពីសារដែលណែនាំដោយក្រសួង ពាក់ព័ន្ធនឹងកូរ៉ូណាវីរុស ដើម្បីជួយក្រើនរំឭកដល់អ្នកគាំទ្ររបស់ខ្លួន ក្នុងការតាមស្វែងរកព័ត៌មានពិត៕
Tag:
ជំងឺ
មេរោគ
កូរ៉ូណា
សិល្បករ
រលាកសួត
សារអប់រំ
ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com