ជាតិ
សត្វស្លាបទឹក ជិត១០០ប្រភេទ ប្រទះឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង
× ភ្នំពេញ៖ លទ្ធផលជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង បានបង្ហាញថា សត្វស្លាបចំនួន ៥៦ប្រភេទ ត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង៣២ ប្រភេទទៀត មាននៅតំបន់ការពារទេសភាពអន្លង់ព្រីង។ នេះបើតាមអង្គការ BirdLife។
កាលពីថ្ងៃទី១៦-១៧ មករាកន្លងទៅ ឧទ្យានុរក្ស និងក្រុមអង្កេតតាមដានជីវៈចម្រុះ បានធ្វើជំរឿនសត្វស្លាបអាស៊ី និងជំរឿនត្រយ៉ងចំពុះស្លាបព្រាប នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង។ តាមរយៈការជំរឿននេះ ឧទ្យានុរក្ស និងក្រុមអង្កេតតាមដានជីវៈចម្រុះដែលគាំទ្រដោយអង្គការ BirdLife បានប្រទះឃើញ និងកត់ត្រាបានសត្វស្លាប ចំនួន ៥៦ប្រភេទ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង៣២ ប្រភេទទៀត នៅតំបន់ការពារទេសភាពអន្លង់ព្រីង។
បើតាមអង្គការ BirdLife សត្វស្លាប ៣២ប្រភេទ ដែលរស់នៅតំបន់ការពារទេសភាពអន្លង់ព្រីង មានប្រភេទសត្វដូចជា សត្វក្រៀលចំនួន ១០២ ក្បាល, ខ្វែងសមុទ្រកន្ទុយខ្មៅចំនួន ៤១៥០ក្បាល និងសត្វស្លាបមួយចំនួនទៀត។ ដោយឡែក សត្វត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រា កាលពីឆ្នាំ ២០១១-២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញ និងកត់ត្រាបានឡើយ នៅក្នុងឆ្នាំ ២០២០នេះ។
ទំព័រហ្វេសប៊ុក BirdLife បញ្ជាក់ថា៖ «ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឲ្យទឹកឆាប់រីងស្ងួត ធនធានធម្មជាតិមានការធ្លាក់ចុះ។ កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរឲ្យព្រួយបារម្ភផងដែរ។ ក្រុមការងារបាននឹងកំពុងបន្តការអង្កេតតាមដានយ៉ាងយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារអភិរក្សតំបន់ដីសើមនេះ»។
សូមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតនៅស្រុកកោះអណ្ដែត ខេត្តតាកែវ។ ចំណែកឯ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានទំហំ២១៧ហិកតា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦៕
រូបភាពពីហ្វេសប៊ុកផេកអង្គការ BirdLife៖
Tag:
សត្វស្លាប
បឹងព្រែកល្ពៅ
អន្លង់ព្រីង
តាកែវ
បរិស្ថាន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com