ជាតិ
អាជ្ញាធរ ស្នើ​ពលរដ្ឋ​តាម​បណ្តោយ​ស្ទឹង​សង្កែ កុំ​ចេញពីផ្ទះ​១​ថ្ងៃ ព្រោះ​មានការ​សម្អាត​មីន​
29, Jan 2020 , 10:19 pm        
រូបភាព
ក្រុមអង្គភាពកំចាត់មីនបានចុះដល់ទីតាំងដែលប្រទេះឃើញគ្រប់មិនទាន់ផ្ទះ នៅជិតស្ពានថ្មចាស់ (រូបពីរដ្ឋបាលខេត្តបាត់ដំបង)
ក្រុមអង្គភាពកំចាត់មីនបានចុះដល់ទីតាំងដែលប្រទេះឃើញគ្រប់មិនទាន់ផ្ទះ នៅជិតស្ពានថ្មចាស់ (រូបពីរដ្ឋបាលខេត្តបាត់ដំបង)
​ភ្នំពេញ​៖ រដ្ឋបាល​ក្រុង​បាត់ដំបង ស្នើ​ទៅ​ប្រជាពលរដ្ឋ រស់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១ ក្នុងភូមិ​កំពង់ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៩D ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ចាប់ពី​ចំណុច​ស្ពាន​សម្តេច ស ខេង ដល់ ស្ពាន សម្ដេច ហ៊ុន សែន កុំ​ឲ្យ​ចេញពីផ្ទះ និង​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ទាំងពីរ​នេះ រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ដោយសារតែ​ក្រុមការងារ​អង្គភាព​កំចាត់មីន នឹង​ចុះ​បោសសម្អាត​មីន នៅ​ទីតាំង​នោះ ដែល​ស្ថិតនៅតាម​បណ្ដោយ​ច្រាំង​ស្ទឹង​សង្កែ​។ 


 
​លោក ឆាយ ម៉ា​ទីណា​ល់ នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការស្នើ​ឲ្យ​ក្រុមការងារ​អង្គភាព​កំចាត់មីន ចុះ​សម្អាត​មីន​នៅ​ទីតាំង​តាម​បណ្ដោយ​ច្រាំង​ស្ទឹង​សង្កែ គឺ​ដោយសារ​ក្រុមការងារ​កែលម្អ​ច្រាំង​ស្ទឹង បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​៥​គ្រាប់ ដែល​បន្សល់ទុក​តាំង​សម័យ​សង្គ្រាម​។ 
 
​លោក ឆាយ ម៉ា​ទីណា​ល់ បន្ថែមថា​៖«​ការ​កែក​ម្អ​ច្រាំង​ស្ទឹង​នេះ គឺ​ដើម្បី​រៀបចំ​ត្រៀម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​នៅ​អំឡុង​ខែ​៣ ខាងមុខនេះ​។​» ទន្ទឹមនឹងនេះ លោក ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ចាប់ពី​ចំណុច​ស្ពាន​សម្តេច ស ខេង និង ស្ពាន​សម្ដេច ហ៊ុន សែន កុំ​ចេញពីផ្ទះ​ឬ​ឆ្លងកាត់​ផ្លូវ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕ 

Tag:
 សម្អាត​មីន​
  កែលម្អ​ច្រាំង​ស្ទឹង​សង្កែ​
© រក្សាសិទ្ធិដោយ thmeythmey.com