ជាតិ
វីដេអូ
លោក ស៊ាង សុបញ្ញា៖ «CAM-ASEAN នឹងលក់សិទ្ធិបើកអាជីវកម្មបន្ត»
× ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) នឹងលក់សិទ្ធិបើកអាជីវកម្មបន្ត ដល់ដៃគូ ឬវិនិយោគិន ដែលមានបំណងធ្វើអាជីវកម្មទាក់ទងនឹងវិស័យអប់រំ។ លោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បញ្ជាក់មូលហេតុនៃការលក់សិទ្ធិបើកអាជីវកម្មបន្តយ៉ាងដូច្នេះថា៖ «ផ្អែកលើភាពជោគជ័យរបស់ CAM-ASEAN ច្រើនឆ្នាំ នៅក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស, ភាសាចិន និងភាសាអង់គ្លេសម្រាប់កុមារ។ ខ្ញុំ និងថ្នាក់ដឹកនាំ CAM-ASEAN ចង់ឲ្យ CAM-ASEAN ពង្រីកវិសាលភាពរបស់ខ្លួន នៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាល ពិសេសក្រសួងអប់រំ ដើម្បីផ្ដល់ការអប់រំ ដែលមានគុណភាពល្អដល់សិស្សនិស្សិត។ ដូច្នេះហើយ យើងចាប់ផ្ដើមលក់សិទ្ធិបើកអាជីវកម្មបន្តទៅគ្រប់ខេត្តទាំងអស់»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey.com ជាមួយលោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ទាក់ទងនឹងការលក់សិទ្ធបើកអាជីវកម្មដូចតទៅ៖
បើតាមលោក ស៊ាង សុបញ្ញា លក្ខណៈពិសេសនៃការលក់សិទ្ធិបើកអាជីវកម្មបន្តនេះ CAM-ASEAN នឹងផ្ដល់ប្រព័ន្ធគ្រប់គ្រងទាំងស្រុង រួមមានការគ្រប់គ្រងកម្មវិធីសិក្សា, ការរៀបថ្នាក់រៀន និងសាលា, កម្មវិធីបណ្ដុះបណ្ដាល, ការគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារជាដើម។ សម្រាប់លក្ខខណ្ឌវិញ អតិថិជន ឬវិនិយោគិនដែលមានបំណងទិញសិទ្ធិបើកអាជីវកម្មបន្តរបស់វិទ្យាស្ថាន CAM-ASEAN ត្រូវមានទីតាំងសមស្រប និងត្រូវធ្វើតាមស្ដង់ដារបស់ CAM-ASEAN។ ជាមួយគ្នានេះ CAM-ASEAN នឹងជួយរៀបចំប្រព័ន្ធគ្រប់គ្រង រួមទាំងការចាប់ផ្ដើមសាងសង់អគារផងដែរ។
បច្ចុប្បន្ន វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) មានសិស្សនិស្សិតកំពុងសិក្សាជាង ២ពាន់នាក់ ដោយមានកម្មវិធីសិក្សាចំនួន ៧ រួមមាន ភាសាអង់គ្លេស, ភាសាចិន, ជំនាញតាមក្រុមហ៊ុន, កម្មវិធីសិក្សាសម្រាប់កុមារ, វ័យជំទង់, កម្មសិក្សាតាមប្រព័ន្ធអនឡាញ និងកម្មវិធីបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស៕
Tag:
Cam-Asean
សាលារៀន
ភាសាអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com