អន្តរជាតិ
ប៉ាពួអាស៊ីនូវែលហ្គីណេ ហាមអ្នកដំណើរទាំងអស់ពីអាស៊ីចូលប្រទេសដើម្បីទប់ស្កាត់កូរ៉ូណាវីរុស
× ប្រទេសជាប់មហាសមុទ្រប៉ាស៊ីហ្វិកប៉ាពួអាស៊ីនូវែលហ្គីណេ នៅថ្ងៃទី២៩ ខែមករា បានប្រកាសបិទអាកាសដ្ឋាន និងកំពង់ផែរបស់ខ្លួនសម្រាប់អ្នកដំណើរទាំងអស់មកពីតំបន់អាស៊ី។ វិធានការនេះ មានគោលដៅការពារខ្លួនពីការរាតត្បាតកូរ៉ូណាវីរុស ដែលឆ្លងដល់ប្រទេសយ៉ាងតិចណាស់១៦ នៅជុំវិញពិភពលោក ពិសេសប្រទេសតំបន់អាស៊ីក្បែរៗចិន ខណៈចំនួនអ្នកស្លាប់ និងករណីឆ្លងវីរុសនេះ បន្តកើនឡើងជាលំដាប់។
កូរ៉ូណាវីរុសដែលផ្ទុះចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី កំពុងតែរាតត្បាតកាន់តែខ្លាំងទៅប្រទេសនានា ដោយប្រទេសនៅតំបន់ប៉ែកអារ៉ាប់ និងហ្វាំងឡង់ជាដើមសុទ្ធតែបានបញ្ជាក់ពីការរកឃើញមេរោគនេះលើកដំបូង។ ប្រទេសនានា សុទ្ធតែបានចាត់វិធានការចាំបាច់រៀងៗខ្លួនដើម្បីទប់ស្កាត់ការរាលដាលវីរុសដែលបង្កទៅជំងឺរលាកសួតធ្ងន់ធ្ងរ។
ប៉ាពួអាស៊ីនូវែលហ្គីណេ ដែលនៅជាប់ប៉ាស៊ីហ្វិកវិញ បានចាត់វិធានការខ្លាំងដៃក្នុងការទប់ទល់ការផ្ទុះវីរុសនេះ។ ក្នុងលិខិតកត់សម្គាល់ទៅកាន់អាកាសចរណ៍ និងប្រតិបត្តិករទូកដឹកអ្នកដំណើរទាំងអស់ ក្រសួងអន្តោប្រវេសន៍ប៉ាពួអាស៊ីនូវែលហ្គីណេ បញ្ជាក់ថា រាល់ប្រជាជនទាំងអស់ដែលមានប្រភពពីកំពង់ផែនានារបស់អាស៊ី នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទឹកដីប៉ាពួអាស៊ីនូវែលហ្គីណេឡើយ។ វិធានការនេះ អនុវត្តចាប់ពីថ្ងៃទី២៩ ខែមករាតទៅ។
ប៉ាពួអាស៊ីនូវែលហ្គីណេ ក៏បិទព្រំដែនគោកតែមួយគត់ជាមួយឥណ្ឌូណេស៊ីផងដែរ ដោយអនុវត្តចាប់ពីថ្ងៃទី៣០ ខែមករា។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ដោយឡែក ប្រជាជនប៉ាពួអាស៊ីនូវែលហ្គីណេទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសអាស៊ី នឹងត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរយៈពេល១៤ថ្ងៃសិន។
មកទល់ពេលនេះ ប្រទេសមួយនេះ មិនទាន់រកឃើញករណីឆ្លងណាមួយជុំវិញកូរ៉ូណាវីរុសនេះនៅឡើយទេ។ ប៉ុន្តែសេវាកម្មសុខភាពប្រទេសនេះ កំពុងតែញាំញីដោយការខ្វះខាតធនធាន និងបញ្ហាសុខភាពសាធារណៈជាច្រើនទៅហើយ។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា តួលេខអ្នកស្លាប់សរុបនៅចិនដោយសារកូរ៉ូណាវីរុស ឡើងដល់១៧០នាក់ហើយ។ បច្ចុប្បន្នអ្នកកើតជំងឺទាំងនៅចិន តំបន់រដ្ឋបាលពិសេស និងបណ្តាប្រទេស១៦ផ្សេងទៀត ឡើងដល់ទៅជាង៧០០០នាក់ ដែលជិតស្មើការរាលដាលជំងឺ SARS ទូទាំងពិភពលោកកាលពីឆ្នាំ២០០២-២០០៣។ ក្រៅពីចិនទាំងមូល ប្រទេសផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណា រួមមាន ថៃ សិង្ហបុរី ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម កាណាដា វៀតណាម កម្ពុជា ហ្វាំងឡង់ ណេប៉ាល់ និងស្រីលង្កា៕
Tag:
ប៉ាពួអាស៊ីនូវែលហ្គីណេ
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com