អន្តរជាតិ
ឥណ្ឌូណេស៊ី នឹង​ចាត់វិធានការ​ទាំងអស់ ដើម្បី​ធានាថា​គ្មាន​កូ​រ៉ូ​ណាវី​រុស​ក្នុងប្រទេស​
30, Jan 2020 , 11:39 am        
រូបភាព
រូបភាព៖ Antara
រូបភាព៖ Antara
​ឥណ្ឌូណេស៊ី នឹង​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ធានាថា គ្មាន​ករណី​កូ​រ៉ូ​ណាវី​រុស​កើតឡើង​នៅក្នុង​ប្រទេស ខណៈពេល​ប្រទេសជិតខាង​ខ្លួន​ដូចជា​សិង្ហ​បុរី និង​ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី លោក Terawan Agus Putranto នៅ​ថ្ងៃទី​២៨ ខែមករា​។


 
« គ្រប់​វិធានការ​ទាំងអស់ នឹងត្រូវ​ធ្វើឡើង ដើម្បី​ប្រាកដថា​គ្មាន​ករណី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ឥណ្ឌូណេស៊ី​»​។ នេះ​ជា​ពាក្យសម្តី​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី ប្រាប់​អ្នកកាសែត នៅក្រៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ ក្នុងន័យនេះ ឥណ្ឌូណេស៊ី បាន​ត្រៀម​មន្ទី​ពេទ្យ​រហូតដល់​ទៅ ១០០​កន្លែង ដើម្បី​ព្យាបាល​អ្នកជំងឺ​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី ហើយក៏​ជា​កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ​នៅ​ដោយឡែក​ពី​គេ​ផងដែរ​។ 
 
​បើទោះបីជា​ឥណ្ឌូណេស៊ី មិនទាន់មាន​ករណី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ណាមួយ​កើតឡើង​ក៏ដោយ លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​បញ្ជាក់ថា ឥណ្ឌូណេស៊ី បាន​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ដោះស្រាយ​វីរុស​ប្រភេទ​ថ្មី ហើយ​មន្ទី​ពេទ្យ ១០០​កន្លែង​នេះ គឺ​វា​គ្រប់គ្រាន់​សម្រាប់​ដាក់​អ្នកជំងឺ នៅក្នុង​ដំណាក់កាល​ដំបូង ប្រសិនបើ​កូ​រ៉ូ​ណា​វីរុស​មាននៅ​ក្នុង​ឥណ្ឌូណេស៊ី​។​
 
​ប្រជាជន​ឥណ្ឌូណេស៊ី ជាច្រើន​នាក់ កំពុងតែ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ដោយសារ​សង្ស័យថា​មាន​កូ​រ៉ូ​ណាវី​រុស អាច​កើតឡើង​នៅក្នុង​ប្រទេស​របស់ខ្លួន ស្របពេល​ប្រទេសជិតខាង​ខ្លួន​ដូចជា​ម៉ាឡេស៊ី សិង្ហ​បុរី បាន​រកឃើញ​វីរុស​ថ្មី​នេះ ជាច្រើន​ករណី​។ នៅ​សប្តាហ៍​មុន ជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើការ​នៅ​ការិយាល័យ Huawei នៅ​ទីក្រុង​ហ្សា​ការ​តា បាន​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​យ៉ាង​លឿន ហើយ​មាន​ប្រជាជន​មួយចំនួន​ភ័យខ្លាច​ថា បុរស​រូបនេះ អាចមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស និង​ចម្លង​ទៅ​មនុស្ស​ផ្សេងទៀត​។ 
 
​ដោយ​មើល​ពី​ការប្រញាប់​ប្រញាល់​របស់​ជនជាតិ​ចិន​ទៅ​មន្ទី​ពេទ្យ​បែបនេះ ការិយាល័យ​មួយចំនួន​នៅក្បែរនោះ បាន​ប្រាប់​ឲ្យ​បុគ្គលិក​របស់ខ្លួន​ពាក់​ម៉ាស់ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ Huawei ។ ក្រោយ​ការពិនិត្យ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា បុរស​ចិន​រូបនេះ មាន​ករណី​ឈឺបំពង់ក​តែប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​ការព្យាបាល លោក​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​លើកឡើង ពី​បញ្ហា​ត្រួតពិនិត្យ​ភ្ញៀវទេសចរ​ចិន​នៅតាម​អាកាសយានដ្ឋាន​ក្នុងប្រទេស​ផ្សេង និង​ការបំពាក់​កា​ម៉េ​រាក​ម្តៅ​នៅតាម​អាកាសយានដ្ឋាន​ជាដើម​៕

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com