ជាតិ
Fake News ៦​ករណី​ជុំវិញ​កូ​រ៉ូ​ណា​វីរុស​នៅ​កម្ពុជា​៖ អ្នក​ផ្សព្វផ្សាយ​សុំទោស និង​ត្រូវបាន​ណែនាំ​
30, Jan 2020 , 1:43 pm        
រូបភាព
​ពី​ខេត្ត​ព្រះសីហនុ ដល់​សៀមរាប វិល​មក​ភ្នំពេញ ហើយ​ឈានដល់​ពោធិ៍សាត់ និង​កោះកុង ក៏ដូចជា​បណ្តា​ខេត្ត​មួយចំនួន ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បាន​រាលដាល​លឿង​ជាង​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​ទៅទៀត​។ ពីរ​ថ្ងៃក្រោយ កម្ពុជា ប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​លើ​ទេសចរ​ចិន​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏ដូចជា​អ្នក​ផ្សព្វផ្សាយ​មួយចំនួន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ភ័យខ្លាច ដោយសារ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់​របស់​ពួកគេ​។​



​កាលពី​ថ្ងៃទី​២៧ ខែមករា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ល្បី​ម្នាក់ បាន​បង្ហោះ​វីដេអូ​នារី​មាន​ដែលមាន​អា​ការៈមិន​ស្រួល​។ ក្រោយមក សារ​នេះ បាន​ចែករំលែក​បន្តទៅ​មនុស្ស​រាប់ពាន់នាក់ ដោយសារ​ម្ចាស់​សំណេរ​បានដាក់​ការសន្និដ្ឋាន​ដោយ​ខ្លួនឯង​ថា យុវតី​នៅ​ខេត្ត​ព្រះសីហនុ​រូបនោះ មាន​កូ​រ៉ូ​ណាវី​រុស​។​

​រដ្ឋបាលខេត្ត ជាពិសេស​លោក អភិបាលខេត្ត គួច ចំរើន បាន​ច្រានចោល​ភ្លាម ពីព្រោះ​តាម​ធាតុពិត នារី​រូបនោះ មាន​អាកា​រៈ​មាន​ជំងឺ​ឈាមស​ឡើង និង​ខ្វះ​ជាតិ​ស្ករ មិនមែន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នោះឡើយ​។ ក្រោយមក អ្នកប្រើប្រាស់​បណ្តាញ​សង្គម​រូបនោះ បាន​លុបចោល​វីដេអូ​វិញ ហើយ​សុំទោស​។​

​នៅ​ខេត្ត​ព្រះសីហនុ​ដដែល កាលពី​ថ្ងៃទី​២៨ ខែមករា មានការ​បង្ហោះ​ឃ្លី​ប​វីដេអូ ដែល​បាន​អះអាងថា មនុស្ស​ម្នាក់​ស្លាប់​នៅ​កាស៊ីណូ​មួយ ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ ប៉ុន្តែ​តាមពិត រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​រកឃើញថា បុរស​ចិន​នោះ មាន​ជំងឺ​ក្រពះ ហើយ​ត្រូវបាន​បញ្ជូនទៅ​គ្លីនិក ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​

​នៅ​ខេត្តសៀមរាប​ឯណោះ​វិញ សំឡេង​សន្ទនា​មួយ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​ពេញ Group Chat ហ្វេ​ស​ប៊ុ​ក ដោយបាន​អះអាងថា មាន​ករណី​ជនជាតិ​ចិន​៤​នាក់ កើត​កូ​រ៉ូ​ណាវី​រុស ហើយ​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ​។ ភាគី​សណ្ឋាគារ​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​ចង់​ប្តឹង​អ្នក​ដែល​បាន​បង្ហោះ Fake News រីឯ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ទៅដល់​ភ្លាម​នៅ​ទីតាំង​ដែល​បាន​ផ្សាយ ប៉ុន្តែ​គ្មាន​សញ្ញាណ​ណាមួយ​ឡើយ​។ មួយថ្ងៃ​ក្រោយមក ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ​ឃើញ​ម្ចាស់​សំឡេង ហើយ​តម្រូវ​ឲ្យ​ពួកគេ​សន្យា និង​សុំទោស​ជា​សាធារណៈ​។​

​ងាក​ទៅ​ខេត្តកោះកុង មន្ទីរ​សុខាភិបាល​នៅ​ខេត្ត​តំបន់​សមុទ្រ​មួយ​នេះ បាន​ច្រានចោល​ព័ត៌មាន​ដែលថា បុរស​ចិន​ពីរ​នាក់​មាន​កូ​រ៉ូ​ណាវី​រុស និង​ជា​ករណី​ទី​បី​នៅ​កម្ពុជា​។ សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដំបូង បាន​សរសេរ​អត្ថបទ​កែតម្រូវ និង​សុំទោស​ជា​សារ​ធារ​ណៈ ពីព្រោះ​អ្នក​ទាំងនោះ មិនមាន​រោគសញ្ញា​អ្វី​នោះឡើយ​។​

​នៅ​រាជធានី​ភ្នំពេញ អ្នក​ផ្សាយ​ព័ត៌មាន​អន​ឡាញ​ដ៏​ល្បីល្បាញ​ម្នាក់ បាន​ទៅ​ថត​ឡាយ​នៅមុខ​មន្ទីរ​ពេទ្យរុស្ស៊ី ដោយ​លើកឡើង​ពី​ករណី​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​លើ​ជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើ​ឲ្យ​គេ​យល់ច្រឡំ​ថា កើត​កូ​រ៉ូ​ណាវី​រុស​។ មន្ត្រី​មន្ទីរពេទ្យ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ ថា​គ្មាន​ករណីនេះ​នោះឡើយ ដែល​យប់​ថ្ងៃ​ដដែល អ្នក​ផ្សាយ​ឈ្មោះ K01 បាន​សរសេរ​លិខិត​សុំទោស និង​ឡាយ​វីដេអូ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​នៅ​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​ហៅ​ស្ត្រី​ម្នាក់​ទៅ​ព្រមាន ក្រោយ​ស្ត្រី​រូបនោះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​អ្នក​ពោធិ៍សាត់​យើង​ប្រយ័ត្នប្រយែង ជំងឺ​កូ​រ៉ូ​ណា បាន​ឆ្លង​១​នាក់​ហើយ​»​។ អាជ្ញាធរ ចាត់ទុក​សារ​នេះ ជា​ចេតនា​បំពុលសង្គម ដោយ​បំភ័យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺ​កូ​រ៉ូ​ណាវី​រុស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​បណ្តាញ​ព័ត៌មាន​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ សម្តេច​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនមាន​ការដាក់ទោស​អ្វី​នោះឡើយ ដោយ​គ្រាន់តែ​ហៅ​អប់រំ និង​ព្រមាន ដោយ​សម្តេច​ទាមទារ​ឲ្យ​សារព័ត៌មាន​អាជីព ជាពិសេស​ទូរទស្សន៍​ដើរតួនាទី​ឲ្យ​លេចធ្លោរ​ជាង​ក្រុម​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ដែល​មិនមែនជា​តួអង្គ​សារព័ត៌មាន​ពេញលេញ​។​

​ដោយឡែក​កាលពី​ថ្ងៃទី​២៩ ខែមករា ផងដែរ ក្រសួង​ព័ត៌មាន​ក៏បាន​ក្រើនរំលឹក​សារព័ត៌មាន​ទាំងអស់​ឲ្យ​ឆាប់​កែតម្រូវ​ក្នុងករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​គ្មាន​ប្រភព​ច្បាស់លាស់​៕



Tag:
 កូរ៉ូណាវីរុស
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com