កីឡាជាតិ
ជាតិ
លោក សុខា រ៉ា​នាថ និង ឡៃ សុធា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង FFC
30, Jan 2020 , 7:39 pm        
រូបភាព
លោក សុខា រ៉ានាថ (កណ្តាល)ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក សុខា រ៉ានាថ (កណ្តាល)ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​លោក សុខា រ៉ា​នាថ និង​លោក ឡៃ សុធា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។

 
​បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការតែងតាំង​នេះ គឺ​ដើម្បី​ជំនួស​លោក ម៉ៃ តុលា ដែល​បាន​លាលែង​ឈប់​ពី​តំណែង​អគ្គលេខាធិការរង​សហព័ន្ធ​កាលពីពេល​កន្លងទៅ​។ តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នៃ​ការលាឈប់​របស់លោក តុលា នោះឡើយ​។ 
 
​បើតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការតែងតាំង​ខាងលើ​គឹ​បន្ថែម​លើ​មុខងារ​ពួកគេ​បច្ចុប្បន្ន​។ ក្នុងន័យនេះ លោក សុខា រ៉ា​នាថ ត្រូវ​កាន់​តួនាទី​ជា​អគ្គលេខាធិការរង​ផង និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង ខណៈ​លោក ឡៃ សុធា ជា​អគ្គលេខាធិការរង​ផង និង​ជា​អ្នកសម្របសម្រួល​បច្ចេក​ទេស និង​ទំនាក់ទំនង​អន្តរជាតិ​ផង​។ 
 
​លោក សុខា រ៉ា​នាថ បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​ទីផ្សារ និង​ទំនាក់ទំនង​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក​កាលពី​អំឡុង​ឆ្នាំ​២០១៣​។ គាត់​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ផ្នែក​ទីផ្សារ​និង​ទំនាក់ទំនង​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៤ ក្រោយ​មានការ​ស្នើ​ពី​លោក សៅ សុខា ដែលជា​ឪពុក ឲ្យ​មកជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។​
 
​លោក ឡៃ សុធា ធ្លាប់​ប្រវត្តិ​ដឹកនាំ​ក្លិប​បាល់ទាត់​មួយចំនួន ជាពិសេស​ក្លិប​កីឡាបាល់ទាត់​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ឬ​វេ​ស្ទើ​ន​យូ​ណាយ​ធី​ត​៕

Tag:
 បាល់ទាត់​
  សុខា រ៉ា​នាថ​
  ឡៃ សុធា​
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com