ពីនេះ ពីនោះ
បើអ្នកអានឆ្លាត ពេលនោះ ព័ត៌មាន«បំពុល និងបំប៉ោង»ងាប់ឯង!
× នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សំណាង និង សុធី ជជែកគ្នាពីរឿង កូរ៉ូណា វីរុស ដែលកំពុងវាយប្រហារប្រទេសជាច្រើន ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែ អ្វីដែល សំណាង និង សុធី មួម៉ៅខ្លាំង គឺការបាចសាចព័ត៌មានបំពុល និងបំប៉ោងលើព្រឹត្តិការណ៍មួយនេះ។
សុធីរ៖ អា សំណាង!។ អាណា៎ជាអ្នកបង្កើតព័ត៌មានបំពុល និងបំប៉ោង នៅពេលមេរោគ កូរ៉ូណា កំពុងវាយលុកប្រទេសជាច្រើន និងកម្ពុជាផងដែរនោះ?
សំណាង៖ អ្នកបំពុល និងបំប៉ោង ច្រើនជាអ្នកមិនយល់ពីប្រភពព័ត៌មានច្បាស់លាស់។ ច្រើនជាអ្នកតាំងខ្លួនជាអ្នកសារព័ត៌មាន ទោះបីខ្លួនមិនមានអាជីពនេះក៏ដោយ។ ឧទាហរណ៍ ដូចជា អ្នកសារព័ត៌មានប្រជាពលរដ្ឋខ្លះជាដើម។ អ្នកខ្លះ រាយការណ៍ព័ត៌មានបន្ត ដោយផ្អែកលើប្រភពលឺគេថាតៗគ្នា។
សុធីរ៖ អ៊ីចឹងមិនវ៉ល់ទៅហើយ សំណាង?
សំណាង៖ រឿងវ៉ល់ វាលើសពីវ៉ល់ទៅទៀត។ អ្នកខ្លះ ចេះតែនាំគ្នាសរសេរ ចេះតែនាំគ្នាចែកចាយដំណឹងគ្មានប្រភព។ ម្យ៉ាងទៀត ឥឡូវនេះ គេនាំគ្នាតាំងខ្លួនធ្វើជាអ្នកសារព័ត៌មានទាំងអស់គ្នាទៅហើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ តាមពិត សារព័ត៌មាន គឺជាអាជីពមួយធំ និងសំខាន់ណាស់។ អ្នកសារព័ត៌មានត្រូវមានចំណេះដឹងខ្ពស់និងគ្រប់ជ្រុងជ្រោយទាំងក្នុងជំនាញសារព័ត៌មាន និងចំណេះដឹងទូទៅលើវិស័យផ្សេងៗ។ គ្រប់គ្នាមិនអាចតាំងខ្លួនជាអ្នកសារព័ត៌មានបានទេ។
សុធីរ៖ អ៊ីចឹង ធ្វើម៉េចដើម្បីចៀសវាងព័ត៌មានបំប៉ោង និងបំពុល?
សំណាង៖ រឿងនេះ វាពិបាកបន្តិច។ ប៉ុន្តែ មធ្យោបាយដំបូង គឺអ្នកអាន(អ្នកទទួលព័ត៌មាន)ត្រូវកុំចាញ់បោកព័ត៌មានបោកប្រាស់។ អ្នកអានត្រូវចេះត្រួតពិនិត្យប្រភពព័ត៌មាន ត្រូវចេះជ្រើសរើសស្ថាប័នសារព័ត៌មានដែលខ្លួន«ទុកចិត្ត»ដើម្បីអាន។ គេពិបាកលុបបំបាត់អ្នកបំប៉ោង និងបំពុល ព័ត៌មានណាស់។ តែគេអាចបង្រៀនអ្នកអានឲ្យឆ្លាត ក្នុងការជ្រើសរើសព័ត៌មាន យកមកអានឲ្យត្រឹមត្រូវបាន។ អា សុធីរ អញគិតថា បើអ្នកអានឆ្លាត ពេលនោះ អ្នកសរសេរភូតភរគេ នឹងអស់ប្រជាប្រិយភាពដួលបះជើងតែម្តង។ អ្នកអានត្រូវតែឆ្លាតៗ………….។
នៅលើប្រធានបទនេះ សំណាង និងសុធី មានគំនិតស្របគ្នាច្រើននៅព្រឹកនេះ។សំឡាញ់ទាំងពីរសន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com