អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ពីរ​ករណី​ទៀត ខណៈពេល​ម៉ាឡេស៊ី​កើន ១​ករណី​
30, Jan 2020 , 4:53 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមករា កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ២​ករណី​បន្ថែមទៀត ខណៈពេល​ម៉ាឡេស៊ី រកឃើញ​១​ករណី​។


 
​បើតាម​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ពីរ​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ មាន​ករណី​ឆ្លង​កើន​ដល់ ៦​ករណី​។ ចំពោះ​ពីរ​ករណី​ចុងក្រោយ​នេះ មន្ត្រី​ជំនាញ បាន​អះអាងថា មាន​ម្នាក់ គឺ​បាន​ត្រលប់​មកពី​ទីក្រុង​វូ​ហាន ហើយ​ចំណែក​ករណី​មួយទៀត គឺជា​ការឆ្លង​ពី​មនុស្ស ទៅ​មនុស្ស​។ ការណ៍​នេះ គឺជា​លើកដំបូង​នៅលើ​ទឹក​កូរ៉េខាងត្បូង ដែលមាន​ការឆ្លង​ពី​មនុស្ស​ទៅ​មន​ស្ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ ម៉ាឡេស៊ី បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​មួយ​ករណី​បន្ថែមទៀត ដែល​នេះ​គឺជា​ករណី​ទី ៨ របស់​ម៉ាឡេស៊ី​។ បើតាម​អាជ្ញាធរ​សុខាភិបាល ស្ត្រី​វ័យ ៤៩​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​នៅ ក្រុង Johor Bahru ប៉ុន្តែ​លោកស្រី មាន​ស្ថានភាព​ជំងឺ​ល្អប្រសើរ​នៅឡើយ​។​
 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ កូរ៉េខាងត្បូង នឹង​បញ្ជូន​យន្តហោះ​មួយគ្រឿង ទៅ​ទទួល​ប្រជាជន​របស់ខ្លួន ដែល​រស់នៅក្នុង​ក្រុង​វូ​ហាន នា​វេលាយប់​ថ្ងៃទី​៣០ ខែមករា​។ ការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង បាន​ពន្យារពេល​អស់​ជាច្រើន​ម៉ោង ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ចិន​។ ក្នុង​វេលា​ម៉ោង​៨ និង ៤៥​នាទី​យប់ យន្តហោះ​នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ  Incheon ទៅយក​ប្រជាជន​ប្រមាណ​ជា ៣០០​នាក់​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានគ្រោង​យក​យន្តហោះ​ចំនួន​ពីរ​គ្រឿង ទៅ​ជម្លៀស​ប្រជាជន​របស់ខ្លួន និង​ពីរ​គ្រឿង​ទៀត​នៅ​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​ត្រូវបាន​ចិន​បដិសេធ និង​អនុញ្ញាត​ឲ្យ​ជម្លៀស​ប្រជាជន​តែមួយ​គ្រឿង​ប៉ុណ្ណោះ​។ ម្យ៉ាង​យន្តហោះ​ត្រូវ​ហោះ​ចេញ​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃទី​៣០ ខែមករា ម្លេះ ប៉ុន្តែ​ត្រូវ​ពន្យារ​រហូតដល់​ម៉ោង ៨​យប់​។ ហេតុផល​នៃ​ការពន្យារ​នេះ មិន​ត្រូវបាន​មន្ត្រី​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ឡើយ​៕

Tag:
 កូរ៉េខាងត្បូង​
  ចិន​
  ម៉ាឡេស៊ី​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com