អន្តរជាតិ
ម៉ាឡេស៊ី ចាប់ខ្លួន​មនុស្ស ៤​នាក់​ពីបទ​ចែករំលែក​ព័ត៌មាន​មិន​ពិត​ទាក់ទង​កូ​រ៉ូ​ណាវី​រុស​
30, Jan 2020 , 9:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៩ ខែមករា បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ ពីបទ​ចែករំលែក​ព័ត៌មាន​មិន​ពិត លើ​បណ្តាញ​សង្គម ជុំវិញ​ករណី​កូ​រ៉ូ​ណាវី​រុស​។ អ្នក​ទាំង ៤​នេះ អាច​នឹងរង​ពិន័យ​ជា​ទឹកប្រាក់ ឬ​ជាប់ពន្ធនាគារ ឬ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​និង​ពិន័យ​ជា​ប្រាក់​ទាំងពីរ​។ 


 
​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និង​ទូរគមនាគមន៍​ម៉ាឡេស៊ី មនុស្ស ៤​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ២៤​ឆ្នាំ ដល់ ៤៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចូលទៅ​ចាប់ខ្លួន ជុំវិញ​បញ្ហា​ចែករំលែក និង​សរសេរ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម​ដូចជា Facebook និង Twitter ជាដើម​។ ប្រតិបត្តិ​ការចូលទៅ​ចាប់ខ្លួន​នេះ ធ្វើឡើង​នៅក្នុង​រដ្ឋ Kedah, រដ្ឋ Pahang និង​រដ្ឋ​Malacca ។ 
 
​ជន​ទាំង​៤ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នោះ​មានដូចជា គ្រូបង្រៀន​ក្រៅ​ម៉ោង​វ័យ ៤៩​ឆ្នាំ និង​ឱសថការី​ពីររូប​ទៀត ដែលមាន​អាយុ ២៥​ឆ្នាំ និង ៣០​ឆ្នាំ​។ ពួកគេ​ត្រូវ​ចាប់ខ្លួន​ពីបទ​សរសេរ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម Facebook ចំណែក​និស្សិត​សកលវិទ្យា​ល័យ​ម្នា​ក់វ័យ ២៤​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពីបទ​ចែករំលែក​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម Twitter​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama​។ 
 
​ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​នេះ សមត្ថកិច្ច​ម៉ាឡេស៊ី រឹបអូស​បាន​វត្ថុតាង​ដូចជា ទូរ​សព្ទ​ដៃ​ចំនួន ៤​គ្រឿង ស៊ីម​កាត​ចំនួន​៥ និង Memory card ចំនួន​២ ។​
 
​បើតាម​ច្បាប់​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និង​ទូរគមនាគមន៍​ម៉ាឡេស៊ី រាល់​ជន​ទាំងឡាយណា ដែល​បាន​ប្រព្រឹត្ត​កំហុស ពាក់ព័ន្ធ​ទៅនឹង​ការចែករំលែក​ព័ត៌មាន​ប្រមា​ជ និង​គំរាមកំហែង ត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ១​ម៉ឺន​ដុល្លារ ឬ​ដាក់ពន្ធនាគារ​រហូតដល់ ១​ឆ្នាំ ឬ​អាច​ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​។ ប្រសិន​ក្នុងករណី​មិន​រាងចាល ជន​ទាំងនោះ​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​មួយថ្ងៃ​ប្រមាណ ២៤០​ដុល្លារ​បន្ថែមទៀត​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​២៨ ខែមករា កន្លងទៅ ម៉ាឡេស៊ី ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ វ័យ ៣៤​ឆ្នាំ​ផងដែរ ពីបទ​ចែករំលែក​ព័ត៌មាន​មិន​ពិត​ជុំវិញ​កូ​រ៉ូ​ណាវី​រុស នៅលើ​បណ្តាញ​សង្គម Facebook​។ គិត​ត្រឹម​ពេលនេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​ចំនួន ៨​ករណី ហើយ​អ្នក​ទាំងអស់នោះ គឺជា​ជនជាតិ​ចិន​៕

Tag:
 ម៉ាឡេស៊ី​
 ​ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com