ជាតិ
មេធាវី​រដ្ឋាភិបាល ថា មាន​ភស្តុតាង​ដែល​លោក កឹម សុខា យកលុយ​ពីរ​ដ្ឋ​បរទេស ធ្វើ​សកម្មភាព​នៅ​កម្ពុជា​
30, Jan 2020 , 5:15 pm        
រូបភាព
​ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល ថា ខ្លួន​មាន​ភស្តុតាង​ដែល​លោក កឹម សុខា យកលុយ​ពីរ​ដ្ឋ​បរទេស មក​ធ្វើ​សកម្មភាព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​។ ការអះអាង​របស់​មេធា​វី​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​សវនាការ​ក្តី​សួរដេញដោល​លើ​សកម្មភាព​នយោបាយរ​ប​ស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២  នៅ​ព្រឹក​ថ្ងៃទី​៣០ មករា នេះ​។​

 
«​ព្រឹក​មិញ​នេះ​(​មេធាវី​លោក កឹម សុខា​) មានការ​ដាក់​ឯកសារ​ដូចជា​រូបថត​ច្រើន ដែល​ចំពោះ​យើងខ្ញុំ​ពិនិត្យឃើញថា ភស្តុតាង​ហ្នឹង​វា​គ្មាន​ន័យ​អ្វី សម្រាប់​ដោះ​បន្ទុក​របស់គាត់​បានទេ​» ។ នេះ​ជាការ​អះអាង​របស់លោក គី តិច ដែល​បាន​បន្ថែមថា ការដាក់​ភស្តុតាង ដែល​បង្ហាញ​ពី​រូបថត​ចាប់ដៃ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​ជប៉ុន​នោះ វា​មិនអាច​បញ្ជាក់ថា លោក កឹម សុខា មិនបាន​ទទួល​ថវិកា​ពី​បរទេស​នោះឡើយ ។ លោក គី តិច បាន​អះអាង​ប្រាប់​អ្នកកាសែត​បែបនេះ​។​
 
​នៅក្នុង​បន្ទប់​សវនាការ​លើក​ទី​៦ នៃ​សប្ដាហ៍​ទី​៣ លើ​សំណុំរឿង​លោក កឹម សុខា នេះ មេធាវី​ការពារ​ក្តី​លោក បានដាក់​ឯកសារ​និង​ភស្តុតាង​បន្ថែម ដើម្បី​ដោះ​បន្ទុក​កូនក្តី​ខ្លួន​។ ភស្តុតាង​នេះ គឺជា​រូបថត​របស់លោក កឹម សុខា ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស រួមមាន​ចិន ជប៉ុន ឆែក និង​អង្គការ​អន្តរជាតិ​ជាដើម នាគ្រា​ដែល​លោក ធ្វើជា​សមាជិក​ព្រឹទ្ធសភា ក្នុង​គណៈកម្មាធិការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​។ តាមរយៈ​រូបថត​ទាំងនោះ លោក កឹម សុខា បាន​បកស្រាយ​ប្រាប់​អង្គ​សវនាការ​ជា​បន្តបន្ទាប់​ពី​សកម្មភាព​ខ្លួន ដែល​ជួប​ថ្នាក់ដឹកនាំ​បរទេស ក្នុងការ​ទាញ​ផលប្រយោជន៍​សម្រាប់​កម្ពុ​ជា​។ ក្នុងនោះ​លោក ធ្លាប់​ពិភាក្សា​ទទួលបាន​ជំនួយ​ពី​សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ ក្នុង​ការកសាង​អគារ និង​សម្ភារៈប្រើប្រាស់​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាដើម​។​
 
​ដោយឡែក​សកម្មភាព​ទំនាក់ទំនង​ជាមួយ​វិទ្យាស្ថាន National Democratic Institute( NDI) និង International Republican Institute(IRI) វិញ លោក កឹម សុខា បាន​អះអាងថា ខ្លួន​មិនដែល​ទទួល​ជំនួយ​ថវិកា​ពី​អង្គការ​ទាំងពីរ​នេះឡើយ ពោលគឺ​ទទួល​បានតែ​ការបណ្ដុះបណ្ដាល​ទាក់ទង​គោលនយោបាយ ជុំវិញ​ការបោះឆ្នោត​ប៉ុណ្ណោះ​។ បើតាម​លោក កឹម សុខា អង្គការ​អន្តរជាតិ​នេះ តែងតែ​ចូលរួម​បណ្ដុះបណ្ដាល​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​ក្នុងនោះ​រួម​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សម រង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សិទ្ធិមនុស្ស រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​។​
 
«​ខ្ញុំ​ចង់​បញ្ជាក់ថា ប្រទេស​លោកខាងលិច ប្រទេស​លោក​ខាងកើត ប្រទេស​កណ្ដាល គឺ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ទាំងអស់​ឱ្យតែ​មាន​ផលប្រយោជន៍​ដល់​កម្ពុជា​…​។ ខ្ញុំ​មិនដែល​មានរឿង​សម្ងាត់​អ្វី​ទេ​»​។ នេះ​ជាការ​អះអាង​របស់លោក កឹម សុខា នៅក្នុង​បន្ទប់​សវនាការ ដែល​ឆ្លើយតប​នឹង​សំនួរ​អង្គ​សវនាការ ជុំវិញ​ភាពស្រពិចស្រពិល​លើ​សកម្មភាព​លោក ជាមួយ​បរទេស ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២​។​
 
​វា​គ្រាន់តែ​ជាការ​បកស្រាយ​របស់លោក កឹម សុខា ប៉ុណ្ណោះ​។ លោក គី តិច មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា លោក​មាន​ភស្តុតាង ដែល​បង្ហាញថា​លោក កឹម សុខា មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​រដ្ឋ​បរទេស​ក្នុងការ​រៀបចំ​ផែនការ ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​។ 
 
« សូមបញ្ជាក់ថា រូបថត​សម្រាប់​ដោះ​បន្ទុក​នេះ វា​គ្មាន​ន័យ​អ្វី​ទេ ពីព្រោះ​បើ​យើង​បញ្ជាក់​ឱ្យ​ច្បាស់ រូបថត​ខ្លះ ដែល​គាត់​(​កឹម សុខា​)​អង្គុយ​ពិភាក្សា​ការងារ​រៀបចំ​ផែនការ​ជាមួយ​រដ្ឋ​បរទេស គឺ​គាត់​អត់​ហ៊ាន​ដាក់​មក​(​ធ្វើ​ភស្តុតាង​)​ទេ គាត់​ដាក់​មក​ច្រើនតែ​រូបថត​ចាប់ដៃ​ទទួលភ្ញៀវ ដោយ​គាត់​ចង់​បង្ហាញថា គាត់​មិនមែន​ជួបតែ​រដ្ឋ​បរទេសមួយ​ទេ គឺ​គាត់​ជួប​ជាមួយ​ប្រធានាធិបតី​ចិន និង​ជប៉ុន ប៉ុន្តែ​រូបថត​ដោះ​បន្ទុក​ហ្នឹង​វា​គ្មាន​ន័យ​»​។ នេះ​ជាការ​លើកឡើង​របស់​មេ​ធា​វី​រដ្ឋាភិបាល ដែល​ឆ្លើយ​ទាំង​ទឹកមុខ​ញញឹម​ថា លោក​មាន​រូបថត សម្រាប់​ធ្វើជា​ភស្តុតាង​ដាក់បន្ទុក​លោក កឹម សុខា បន្ថែមទៀត ប៉ុន្តែ​លោក​មិនទាន់​បញ្ចេញ​មកឱ្យ​អស់​នោះទេ ។ 
 
​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​សវនាការ លោក គី តិច ដែល​ឈរ​អមដោយ​សមាជិក​មេធាវី​៣​នាក់​ទៀត បាន​សង្កត់ធ្ងន់ថា ៖«​តិច​និក​ដែល​ហៅថា​បច្ចេកទេស​របស់​មេ​ធា​វី យើង​អាច​វាយ​ឆ្វេង​ក៏បាន​វាយ​ស្ដាំ​ក៏បាន ហើយ​យើង​ទុក​វាយ​ពេល​ឱកាស​មកដល់​»​។​
 
​ស្ថិតនៅក្នុង​បន្ទប់​សវនាការ​រយៈពេល​ជាង​៣​ម៉ោង លោក កឹម សុខា បាន​ឡើង​ក្រោកឈរ​ឆ្លើយ​សំនួរ​ច្រំ​ដែល ជុំវិញ​ថវិកា​ធ្វើ​សកម្មភាព​នយោបាយ និង​សកម្មភាព​សិទ្ធិមនុស្ស​របស់លោក​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះក្តី​, លោក ប្លង់ សុផល និង​លោក ធា​ម ពិសិដ្ឋ អយ្យការ​អម​សាលាដំបូង និង​លោក លី ចាន់​តុលា សុទ្ធតែ​សួរ​ម្ដង​ហើយ​ម្ដងទៀត អំពី​របាយការណ៍​ចំណូល​ចំណាយ​របស់លោក កឹម សុខា ក្នុងការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០០៧​។​
 
​សំនួរ​ដដែល​ចុងក្រោយ ដែល​ចេញពី​លោក លី ចាន់​តុលា មេធាវី​រដ្ឋប្បវេណី បាន​សួរ​ទៅ​លោក កឹម សុខា ថា តើ​ប្រភព​លុយ​សម្រាប់​បង្កើត​បក្ស​នោះ លោក​បាន​មកពីណា ? 
 
«​ថវិកា បានមកពី​ខ្មែរ​»​។ លោក កឹម សុខា ឆ្លើយ​បែប​ធុញទ្រាន់​ទៅ​សំនួ​រលោក លី ចាន់​តុលា​។ ឆ្លើយ​ទាំង​ទឹកមុខ​មុតមាំ​លោក កឹម សុខា បាន​ឆ្លើយ​បែប​ឌឺដង​ថា លោក​បាន​បកស្រាយ​ជាច្រើន​ដង​ហើយ លើ​បញ្ហា​ថវិកា​នេះ ។ មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ខ្មែរ​រស់នៅ​ក្រៅប្រទេស និង​ក្នុងប្រទេស​អ្នកផ្ដល់​ថវិកា​ជួយ​បក្ស គឺ​អត់​មាន​យកលុយ​រដ្ឋ​បរទេស​ទេ​»​។​
 
​ប៉ុន្តែ​ថវិកា​ចំណាយ​នៅក្នុង​របាយការណ៍​រប​ស់លោក ដែលមាន​ទឹកប្រាក់​៨​ពាន់​ដុល្លារ​, ៥​ពាន់​ដុល្លារ ,២​ពាន់​ដុល្លារ និង​ឡើងដល់​២​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​នេះ​។ តើ​វា​ចំណាយ​គ្រប់គ្រាន់​ដែរ សម្រាប់ធ្វើ​សកម្មភាព​នយោបាយ ? ចុះ​ការធ្វើ​វេទិកាសាធារណៈ និង​ឃោសនា​នយោបាយ​នោះ តើ​លោក​ចំណាយ​អស់​ប៉ុន្មាន បានជា​មិន​បញ្ចូល​ក្នុង​របាយការណ៍​ចំណាយ​? នេះ​ជា​សំនួរ​របស់លោក លី ចាន់​តុលា​។​
 
«​ប្រហែលជា​លោក មិន​ទុកចិត្ត​ក្រសួងមហាផ្ទៃ​ហើយ បានជា​យក​បញ្ហា​ហ្នឹង​មក​សួរ​ខ្ញុំ​ម្ដង​ហើយ​ម្ដងទៀត​»​។ លោក កឹម សុខា ដែល​អះអាង​ខ្លាំងៗ​ថា ខ្លួន​មិន​ខ្លាច​នឹង​ឆ្លើយ​សំនួរ​របស់​មេធាវី​ក្នុង​សវនាការ​នោះ បាន​បកស្រាយ​ថា ការចូលរួម​សកម្មភាព​នយោបាយ​ពី​សំណាក់​ពលរដ្ឋ និង​រៀបចំ​វេទិកាសាធារណៈ​នោះ វា​ជា​ទឹកចិត្ត​របស់​ពលរដ្ឋ ដែល​ពួកគេ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ហើយ​បក្ស​មិន​ចំណាយ​ច្រើន​លើ​ចំណុច​ទាំង​នេះឡើយ​។  
 
«​ខ្ញុំ​យល់ថា ក្រសួងមហាផ្ទៃ​អត់​ធ្វើការ​ទេ​អី បានជា​លោក​យក​របាយការណ៍​នេះ មក​គាស់កកាយ​ដូចនេះ​»​។ លោក កឹម សុខា ថ្លែង​សើចចំអក​បែបនេះ ទៅកាន់​មេធាវី​រដ្ឋាភិបាល មុន​បញ្ចប់​សវនាការ​។​
 
​ដ្បិត​លោក កឹម សុខា អះអាង​បែបនេះ​ក្តី ប៉ុន្តែ​លោក គី តិច នៅតែ​សង្កត់ធ្ងន់ថា លោក​មាន​ភស្តុតាង​ដែល​បង្ហាញថា លោក កឹម សុខា បានទទួល​យកលុយ​បរទេស សម្រាប់ធ្វើ​សកម្មភាព​នយោបាយ​។ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល បាន​ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ​ថា​៖«​នៅក្នុង​ដំណាក់​បន្ទាប់ យើង​នឹង​បង្ហាញជូន​ភស្តុតាង ដូច​ខ្ញុំ​បានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ដោយសារ​ដំណាក់​កាលណា ដែល​យើង​ដាក់​ភស្តុតាង​មាន​ប្រយោជន៍​សម្រាប់​ដាក់បន្ទុក​លើ កឹម សុខា យើង​នឹងដាក់​ពេល​ហ្នឹង​»​។​
 
​បើតាម​លោក គី តិច ភស្តុតាង​គឺមាន​នៅក្នុង​សំណុំរឿង​បទ «​សុ​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស​» នេះ​ស្រាប់​ហើយ​។​
 
​កាលពី​ថ្ងៃទី​២៩ មករា លោក កឹម សុខា ក៏បាន​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​អាមេរិក មក​សាកសួរ​ជុំវិញ​បទ​ចោទ​ខ្លួន​ផងដែរ ប៉ុន្តែ​អយ្យការ​សាលាដំបូង អះអាងថា ច្បាប់​ស្រុក​ខ្មែរ ដាក់ទោស​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ៕

Tag:
 កឹម សុខា
  សិទ្ធិមនុស្ស​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com