អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ជប៉ុន​ឡើងដល់​១៤​ករណី សិង្ហ​បុរី​១៣ អូស្ត្រាលី​មាន​៩
30, Jan 2020 , 10:32 pm        
រូបភាព
រូបថត៖ AFP
រូបថត៖ AFP
ដោយ: រួបរួម
​ជប៉ុន សិង្ហ​បុរី អូស្ត្រាលី ក៏ដូចជា​ចិន សុទ្ធតែ​កើន​ករណី​អ្នកមាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជប៉ុន​ឡើងដល់​១៤​ករណី សិង្ហ​បុរី​ឡើងដល់​១៣ និង​អូស្ត្រាលី​ឡើងដល់​៩ ស្របពេល​អ្នកជំងឺ​សរុប​ឡើងដល់​ជាង​៨០០០​នាក់ និង​មាន​អ្នកស្លាប់​១៧០​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​១០ និង​៣០​នាទី ល្ងាច​ថ្ងៃទី​៣០ ខែមករា នេះ​។​



​ក្រោយ​អះអាង​ពី​ការរកឃើញ​អ្នកជំងឺ​៣​នាក់ ដែល​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាង​២០០​នាក់​ដែល​ត្រូវបាន​ជម្លៀស​ពី​វូ​ហាន ទូរទស្សន៍ NHK បាន​អះអាង​ពី​ការរកឃើញ​អ្នកជំងឺ​បីនាក់​បន្ថែមទៀត​នៅ​ជប៉ុន ដែល​ឲ្យ​ចំនួន​អ្នកជំងឺ​សរុប​នៅ​ជប៉ុន កើន​ដល់​១៤​ករណី​។​

​អ្នក​ទាំងបី​នាក់​នោះ មាន​និស្សិត​ចិន​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្រុង​ក្យូ​តូ បុរស​បរទេស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ និង​ស្ត្រី​អ្នក​នាំ​ភ្ញៀវ​វ័យ​ប្រមាណ​៣០​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ហ៊ូ​ណាន​។

​នៅ​សិង្ហ​បុរី ករណី​សរុប​ឡើងដល់​១៣ បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​អះអាង​ពី​លទ្ធ​វិជ្ជមាន​របស់​មនុស្ស​៣​នាក់​បន្ថែមទៀត​។ អ្នក​ទាំងនោះ សុទ្ធតែជា​ស្ត្រី​ទាំងអស់​ដែលមាន វ័យ​៣១​ឆ្នាំ ៣៦​ឆ្នាំ និង​និង​ឆ្នាំ ដែល​សុទ្ធតែ​ទៅលេង​សិង្ហ​បុរី​ជាមួយ​ក្រុមគ្រួសារ​តាម​ការ​បរិច្ឆេទ​ផ្សេងៗ​គ្នា​។​

​នៅ​អូស្ត្រាលី អ្នកជំងឺ​ទី​ពីរ​នៅ​រដ្ឋ Queensland ត្រូវបាន​តេ​ស្តិ៍​រកឃើញ​រោគសញ្ញា ដែល​នាំ​ឲ្យ​អូស្ត្រាលី​ទាំងមូល មាន​ចំនួន​កើន​ដល់​៩​ករណី​។ បើតាម​ការផ្សាយ​របស់ news.au.com អ្នកជំងឺ​ទី​៩​នោះ ជា​ស្ត្រីជន​ជាតិចិន​អាយុ​៤២​ឆ្នាំ មកពី​ក្រុង​វូ​ហាន​។ គាត់​ជា​សមាជិក​ក្នុង​ក្រុម​អ្នកទេសចរ​ជាមួយ​អ្នកជំងឺ​បុរស​វ័យ​៤៤​ឆ្នាំ នៅ Queensland ដូចគ្នា​។​

​ក្រៅពី​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណា រួមមាន ថៃ សិង្ហ​បុរី ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា វៀតណាម កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ ហ្វីលីពីន ឥណ្ឌា និង​ស្រីលង្កា​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com