អន្តរជាតិ
កូរ៉េខាងត្បូង ដឹក​ពលរដ្ឋ​ខ្លួន​៣២៧​នាក់​មកពី​វូ​ហាន ខណៈ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ឡើងដល់​៧
31, Jan 2020 , 9:23 am        
រូបភាព
យន្តហោះ Korean Air ដឹកពលរដ្ឋកូរ៉េខាងត្បូងចេញពីវូហាន មកដល់សេអ៊ូលនៅថ្ងៃទី៣១ ខែមករា។ រូបភាព AFP
យន្តហោះ Korean Air ដឹកពលរដ្ឋកូរ៉េខាងត្បូងចេញពីវូហាន មកដល់សេអ៊ូលនៅថ្ងៃទី៣១ ខែមករា។ រូបភាព AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣១ ខែមករា បាន​ដឹក​ពលរដ្ឋ​របស់ខ្លួន​៣២៧​នាក់​ចាក​ចេញពី​ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​។ ជាមួយគ្នានេះ ករណី​ឆ្លង​វីរុស​នេះ​ក្នុង​កូរ៉េខាងត្បូង ក៏​ឡើង​៧​ករណី ទោះ​ប្រទេស​ប្រឹង​ទប់ស្កាត់​ការ​រាលដាល និង​ការត្រួតពិនិត្យ​ក្នុងស្រុក​ក្ដី​។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា​នេះដែរ ចំនួន​អ្នកស្លាប់ និង​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​ពិសេស​នៅ​ទឹកដី​ចិន​តែម្ដង​។​

 
​យន្តហោះ​ពិសេស​របស់​អាកាសចរ​ណ៍ Korean Air ដឹក​ពលរដ្ឋ​កូរ៉េខាងត្បូង​៣២៧​នាក់ បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Gimpo នៃ​រដ្ឋធានី​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​៣១ ខែមករា ក្រោយ​ជម្លៀស​ពួកគេ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ជាទី​ដែល​កូ​រ៉ូ​ណា​វីរុស​កំពុង​រាតត្បាត​។ ពលរដ្ឋ​ទាំង​៣២៧​នាក់ ជា​ចំនួន​ពាក់​កណ្ដា​នៃ​ពលរដ្ឋ​កូរ៉េខាងត្បូង​ជាង​៧០០​នាក់ ដែល​បាន​ស្នើសុំ​ត្រឡប់​ទៅ​ទឹកដី​ខ្លួន​វិញ ជាមួយនឹង​ក្ដីបារម្ភ​នៃ​សុវត្ថិភាព​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​ឡើយ ព្រោះ​មាន​អកា​រៈ​ក្ដៅខ្លួន ដែលជា​សញ្ញា​នៃ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ អ្នកដំណើរ​ទាំងអស់ ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​យ៉ាង​តឹងរ៉ឹង​ទាំង​នៅ​ព្រលានយន្តហោះ​វូ​ហាន និង​នៅ​សេ​អ៊ូ​ល​។ អ្នក​ដែល​សញ្ញា​នៃ​ការឆ្លង​វីរុស​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ខណៈ​អ្នកដំណើរ​មិនមាន​រោគសញ្ញា​ណាមួយ នឹងត្រូវ​ទុក​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​
 
​តាម​គម្រោង​ដំបូង កូរ៉េខាងត្បូង គ្រោង​បញ្ជូន​យន្តហោះ​ពីរ​ទៅកាន់​វូ​ហាន គឺ​មួយ​ថ្ងៃទី​៣០ ខែមករា (​មកដល់​សេ​អ៊ូ​ល​វិញ​ថ្ងៃទី​៣១ ខែមករា​) និង​មួយទៀត​នៅ​ថ្ងៃទី​៣១ ខែមករា​។ ប៉ុន្តែ​ក្រោយ​ការជជែក​ជាមួយ​ចិន កូរ៉េខាងត្បូង​សម្រេចចិត្ត​បញ្ជូន​យន្តហោះ​ទៅ​តែមួយ​គ្រឿង​ប៉ុណ្ណោះ ហើយ​កំពុង​ចរចា​ជាមួយ​ចិន​ទាក់ទង​ការជម្លៀស​ពលរដ្ឋ​ដែល​នៅសល់​។ 
 
​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ភៀសខ្លួន​ទាំងអស់ នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីក្រុង​ពីរ​ដើម្បី​ទុក​ឲ្យ​នៅ​ដោយឡែក មុននឹង​អនុញ្ញាត​ឲ្យ​ដើរហើរ​ធម្មតា​។ បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង Asan និង Jincheon ដោយសារ​ប្រជាជន​ក្នុងស្រុក​មិន​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ដែល​ជ្រើសរើស​តំបន់​ពួកគេ​រស់នៅ​ធ្វើជា​កន្លែង​ត្រួតពិនិត្យ​បណ្ដោះអាសន្ន​។ ការភ័យខ្លាច​បាន​កើនឡើង បន្ទាប់ពី​មានការ​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​។​
 
​បច្ចុប្បន្ន ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស មាន​ចំនួន​៧ ដោយ​ករណី​ចុងក្រោយ​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែមករា​។ យុវជន​វ័យ​២៨​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា ឆ្លង​វីរុស​នេះ បាន​ត្រឡប់​មកពី​វូ​ហាន​នៅ​ថ្ងៃទី​២៣ ខែមករា តែ​មិនបាន​បង្ហាញ​សញ្ញា​អ្វី​ឡើយ​។ សព្វថ្ងៃ អាជ្ញាធរ​កូរ៉េខាងត្បូង កំពុង​ស្វែងរក​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ចុងក្រោយ​នេះ​៕

Tag:
 កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com