អន្តរជាតិ
ទី​ភ្នា​ក់ UNHCR សា្វគ​មន៍​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធមនុស្ស​លើ​ករណី​ជនភៀសខ្លួន​ដោយសារ​បញ្ហា​អាកាសធាតុ​
31, Jan 2020 , 7:59 pm        
រូបភាព
ជនភៀស​ខ្លួន​វ័យ​ក្មេង​មក​ពី​ប្រទេស​ស៊ូដង់ខាងត្បូង​ស្តាប់គ្រូបង្រៀន​Koat Reath ក្នុង​ថ្នាក់រៀននៅ​ជំរំជនភៀស​ខ្លួន​ Jewi ក្នុង​ទីក្រុង​ Gambella ប្រទេស​អេត្យូពីរ។
ជនភៀស​ខ្លួន​វ័យ​ក្មេង​មក​ពី​ប្រទេស​ស៊ូដង់ខាងត្បូង​ស្តាប់គ្រូបង្រៀន​Koat Reath ក្នុង​ថ្នាក់រៀននៅ​ជំរំជនភៀស​ខ្លួន​ Jewi ក្នុង​ទីក្រុង​ Gambella ប្រទេស​អេត្យូពីរ។
ដោយ: VOA
​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ស្វាគមន៍ សេចក្តីសម្រេច​មួយ​រប​ស់​គណៈកម្មាធិការ​សិទ្ធមនុស្ស អ​.​ស​.​ប​. កាលពីពេល​ថ្មីៗ​នេះ ដែលថា ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​ដោយសារតែ​ហេតុផល​អាកាសធាតុ​និង​គ្រោះធម្មជាតិ នឹងមាន​អំណះអំណាង​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ការការពារ​ពី​អន្តរជាតិ​។​

 
​ករណី​មួយ​ដែល​កំពុង​ត្រូវបាន​គេ​ពិភាក្សា គឺ​ទាក់ទង​នឹង​លោក Ioane Teitiota ដែលជា​បុរស​ម្នាក់​មកពី​ប្រទេស​គិរី​បាទី ដែលជា​ប្រទេស​ដែន​កោះ​មួយ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ លោក​បាន​ស្នើសុំ​ការការពារ​ដោយ​អះអាងថា លោក​ជា​ជនភៀសខ្លួន​ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ ក៏ប៉ុន្តែ លោក​ត្រូវបាន​ប្រទេស​នូ​វែ​ល​សេ​ឡង់​បដិសេធ​ការស្នើសុំ​របស់លោក​។ គណៈកម្មាធិការ​សិទ្ធមនុស្ស អ​.​ស​.​ប​. ដែល​បាន​ត្រួតពិនិត្យ​ករណីនេះ យល់ស្រប​ចំពោះ​សេចក្តីសម្រេច​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដោយសារ​លោក Teitiota មិន​ស្ថិតនៅក្នុង​ហានិភ័យ​បន្ទាន់​នោះទេ​។​
 
​ទោះយ៉ាងណា គណៈកម្មាធិការ​សិទ្ធមនុស្ស អ​.​ស​.​ប​. និយាយថា ប្រជាពលរដ្ឋ​មិនគួរ​ត្រឡប់​ទៅកាន់​ទីតាំង​ដើម​របស់ខ្លួន​វិញ​នោះទេ បើសិន​ជាមាន​សញ្ញា​ណាមួយ​បង្ហាញថា ការប្រែប្រួល​អាកាសធាតុ គឺជា​ការគំរាមកំហែង​មួយ​លើ​សិទ្ធិ​ក្នុងការ​រស់នៅ​របស់​ពួកគេ​។ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អ​.​ស​.​ប​. សាទរ​ចំពោះ​សេចក្តីសម្រេច​ដ៏​សំខាន់​មួយ​នេះ​។​
 
​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ UNHCR លោក Andrej Mahecic និយាយថា ការសម្រេចចិត្ត​នោះ មាន​ឥទ្ធិពល​សំខាន់​សម្រាប់​ការការពារ​ពី​សំណាក់​អន្តរជាតិ ទៅលើ​មនុស្ស​ដែល​ផ្លាស់​ទីលំនៅ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ​។​
 
​លោក Andrej Mahecic និយាយថា​៖
 
«​វា​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វិធានការ​របស់​ប្រទេស​នានា​ក្នុងការ​បង្ការ​និង​កាត់បន្ថយ​ការប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​ក្នុង​ពេលអនាគត​អាច​បង្ខំ​ឲ្យ​មនុស្ស​ចាកចេញ ហើយ​វា​ក៏​នឹង​ក្លាយទៅជា​កាតព្វកិច្ច​អន្តរជាតិ​។ ទី​ពីរ សេចក្តីសម្រេច​មួយ​នេះ ក៏​ជាការ​ទទួលស្គាល់ថា ច្បាប់​សម្រាប់​ជនភៀសខ្លួន​អន្តរជាតិ អាចអនុវត្ត​បាន​ក្នុង​បរិបទ​ការប្រែប្រួល​អាកាសធាតុ និង​ការ​បម្លាស់​ទី​ដោយសារ​គ្រោះមហន្តរាយ​»​។​
 
​លោក Andrew Harper ទីប្រឹក្សា​ពិសេស​ផ្នែក​អាកាសធាតុ​របស់​ទីភ្នាក់ងារ UNHCR និយាយថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ផ្ទាំង​ទឹកកក​រលាយ ទឹកជំនន់ គ្រោះរាំងស្ងួត និង​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​ផ្សេងៗ​ទៀត គួរតែ​ជាការ​ដាស់តឿន​មួយ​ថា ត្រូវមាន​វិធានការណ៍​។​
 
​លោក Andrew Harper ថ្លែងថា​៖
 
«​ខ្ញុំ​គិតថា​សេចក្តីសម្រេច​នេះ អាច​សង្ខេប​បាន​ថា បើ​យើង​មិន​ប្រឹងប្រែង​បន្ថែម​ដើម្បី​បង្ការ​ទេ នោះ​យើង​នឹង​ចៀស​មិន​ផុតពី​កាតព្វកិច្ច​ការពារ​ពល​រដ្ឋ​ដែល​រង​ប៉ះពាល់​ទាំង​នោះទេ​។ បើសិនជា​យើង​បរាជ័យ​ក្នុងការ​បង្កើត​បរិស្ថាន​មួយ​ដែល​សហគមន៍​មានលទ្ធភាព​រស់នៅ​ផុតពី​គ្រោះមហន្តរាយ​អាកាសធាតុ យើង​នឹង​ត្រូវមាន​កាតព្វកិច្ច​កា​រពារ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ទាំងនោះ​»​។​
 
​លោក Harper និយាយថា វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​គិតទុក​ថា តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​អាច​នឹងត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នោះ​។ លោក​បាន​កត់សម្គាល់ថា អ្នក​ដែល​ងាយ​នឹងរង​គ្រោះ​បំផុត គឺ​អ្នករស់នៅ​លើ​កោះ​តូចៗ និង​ពលរដ្ឋ​រស់នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ដូចជា​នៅ​ទ្វីបអាស៊ី និង​អាហ្វ្រិក​ជាដើម ដែល​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ដែល​មិនមាន​លទ្ធភាព​ក្នុងការ​ចាកចេញ​។​
 
​ទីភ្នាក់ងារ UNHCR កំពុង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​ជួយ​សហគមន៍​ដែល​ងាយ​រងគ្រោះ កាត់បន្ថយ​ហានិភ័យ និង​សម្រប​ខ្លួន​ទៅនឹង​អាកាសធាតុ​ដែល​កំពុង​ប្រែប្រួល ដូច្នេះ មនុស្ស​ម្នាក់ៗ​នឹង​បាច់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ទីលំនៅ​របស់​ពួកគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com