អន្តរជាតិ
អាមេរិក មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​ជា​លើកដំបូង​
31, Jan 2020 , 2:04 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អាជ្ញាធរ​សុខាភិបាល​អាមេរិក នៅ​ថ្ងៃទី​៣០ ខែមករា បានប្រកាសថា អាមេរិក​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​លើកដំបូង​បង្អស់​ក្នុង​ទឹកដី​របស់ខ្លួន​។ ករណីនេះ គឺជា​ការឆ្លង​រវាង​ភរិយា និង​ស្វាមី​មួយគូ ដែល​រស់នៅក្នុង​រដ្ឋ Illinois​។


 
​គិត​មក​ត្រឹម​ពេលនេះ អាមេរិក បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​ក្នុងករណី​ទី​៦ និង​ជា​លើកដំបូង​បង្អស់​នៅក្នុង​ទឹកដី​អាមេរិក ដែលមាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ អាជ្ញាធរ​សុខាភិបាល​អាមេរិក អះអាងថា គឺជា​ឆ្លង​ពី​ភរិយា ដែលមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ទៅ​ស្វាមី​។​
 
​តាម​ការអះអាង​របស់​មជ្ឈមណ្ឌល​បង្ការ និង​ជំងឺ​របស់​អាមេរិក ជនជាតិ​អាមេរិក ប្រាំ​នាក់ បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ បន្ទាប់ពី​ដំណើរ​កម្សាន្ត​ទៅ​ចិន​។ ប៉ុន្តែ​ក្នុងចំណោម​អ្នកជំងឺ​ទាំង​៥​នេះ មាន​ស្ត្រី​ម្នាក់​ផ្ទុក​កូ​រ៉ូ​ណាវី​រុស និង​បាន​ចម្លង​វីរុស​នេះ ទៅ​ស្វាមី​របស់ខ្លួន​។​
 
​វេជ្ជបណ្ឌិត Allison Arwady សមាជិក​គណកម្មការ​មួយ​នៅ​នាយកដ្ឋាន​សុខាភិបាល បាន​បញ្ជាក់ថា បើទោះបីជា មាន​ករណី​ឆ្លង​ជា​លើកដំបូង​នៅក្នុង​អាមេរិក​ក៏ដោយ វា​មិនមាន​ការប្រកាសអាសន្ន​ណាមួយ​នៅក្នុង​តំបន់​ទេ​។ ការណ៍​នេះ ទំនង​មកពី ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស នៅ​អាមេរិក​មាន​តិច​នៅឡើយ ទើប​គេ​មិនទាន់​ប្រកាសអាសន្ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ដើម្បី​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់ខ្លួន​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស អាមេរិក បាន​ជម្លៀស​ប្រជាជន​របស់ខ្លួន​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។ ពេលនេះ អាមេរិក​បាន​យក​ប្រជាពលរដ្ឋ​របស់ខ្លួន​ទៅ​ដាក់​នៅ​កន្លែង​ដោយឡែក​មួយ នៅ​មូលដ្ឋាន​ទ័ពអាកាស March Air Reserve Base ក្បែរ​ទីក្រុង Los Angeles ដើម្បី​តាមដាន​សុខភាព​របស់​ពួកគេ​។ ប្រជាជន​ជម្លៀស​នេះ ត្រូវគេ​ដាក់​នៅ​ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​ធានាថា អ្នក​ទាំងនោះ​មិនមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស និង​មិនមាន​រោគសញ្ញា​ផ្សេងៗ​។ នេះ​បើតាម​សម្ដី​មន្ត្រី​សុខាភិបាល​អាមេរិក​នៅ​ថ្ងៃទី​៣០ ខែមករា​។ 
 
​ក្រៅពី​ប្រជាពលរដ្ឋ អាមេរិក​ក៏បាន​ជម្លៀស​បុគ្គលិក និង​គ្រួសារ​ខ្លះៗ ពី​ស្ថានទូត ស្ថាន​កុងស៊ុល នៅ​ទីក្រុង​ប៉េកាំង ក្រុង​Chengdu, ក្រុង Guangzhou, ក្រុង Shanghai និង​ក្រុង​Shenyang ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស ដែល​កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន​៕

Tag:
 អាមេរិក​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com