អន្តរជាតិ
ចិនថា ខ្លួនមានសមត្ថភាពប្រយុទ្ធកូរ៉ូណាវីរុស ក្រោយ WHO ប្រកាសអាសន្នជាសកល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying។ រូបភាព៖ Reuters
× ចិន មានទំនុកចិត្ត និងសមត្ថភាពពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូរ៉ូណាវីរុស ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ផ្ទុកវីរុសមួយនេះ និងមានមនុស្សជាច្រើននាក់ បានស្លាប់។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅថ្ងៃទី៣១ ខែមករា ចិន នឹងសហការជាមួយប្រទេសទាំងអស់ និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសប្រភេទថ្មីនេះ។
បន្ទាប់ពីការប្រកាសអាសន្នជាសកលរបស់អង្គការសុខភាពពិភពលោកលើកូរ៉ូណាវីរុស អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបង្ហាញជំហរយ៉ាងច្បាស់លាស់មួយ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់កូរ៉ូណាវីរុស ដែលកំពុងតែវាយលុកខ្លាំងនៅចិន។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោកស្រី Hua បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានទំនុកចិត្ត និងសមត្ថភាពពេញលេញ ក្នុងការប្រយុទ្ធយកឈ្នះលើកូរ៉ូណាវីរុស»។ ក្នុងនេះន័យ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា កន្លងមកចិន បានប្រើប្រាស់វិធានការគ្រប់បែបយ៉ាង និងល្អបំផុត ដើម្បីឆ្លើយតបទៅនឹងសុវត្ថិភាពរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។
ក្រៅពីវិធានការផ្សេងៗ ចិន ក៏បានសហការជាមួយប្រទេសផ្សេងៗ និងអង្គការសុខភាពអន្តរជាតិផងដែរ ដើម្បីចែករំលែកព័ត៌មានទាក់ទងនឹងកូរ៉ូណាវីរុស។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ចិនបានប្រាប់ទៅដល់ភាគីពាក់ព័ន្ធ និងចែករំលែកហ្សែនកូរ៉ូណាវីរុសទៅឲ្យប្រទេសមួយចំនួន ជាពិសេសអង្គការសុខភាពពិភពលោក ក៏បានទទួលស្គាល់ពីកិច្ចខិតខំរបស់ចិនដែរ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានទទួលស្គាល់ពីកិច្ចខិតខំ និងការរួមចំណែករបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។ មិនត្រឹមតែប៉ុណ្ណោះ ចិនថែមទាំងសហការជាមួយអង្គការអន្តរជាតិមួយនេះ ដើម្បីការពារប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ និងសកលជាដើម៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com