ជាតិ
ចិន​ជាង​២០​ម៉ឺន​នាក់ ដែល​ធ្វើការ​ខាង​ល្បែង​អន​ឡាញ បាន​ចេញពី​កម្ពុជា
31, Jan 2020 , 8:39 pm        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩ ជនជាតិ​ចិន​បានមក​ស្នាក់នៅ​កម្ពុជា​រយៈពេល​វែង កើនឡើង​យ៉ាងគំហុក ដើម្បី​មក​ធ្វើការ​តាម​កាស៊ីណូ​និង​ហ្គេម​អន​ឡាញ ហើយ​បាន​ចាកចេញ​ទៅវិញ​ប្រមាណ​២០​ម៉ឺន​នាក់ បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា ប្រកាស​បិទ​ល្បែង​អន​ឡាញ កាល​ខែសីហា ឆ្នាំមុន​។


 
​របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ជនជាតិ​បរទេស​មិនមែន​អន្តោប្រវេសន៍ ដែល​អាជ្ញាធរ​កម្ពុជា​បានផ្ដល់​ទិដ្ឋាការ​អនុញ្ញាត​បន្ត​ឲ្យ​ស្នាក់ មាន​ប្រមាណ​៤៥​ម៉ឺន​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ជាង​៧០​ភាគរយ​។ 
 
«​ប៉ុន្តែ​ចំនួន​នេះ ត្រូវបាន​ថយចុះ​ជា​បណ្ដើៗ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បញ្ឈប់​សកម្មភាព​ហ្គេម​អន​ឡាញ​។ រហូតមកដល់​ចុងឆ្នាំ​២០១៩ ចំនួន​ជនជាតិ​ចិន​បាន​ចាក​ចេញពី​កម្ពុជា​ប្រមាណ​២០​ម៉ឺន​នាក់​។​» នេះ​បើតាម​ការ​របាយការណ៍ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ 
 
​របាយការណ៍​ដដែល បាន​រកឃើញថា បទល្មើស​ដែល​បង្កឡើង​ដោយ​ជនបរទេស​នៅ​ឆ្នាំ​២០១៩ គឺ​ជាង​៥០០​ករណី ហើយ​បាន​ឃាត់ខ្លួន​ជាង​១៧០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន មាន​ចំនួន​ជាង​១១០០​នាក់​។ បទល្មើស​ដែល​បង្កឡើង ភាគច្រើន​គឺ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ល្បែង​អន​ឡាញ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​។ 
 
​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​បណ្ដេញ​ជនជាតិ​បរទេស​ជាង​១៥០០​នាក់ ក្នុងនោះ​ជាន​ជាតិចិន​ច្រើនជាងគេ មាន​ចំនួន​ជាង​១០០០​នាក់​៕ 
 

Tag:
 ជនជាតិ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com