លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា អង្គការសុខភាពពិភពលោក (WHO) មានច្បាប់មួយ តម្រូវឲ្យគ្រប់ប្រទេស ចូលរួមអនុវត្ត ដើម្បីប្រឆាំងនឹងមេរោគកូរូណាប្រភេទថ្មី ដែលកំពុងរាលដាលខ្លាំងនៅប្រទេសចិន និងបានឆ្លងទៅដល់បណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជាផងដែរ។
ច្បាប់នេះ ដាក់ឲ្យគ្រប់បណ្តាប្រទេសអនុវត្ត ក្នុងពេលដែលអង្គការសុខភាពពិភពលោក ប្រកាសកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អំពីអាសន្នសម្រាប់សាកលលោកទាំងមូល ដោយសារការគំរាមកំហែងរបស់មេរោគកូរ៉ូណាប្រភេទថ្មី។
លោក លី សូវ៉ាន់ អះអាងថា ច្បាប់នេះ តម្រូវឲ្យប្រទេសទាំងអស់ ជាពិសេសប្រទេសអ្នកមានឬប្រទេសដែលមានលទ្ធភាពផលិតឱសថនិងវ៉ាក់សាំងការពារ ផ្លាស់ប្តូរព័ត៌មានគ្នាឲ្យបានឆាប់រហ័សពីមេរោគកូរ៉ូណាប្រភេទថ្មី។ លោក និយាយថា ច្បាប់នេះ ក៏ជំរុញឲ្យប្រទេសអ្នកមាន ជួយប្រទេសអ្នកក្រដែរ ក្នុងការដោះស្រាយបញ្ហាមេរោគកូរ៉ូណាប្រភេទថ្មី។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោវេជ្ជបណ្ឌិត បញ្ជាក់ថា៖«ចំណេះដឹង បើរកឃើញថ្មីៗ ត្រូវផ្លាស់ប្តូរភ្លាមទៅប្រទេសដទៃ ដើម្បីជាវិធានការរួមគ្នា។...ដល់ពេលរកឃើញឱសថឬមួយក៏វ៉ាក់សាំង គឺត្រូវជួយ Share (ចែករំលែក) ជាមួយគ្នាឲ្យលឿន ដើម្បីយើងជួយផលិតគ្នា ...ច្បាប់ហ្នឹងតែចេញហើយ ស្អែកក៏ដោយ គឺត្រូវជួយគ្នា ធ្វើជាមួយគ្នា»។
អ្នកនាំពាក្យរូបនេះ បន្តថា៖«ចំពោះការទប់ស្កាត់បង្ការ យើងធ្វើបានល្អហើយ...។ យើង មានតែធ្វើការកាន់តែជិតដិតជាមួយប្រទេសដទៃ និងជាមួយអង្គការសុខភាពពិភពលោកជាដៃគូ សំខាន់គឺអាហ្នឹង។ តាមពិតទាំងអស់ហ្នឹង សុទ្ធតែយើងធ្វើរួចអស់ហើយ ទោះបីជាគាត់ មិនប្រាប់ មិនប្រកាសអាស្ន...។ ប្រទេសខ្លះអត់ទេ សឹងតែរារែកមិនបានផ្តល់ព័ត៌មានទាន់ពេលវេលា...»។
ក្រោយអង្គការសុខភាពពិភពលោក ប្រកាសអាសន្នសម្រាប់សាកល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទប់ស្កាត់មេរោគដ៏ឲ្យខ្លាចនេះ។ លោក ប្រាប់ Fresh News ថា៖«យើងបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូរ៉ូណាវីរុសថ្មីនេះ»។
កម្ពុជា រកឃើញមេរោគកូរ៉ូណាប្រភេទថ្មីលើកដំបូងលើបុរសជនជាតិចិនម្នាក់ ឈ្មោះ ចា ជិន ហួ អាយុ៦០ឆ្នាំ។ បច្ចុប្បន្ន គាត់ កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក លី សុវ៉ាន់ អះអាងជាថ្មីថា បុរសជនជាតិចិននោះ បានធូរស្បើយហើយ។ តែ លោក និយាយថា ទោះជាបានធូរសះស្បើយក៏ដោយ ក៏បុរសជនជាតិចិននោះ នៅតែជាអ្នកជំងឺដដែល ដូច្នេះ មិនទាន់អាចអនុញ្ញាតឲ្យចាកចេញទៅណាឡើយ។
លោក ផ្តល់ព័ត៌មានថា សមត្ថកិច្ចកម្ពុជា នៅតែបន្តរុករកអ្នក ដែលសង្ស័យថា ផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ប៉ុន្តែ គិតមកដល់រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្ពុជា មិនទាន់រកឃើញករណីថ្មីនោះទេ។
តំបន់ដែលមេរោគកូរ៉ូណាប្រភេទថ្មី បានរាលដាល់ទៅដល់ មាន ហុងកុង ម៉ាកាវ និង តៃវ៉ាន់ រួមទាំងបណ្តាប្រទេសនានា ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេប៉ាល់ ជាដើម។ មេរោគកូរ៉ូណាប្រភេទថ្មីនេះ បង្កទៅជាជំងឺរលាកសួត ហើយមកដល់ពេលនេះ គេ មិនទាន់រកឃើញវ៉ាក់សាំងការពារនោះទេ។
គិតមកដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់ជាង២០០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគនេះ បានកើនឡើងដល់ជិត១ម៉ឺនាក់ នៅក្នុងប្រទេសចិន។ ក្រៅពីប្រទេសចិន មិនមានអ្នកស្លាប់ដោយសារមេរោគនេះឡើយ៕