អន្តរជាតិ
បារម្ភកូរ៉ូណាវីរុស! មីយ៉ាន់ម៉ា បញ្ជូនយន្តហោះមួយគ្រឿងទៅចិនវិញ ក្រុមគ្រូពេទ្យដែលពាក់អាវការពារឈរពីក្រោយឡានពេទ្យព្រលានយន្តហោះ ដែលដឹកនាំអ្នកជំងឺ កាលពីថ្ងៃ ៣១ មករា (AFP)
× មីយ៉ាន់ម៉ា បានសម្រេចបញ្ជូនយន្តហោះមួយគ្រឿង ដែលផ្ទុកអ្នកដំណើរ៧៩នាក់ ត្រឡប់ទៅប្រទេសចិនវិញ នៅថ្ងៃសុក្រ ៣១ ខែមករា ។ ការសម្រេចនេះ ធ្វើឡើងក្រោយពីបុរសជនជាតិចិនម្នាក់ ដែលសង្ស័យថាឆ្លងកូរ៉ូណាវីរុស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រហូតមកទល់ពេលនេះ មីយ៉ាន់ម៉ា ពុំទាន់មានករណីឆ្លងណូវែលកូរ៉ូណាវីរុសនៅឡើយ ខណៈវីរុសនេះ បានសម្លាប់មនុស្ស ២៥៩ នាក់ ក្នុងប្រទេសចិន ។ ក៏ប៉ុន្តែភាពភ័យខ្លាចបានកើនឡើងខ្លាំង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្រីក្រមួយនេះ ដែលមានព្រំដែនជាប់នឹងប្រទេសជិតខាងដ៏មានឥទ្ធិពលរបស់ខ្លួន។
ដោយសារក្តីបារម្ភនេះហើយ ទើបអាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបញ្ជូនយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern មកពី Guangzhou ត្រឡប់ទៅចិនវិញ ក្រោយរកឃើញអ្នកដំណើរម្នាក់មានរោគសញ្ញាវីរុសប្រភេទថ្មីនេះ។
លោក Soe Paing ប្រធានគ្រប់គ្រងនាយកដ្ឋានអាកាសចរណ៍ស៊ីវីលមីយ៉ាន់ បានអះអាងថា អ្នកដំណើរជនជាតិចិនម្នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យនៅក្បែរនោះមួយ ក្រោយរូបគេមានរោគសញ្ញា ដែលសង្ស័យថា ឆ្លងជំងឺរលាកសួតដែលបង្កឡើងដោយណូវែលកូរ៉ណាវីរុស។ អ្នកកាសែត AFP ម្នាក់ ក៏បានឃើញ មន្ត្រីផ្នែកសុខភាពជាច្រើននាក់ដែលពាក់សម្ភារការពារពេញខ្លួន បានទៅទទួលអ្នកជំងឺនោះចេញពីរថយន្តសង្គ្រោះបន្ទាន់ព្រលានយន្តហោះ។
លោក Soe Paing បន្តទៀតថា ជនជាតិមីយ៉ាន់ម៉ាចំនួន ២នាក់ ក៏បានអនុញ្ញាតឲ្យចេញពីយន្តហោះ ហើយបានដឹកទៅកាន់មន្ទីរពេទ្យដូចគ្នា ដើម្បីត្រួតពិនិត្យសុខភាព។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា៖«មនុស្សទាំងអស់ផ្សេងទៀត ដែលនៅលើជើងហោះហើរនេះ បានបញ្ជូនត្រលប់ទៅវិញ»។
អ្នកដំណើរសរុបចំនួន ៧៩ នាក់ ដែលបានជិះលើហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern មកពី Guangzhou នេះ មានជនជាតិអាមេរិក ២នាក់, បារាំង ២នាក់, មីយ៉ាន់ម៉ា ២នាក់ និងជនជាតិចិន ៧២នាក់។ នេះបើតាមការអះអាងរបស់មន្ត្រីអាកាសចរណ៍មីយ៉ាន់ម៉ា ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
ទោះបីជាពុំទាន់មានករណីឆ្លងកូរ៉ូណាវីរុសរកឃើញក្នុងប្រទេសនេះ អ្នកជំនាញ ព្រួយបារម្ភថា ប្រព័ន្ធសុខាភិបាលដ៏ទន់ខ្សោយរបស់ខ្លួន ពុំអាចមានសមត្ថភាពទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ ប្រសិនបើវាមានស្ថានភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត មីយ៉ាន់ម៉ា ក៏កំពុងរង់ចាំការអនុញ្ញាតដើម្បីជម្លៀសនិស្សិតខ្លួន ៦០នាក់ដែលជាប់គាំងក្នុងទីក្រុង វូហាន គិតចាប់ពីទីក្រុងនេះ បានបិទច្រកចេញចូល កាលពីថ្ងៃ២៣ មករា មក៕
Tag:
មីយ៉ាន់ម៉ា
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com