ONE Championship
កីឡាជាតិ
ជាតិ
Rodtang សម្លឹងមើល​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ទី​២
02, Feb 2020 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
Rodtang Jitmuangnon ឬ គេ​ស្គាល់ឈ្មោះ​ក្រៅ​ថា «The Iron Man» និង Jonathan “The General” Haggerty ជា​គូប្រកួត​ស្វិតស្វាញ ក្រោយ​ជួបគ្នា​ដណ្ដើម​ខ្សែក្រវាត់​រៀងៗ​ខ្លួន នា​ដើម​ឆ្នាំនេះ ប៉ុន្តែ Rodtang ធ្វើបាន​យ៉ាង​ល្អ​បំផុត​។ Rodtang កំពុង​សម្លឹងមើល​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ផ្សេងទៀត ក្នុង​អាជីព ក្រោយ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​បានសម្រេច ពីរដង​ជាប់​គ្នា​។


 
​កាល​ក្នុង​កម្មវិធី ONE: A NEW TOMORROW នា​ថ្ងៃ​សុក្រ​ទី ១០ មករា Rodtang បានបញ្ចប់​គូប្រកួត​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ដើម្បី​ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion របស់ខ្លួន​។ ស៊ុប​ពើ​ស្ដារ​របស់​ថៃ​រូបនេះ បាន​កៀង Haggerty ឲ្យ​ទៅ​កៀក​សង្វៀន​រហូតដល់ ៤ ដង មុន​ម៉ាត់​ឲ្យ​សន្លប់​។ ការប្រកួត​លើក​ទី​១ បាន​បន្សល់ទុក​នូវ​ភាពចាញ់ឈ្នះ​មិន​អស់ចិត្ត សម្រាប់ Haggerty​។ 
 
 
Rodtang បាន​ថ្លែងថា​៖«​ខ្ញុំ​គ្រាន់តែ​ដើរចូល​ដើម្បី​ឈ្នះ និង​ដើម្បី​អ្នកគាំទ្រ​នៅ​ប្រទេស​ថៃ ហើយក៏​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ នៅក្នុង​ទឹកដី​កំណើត​ដែរ​។ ខ្ញុំ​ចង់​ធ្វើបែបនេះ​។ វា​លំបាក​បន្តិច​ហើយ​សម្រាប់​គូប្រកួត​របស់ខ្ញុំ​។ តាមពិត​ខ្ញុំ​ចង់​បញ្ចប់​រូបគេ​នៅ​ទឹក​ទី​១​ផង​»​។ 
 
​កីឡាករ​ថៃ​បាន​ផ្ដួល​កីឡាករ​មកពី​ចក្រភព​អង់គ្លេស ដោយ​ក្បាច់​ម៉ាត់​កណ្ដាប់ដៃ ចំក្បាល​ពោះ និង​មុខ ប៉ុន្តែ Haggerty បានបង្ហាញ​ឲ្យ​គូប្រកួត​ដឹងថា រូបគេ​ជា​គូប្រជែង​លំបាក​បំផុត​មួយ​។ កីឡាករ​មកពី​ចក្រភព​អង់គ្លេស បាន​ព្យាយាម​គេចផុត និង​វ៉ៃ​សង​បានល្អ​នៅ​ពីរ​ទឹក​ដំបូង ពេល Rodtang បានដាក់​សម្ពាធ​កាន់តែច្រើន​។ 
 
«​ខ្ញុំ​ដឹងថា​មាន​ពិន្ទុ​នាំមុខ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្ដួល​ឲ្យ​សន្លប់​តែម្ដង​។ ខ្ញុំ​មិនបាន​គិត​ច្រើន​ទេ​។ នៅ​ទឹក​ទី​២ ខ្ញុំ​ធ្វើ​ឲ្យ​គេ​លំបាក​បន្តិច ប៉ុន្តែ​ទឹក​ទី​៣ ខ្ញុំ​សន្ធាប់​យកតែ​ម្ដង​និង​ដាក់​គោលដៅ​វាយយក​សន្លប់​នៅ​ទឹក​នេះ​។ ទីបំផុត​ខ្ញុំ​អាចធ្វើ​បាន​»​។ ម្ចាស់​ខ្សែក្រវាត់​របស់​ថៃ​រំលឹក​បែបនេះ​។ 
 
​នោះ​ជាការ​ប្រកួត​ដ៏​ភ្ញាក់ផ្អើល សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ ដែល​បង្ហាញ​ការប្រកួត​ខុសប្លែក​ពីមុន ពេល​ការពារ​ខ្សែក្រវាត់ ស្រប​ពេលដែល ឪពុក និង​គ្រួសារ​របស់ខ្លួន បានមក​ទស្សនា​ផ្ទាល់​ដែរ​។ 
 
​ជើង​ខ្លាំង​របស់​ថៃ​គូសបញ្ជាក់​៖ «​មុនពេល​ប្រកួត ខ្ញុំ​ធ្វើ​ចលនា​បម្លាស់​ទី​យ៉ាងច្រើន ទោះ​នៅក្នុង​បន្ទប់ទឹក​។ នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​មួយ ហើយ​សំខាន់​សម្រាប់​ខ្ញុំ​ពេល​ក្រុមគ្រួសារ​មក​ទស្សនា​ផ្ទាល់​។ វា​ជា​ឱកាស​កម្រ ដែល​ក្រុមគ្រួសារ​របស់ខ្ញុំ មក​ឃើញ​ខ្ញុំ​ប្រកួត​ដោយផ្ទាល់​ភ្នែក​បែបនេះ​»​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ដដែល​សង្កត់ធ្ងន់​ដូច្នេះ​៖«​ប៉ា​របស់ខ្ញុំ​មក​មើល​ខ្ញុំ​ដោយផ្ទាល់​រួមទាំង​សមាជិក​ក្រុមគ្រួសារ​ជាច្រើន​នាក់​។ មាន​មនុស្ស​ជាច្រើន​មក​គាំទ្រ​ខ្ញុំ ហើយ​អ្នកគាំទ្រ​ម៉ាឡេស៊ី​ខ្លះ​ក៏​មក​ទស្សនា​ខ្ញុំ​ដែរ​។ ប៉ា​របស់ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ក្រោយ​ចប់​ការប្រកួត ប៉ុន្តែ​គាត់​មាន​មោទនភាព​សម្រាប់​ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត ដែល​ធ្វើ​ឲ្យ​រូបគាត់​សប្បាយចិត្ត​និង​មោទនភាព​ដូចគ្នា​»​។ 
​រឿង​ល្អ​មួយទៀត វា​ជា​លើកដំបូង​សម្រាប់ Rodtang ដែល​ឡើង​សង្វៀន​ដំណាល​នឹង​សង្សារ​របស់ខ្លួន Stamp Fairtex ហើយ​វា​ជា​បទពិសោធន៍​វិជ្ជមាន​មួយ​។ 
 
 
​សង្សារ​របស់ Stamp បាន​ចែករំលែក​រឿង​សប្បាយ​ថា ៖«​ឡើង​ប្រកួត​លើស​ង្វៀន​ដូចគ្នា​ក្នុង​ថ្ងៃ​តែមួយ​គឺជា​ភាព​រីករាយ​។ វា​ពិតជា​សំខាន់​ណាស់​ដែល​មនុស្ស​ជាច្រើន​បានឃើញ​អំពី​ទំនាក់ទំនង​របស់​ពួកយើង ប៉ុន្តែ ពួកយើង​នៅតែ​ផ្ដោតលើ​អាជីព​របស់​យើង​»​។ 
 
​ក្រោយ​ចាក​ចេញពី​សង្វៀន Impact Arena យ៉ាង​រីករាយ​ជាមួយ​សង្សារ អ្នកលេង​ក្បាច់គុន​មួយ​ថៃ Rodtang មាន​ពេល​តិច​ណាស់​ដើម្បី​អបអរ​ជ័យជម្នះ​នេះ​ព្រោះ​ត្រូវ​ចាប់ផ្ដើម​ហ្វឹកហាត់​ដើម្បី​ការប្រកួត​ថ្មីៗ​ទៀត​។ រូបគេ​អាច​នឹង​ប្រកួត Kickboxing ពោល​គ្រោង​ដាក់​គោលដៅ​ស្វែងរក​ខ្សែក្រវាត់​ឲ្យ​ដូច​សង្សារ​របស់ខ្លួន​។ បច្ចុប្បន្ននេះ Stamp កាន់​ខ្សែក្រវាត់ ONE World Champion ចំនួន​ពីរ​ខ្សែ​ក្នុង​ពីរ​ប្រភេទ​កីឡា​ផ្សេងគ្នា​។ 
 
Rodtang មានបទពិសោធន៍​ប្រកួត kickboxing ខ្លះ​ដែរ ហើយ​រូបគេ​ក៏​សន្យា​ផ្ដួល​គូបដិបក្ខ​ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title នាពេលខាងមុខ​។ Rodtang លាតត្រដាង​ថា ៖«​ខ្ញុំ​ចង់​ប្រកួត​ទល់នឹង Ilias Ennahachi ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ kickboxing​។ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្ញុំ​។ ខ្ញុំ​ចង់​ឲ្យ​សុបិន​របស់ខ្ញុំ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ World Champion ខាង​ផ្នែក kickboxing ផងដែរ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com