ជាតិ
កសិករ កែវ សុ​ភី ដាំ​ដំណាំ​ដោយ​ប្រើ​ជីគីមី​ខាត​៦​ឆ្នាំ ទើប​ងាក​មក​ប្រើ​ជីធម្មជាតិ​វិញ​
02, Feb 2020 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​៦​ឆ្នាំ​ដែល​កសិករ កែវ សុ​ភី បាន​ប្រក​បរបរ​ដាំ​ដំណាំ​កសិផល​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី បានត្រឹមតែ​រួចខ្លួន និង​ឆ្នាំ​ខ្លះ​ខាត​ប្រាក់​ជាច្រើន ដោយ​ចំណាយ​លើ​ថ្លៃ​ទិញ​ជីគីមី​។



ក្រៅពី​ខាត​ប្រាក់ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​គុណភាព​ដីដុះ​ដំណាំ​របស់​អ្នកស្រី កាន់តែ​ធ្ងន់ធ្ងរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ នៅ​ឆ្នាំ​២០១៦ អ្នកស្រី សុ​ភី បាន​ងាក​មក​ផលិត​ជីធម្មជាតិ​ដោយ​ខ្លួនឯង ជំនួស​ឲ្យ​ការប្រើប្រាស់​ជីគីមី​បាន​ស្ទើរ​ទាំងស្រុង​។ ការប្រើ​ជីធម្មជាតិ​នេះ បានធ្វើ​ឲ្យ​កសិករ​រស់នៅ​ខេត្តសៀមរាប​រូបនេះ ចំណេញ​ដល់​ទៅ​៨០​ភាគរយ​នៃ​ការចំណាយ​លើ​ថ្លៃ​ជីគីមី​សម្រាប់​ដំណាំ​រាប់​ហិកតា​របស់​អ្នកស្រី បើទោះជា​មិនទាន់​ទទួលបាន​ផលចំណេញ​ក៏ដោយ​។​
 
​សូម​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា សាម ស្រី​ណុ​ច អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី កែវ សុ​ភី កសិករ​រស់នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដូចតទៅ​៖



 
​អ្នកស្រី កែវ សុ​ភី ជា​កសិករ​រស់នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានធ្វើ​កសិកម្ម​ដោយ​ប្រើ​ជី​និង​ថ្នាំពុល​គីមី​តាំងពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៦ គឺមាន​រយៈពេល​៦​ឆ្នាំ​មកហើយ​។ កសិករ​រូបនេះ​បាន​រៀបរាប់ថា រយៈពេល​៦​ឆ្នាំ​ដែល​ប្រើ​គីមី មិន​ទទួលបាន​ប្រាក់ចំណេញ​ឡើង ពោលគឺ​បានត្រឹមតែ​រួចខ្លួន និង​ឆ្នាំ​ខ្លះ​ខាតបង់​លុយកាក់​ជាច្រើន ហើយ​ប៉ះពាល់​សុខភាព និង​ខូចគុណភាព​ដី រីឯ​ទិន្នផល​កសិកម្ម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ធ្លាក់ចុះ​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ចាប់តាំងពី​ប្រើ​ជីគីមី​មក ខាតបង់​រាល់​ឆ្នាំ ប្រើ​កាន់តែខ្លាំង ខាត​កាន់តែខ្លាំង​!»​។​
 
​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់ និង​ខាតបង់​បែបនេះ កសិករ កែវ សុ​ភី បាន​ងាក​មកប្រើប្រាស់​ជី​និង​ថ្នាំពុល​ធម្មជាតិ នៅ​អំឡុង​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ស្តា​គុណភាព​ដី និង​ចង់បាន​សុខភាព​ល្អ ជាពិសេស គឺ​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ទិញ​ជី​។​
 
​ក្រោយ​ត្រឡប់មក​ប្រើ​ជីធម្មជាតិ​ដែល​អ្នកស្រី​ផលិត​ដោយ​ខ្លួនឯង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​នោះ គឺ អ្នកស្រី សុ​ភី អាច​កាត់បន្ថយ​ចំណាយ​ថ្លៃ​ទិញ​ជីគីមី​រហូតដល់​ទៅ​៨០​ភាគរយ លើ​ដំណាំ​ស្រូវ​៥​ហិកតា និង​ស្វាយ​ជាង​១​ពាន់​ដើម  ព្រមទាំង​បន្លែបង្ការ​មួយចំនួនទៀត​របស់​អ្នកស្រី​។ កសិករ​រស់នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី រូបនេះ បញ្ជាក់ថា ទោះបី​មិនទាន់​ទទួលបាន​ទិន្នផល​ច្រើន តែ​ក៏​មិន​បារម្ភ​ខ្លាច​ខាត ព្រោះ​ប្រើ​ជីធម្មជាតិ​ចំណាយ​តិច​។ អ្នកស្រី កែវ សុ​ភី នៅតែ​បន្ត​ប្រកបមុខរបរ​កសិកម្ម​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ជីធម្មជាតិ​ជានិច្ច​៕
 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com