ភ្នំពេញ៖ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិភាក្សាគ្នាពីគម្រោងធ្វើវិសោធនកម្មច្បាប់ការងារ ដោយចង់កាត់ប្រាក់ខែកម្មករវេនយប់ឲ្យស្មើកម្មករវេនថ្ងៃមក មានប្រតិកម្មធ្លាក់មកជាបន្តបន្ទាប់ពីភាគីសហជីព និងកម្មករធ្វើវេនយប់។ ពួកគេបានស្នើឲ្យក្រសួងការងារពិចារណាឲ្យបានច្បាស់លាស់ មុនធ្វើវិសោធនកម្មច្បាប់នេះ ព្រោះបើសិនកាត់ប្រាក់ខែកម្មករវេនយប់ វានឹងប៉ះពាល់ដល់ចំណូលរបស់ពួកគេ ស្របពេលរដ្ឋាភិបាល បានលុបថ្ងៃបុណ្យជាតិមួយចំនួន ដែលបានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កម្មកររួចទៅហើយ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
កម្មករ និងសហជីព ស្នើឲ្យក្រសួងការងារពិចារណាឡើងវិញចំពោះគំនិតផ្តួចផ្តើមធ្វើវិសោនកម្មច្បាប់ការងារ ដែលចង់កាត់បន្ថយប្រាក់ខែកម្មករវេនយប់ពី១៣០ភាគរយមក១០០ភាគរយ។ កម្មករធ្វើការវេនយប់ អះអាងថា ការកាត់ប្រាក់ខែរបស់ខ្លួន ជារឿងអយុត្តិធម៌ ដ្បិតការងារវេនយប់ មានការលំបាកជាងការងារវេនថ្ងៃ។
អ្នកស្រី នី វិធាវី អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រដេរខោក្នុងវេនយប់ម្នាក់នៅម្តុំផ្លូវវេងស្រេង បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រីមិនទាន់ទទួលដំណឹងនៃគម្រោងធ្វើវិសោធនកម្មច្បាប់ការងារនេះទេ តែបើសិនច្បាប់នេះ ត្រូវបានកែប្រែមែននោះ អ្នកស្រីអះអាងថា នឹងឈប់ធ្វើការងារ ហើយប្តូរមកធ្វើការវេនថ្ងៃវិញ។
ចូលធ្វើការម៉ោង៩យប់ និងចេញនៅម៉ោង៦ព្រឹក បានធ្វើឲ្យវិធាវី មានសុខភាពមិនល្អដូចកម្មករវេនថ្ងៃឡើយ។ តែនាងនៅតែជម្នះធ្វើការងារនេះ ដើម្បីចង់បានលុយបន្ថែមនេះ។
ជាអ្នកខេត្តព្រៃវែង វិធាវី ដែលទើបងើបពីគេងក្នុងបន្ទប់ជួលតូចចង្អៀតមួយ និងយកដៃញីភ្នែកទំនងមិនទាន់គេងបានពេញភ្នែកនោះ បានរៀបរាប់ទាំងទឹកមុខស្រពោនថា៖ «បើសិនឲ្យប្រាក់ខែខ្ញុំដូចអ្នកវេនពេលថ្ងៃ ពួកខ្ញុំឈប់ធ្វើហើយ ទៅធ្វើវេនថ្ងៃវិញ ព្រោះ មូលហេតុដែលមកធ្វើការវេនយប់ ដោយសារចង់បានលុយច្រើន លឺថាវេនយប់ គេគុណលុយមួយកន្លះ អ៊ីចឹងក៏ចង់ធ្វើការវេនយប់។ តែគិតទៅ វេនយប់ ខុសពីវេនថ្ងៃតែ៥០ដុល្លារហ្នឹង។ កាលខ្ញុំនៅវេនថ្ងៃ បាន២៥០ដុល្លារទាំងលុយស្នាក់នៅ…។ ធ្វើការវេនយប់ គេងអត់ឆ្អែតទេ ព្រោះពេលថ្ងៃនៅជិតផ្សារចឹង រញ៉េរញ៉ៃ»។
ដូចគ្នាដែរ កញ្ញា សុខ ឃីម អាយុ២៥ឆ្នាំ កម្មកររោងចក្រវេនយប់ម្នាក់នៅម្តុំផ្លូវវេងស្រេងដែរនោះ ក៏លើកឡើងស្របនឹងវិធាវីដែរ។ នាងអះអាងថា មូលហេតុដែលខ្លួនចង់ធ្វើការយប់នេះ ព្រោះតែចង់បានប្រាក់បន្ថែម ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របពេលការចំណាយបច្ចុប្បន្នមានកាន់តែច្រើន ទន្ទឹមគ្នានឹងទំនិញឡើងថ្លៃ។ បើតាមកម្មកររូបនេះ បើក្រសួងការងារគ្រោងកាត់ប្រាក់ខែរបស់នាង នាងនឹងឈប់ធ្វើការវេនយប់ ដោយត្រឡប់ទៅធ្វើការវេនថ្ងៃវិញ។
កញ្ញា សុខ ឃីម បន្តថា ការងារវេនយប់ ប្រឈមនឹងបញ្ហាដំណេកខ្លាំង តែការចង់បានប្រាក់បន្ថែម និងមានការងារបន្ទាន់ ទើបកម្មករម្នាក់ៗ ព្រមធ្វើការវេនយប់ ដើម្បីផលិតឲ្យទាន់ស្របតាមតម្រូវការថៅកែ។
កញ្ញា សុខ ឃីម អះអាងយ៉ាងដូច្នេះថា៖ «ពួកខ្ញុំសំណូមពរថា សូមឲ្យការងារវេនយប់ដូចដើម កុំឲ្យកាត់ប្រាក់ខែវេនយប់ឲ្យដូចវេនថ្ងៃអី ព្រោះកាត់ប្រាក់ខែនេះ ធ្វើឲ្យអារម្មណ៍ខ្ញុំមិនល្អទេ។ យើងធ្វើវេនយប់ ព្រោះតែចង់បានលុយបន្ថែមហ្នឹង ដើម្បីជួយដោះស្រាយជីវភាព។ បើកាត់ប្រាក់ខែវេនយប់ ខ្ញុំអត់ធ្វើការទៀតទេ។ ខ្ញុំនឹងផ្លាស់ប្តូរមកវេនថ្ងៃវិញ ព្រោះវេនយប់ វាអស់ងងុយមិនដូចវេនថ្ងៃនោះទេ។ បើគេកាត់ប្រាក់ខែ ខ្ញុំលែងទ្រាំធ្វើការទាំងបិទកៅអៀកទៀតហើយ»។
មានស្រុកកំណើតនៅខេត្តតាកែវ សុខ ឃីម អះអាងថា ក្នុងមួយខែ ការងារវេនយប់ទទួលបានប្រាក់ខែគោល១៩០ដុល្លារ និងប្រាក់បន្ថែមពាក់កណ្តាលនៃប្រាក់ខែគោលទៀត។
ច្បាប់ការងារឆ្នាំ១៩៩៧ ត្រង់មាត្រា១៤៤ បានតម្រូវឲ្យនិយោជកផ្តល់ប្រាក់ឈ្នួលដល់កម្មករធ្វើការវេនយប់ លើសអ្នកវេនថ្ងៃ១០០ភាគរយ។ ក្រោយមកមាត្រា១៤៤ នៃច្បាប់ដដែលនេះ បានធ្វើវិសោធនកម្មនៅឆ្នាំ២០០៧ ដោយតម្រូវឲ្យអ្នកវិនិយោគ ផ្តល់ប្រាក់ឈ្នួលដល់កម្មករវេនយប់លើសកម្មករវេនថ្ងៃ៣០ភាគរយវិញ។ ហើយនៅពេលថ្មីនេះ ក្រសួងការងារក៏បានពិភាក្សាជាមួយអង្គការពលកម្មអន្តរជាតិ (ILO) សហជីព និងនិយោជក ចំពោះគម្រោងធ្វើវិសោធនកម្មច្បាប់ការងារនេះបន្តទៀត ដោយគ្រោងកាត់ប្រាក់ខែកម្មករវេនយប់ ឲ្យស្មើកម្មករវេនថ្ងៃតែម្តង។
លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ លើកឡើងក្នុងកិច្ចពិភាក្សាត្រីភាគី លើគម្រោងធ្វើវិសោធកម្មច្បាប់ស្ដីពីការងារ នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ថា ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររោងចក្រ សហគ្រាស និង គ្រឹះស្ថាន ដែលមានដំណើរការទាំង២វេន (វេនថ្ងៃនិងវេនយប់) «គឺជាការបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងកែច្នៃម្ហូបអាហារ» ជាដើម រួមទាំង «ជួយបង្កើនការងារដល់ប្រជាពលរដ្ឋ» ផងដែរ។
សូមបញ្ជាក់ដែរថា វិសោធកម្មច្បាប់ការងារ ដែលក្រសួងការងារលើកឡើងក្នុងកិច្ចពិភាក្សានោះ មាន៣ចំណុច គឺ ទី១ ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ទី២ ការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល និងទី៣ ការលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ។
យ៉ាងណាលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មិនយល់ស្របនឹងគម្រោងធ្វើវិសោធនកម្មច្បាប់នេះឡើយ។ លោកអះអាងថា ការកែប្រែច្បាប់នេះ មិនបានផ្តល់ប្រយោជន៍ដល់កម្មករនោះទេ តែផ្ទុយទៅវិញ បែរជាធ្វើឲ្យបាត់បង់អត្ថប្រយោជន៍កម្មករថែមទៀត។
លោកថ្លែងយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំដែលជាភាគីសហជីពតំណាងឲ្យបងប្អូនកម្មករនៅកម្ពុជា ខ្ញុំមិនអាចទទួលនូវគំនិតផ្តួចផ្តើមរបស់ក្រសួងការងារជុំវិញការធ្វើវិសោធនកម្មច្បាប់ការងារអំពីការចង់កាត់ប្រាក់ខែកម្មករវេនយប់ស្មើកម្មករវេនថ្ងៃទេ ព្រោះគំនិតផ្តួចផ្តើមនេះ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករ ខណៈឆ្នាំ២០២០នេះ កម្មករយើងបានបាត់បង់ផលប្រយោជន៍មួយផ្នែកធំហើយពីការលុបថ្ងៃសម្រាកបុណ្យជាតិមួយចំនួន។ ដូច្នេះ បើក្រសួងនៅតែបន្ដគំនិតផ្តួចផ្តើមបែបនេះ នោះផលប្រយោជន៍កម្មករកាន់តែបាត់បង់ទៅ។ រីឯប្រាក់ឈ្នួលកម្មករបានឡើងតិចតួចប៉ុណ្ណោះ។ មកដល់ម៉ោងនេះ មានភាគីសហជីពជាច្រើន និងកម្មករនិយោជិកជាច្រើនមានការប្រតិកម្មច្រើនមែនទែនចំពោះគំនិតផ្តួចផ្តើមនេះ»។
បើតាម លោក ប៉ាវ ស៊ីណា ចាប់តាំងពីមានការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ពីសហគមន៍អឺរ៉ុប រដ្ឋាភិបាលកម្ពុជា បានបាត់កាត់បន្ថយថ្ងៃបុណ្យជាតិ និងគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីទាក់ទាញការវិនិយោគ តែគំនិតទាំងនេះ បែរជាបានធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករទៅវិញ។ ទាំងលោកប៉ាវ ស៊ីណា និងកម្មករធ្វើការវេនយប់ បានទទូចឲ្យក្រសួងការងារពិចារណាឡើងវិញចំពោះគម្រោងធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីកាត់ប្រាក់ខែកម្មករវេនយប់ឲ្យស្មើកម្មករវេនថ្ងៃនេះ ព្រោះគំនិតផ្តួចផ្តើមនេះ មិនបានជួយកម្មករឲ្យមានជីវភាពធូរធារទេ តែផ្ទុយទៅ វាបែរជាការដាក់បន្ទុកលើកម្មករកាន់តែធ្ងន់បន្ថែមទៀត ស្របពេលដែលប្រាក់ខែកម្មករក្នុងវិស័យវាយភណ្ឌនៅកម្ពុជា នៅមានកម្រិតតិចស្រាប់ផងនោះ៕