អន្តរជាតិ
អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​២៤៣​នាក់​នៅ​ចិន អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជាសះស្បើយ​
01, Feb 2020 , 4:59 pm        
រូបភាព
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន Xinhua
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន Xinhua
ដោយ:
​អ្នកជំងឺ​សរុប ២៤៣ នាក់ ដែល​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។ អាជ្ញាធរ​សុខាភិបាល​ចិន បានប្រកាស​បែបនេះ នៅ​ថ្ងៃ​សៅរ៍ ១ ខែកុម្ភៈ​។ តួលេខ​សរុប​នេះ គឺ​បូក​បន្ត​ពី​តួលេខ​ចុងក្រោយបង្អស់ ដែល​បង្ហាញថា អ្នកជំងឺ​នៅ​ចិន ជាង​១៧០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

 
​គិត​ត្រឹម​ដំណាច់​ថ្ងៃ​សុក្រ ៣១ ខែមករា មនុស្ស ៧២​នាក់ បាន​ដើរ​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពួកគេ​បានជា​សះស្បើយ​។ នេះ​បើតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន (NHC) ។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដោយ​ដកស្រង់​របាយការណ៍រ​បស់ NHC អ្នកជំងឺ​អាច​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ត្រលប់​ទៅផ្ទះ​វិញ​បាន កាលណា​រោគសញ្ញា​ជំងឺ​ពួកគេ បាន​ធូរស្រាល​, ក​ម្ពៅ​ខ្លួន​ពួកគេ មាន​សភាព​ធម្មតា​វិញ​យ៉ាងហោចណាស់​៣​ថ្ងៃ ហើយ​ការធ្វើ​តេស្ត បង្ហាញថា អវិជ្ជមាន ២​ដង​ជាប់ៗ​គ្នា​។ 
 
​សូមបញ្ជាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តួលេខ​អ្នកស្លាប់​សរុប បាន​កើន​ឡើងដល់ ២៥៩​នាក់​ហើយ ក្នុងប្រទេស​ចិន ខណៈ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ បាន​ឡើងដល់ ១១ ៧៩១​នាក់​។​
 
​ក្រៅពី​ចិន ប្រទេសមួយ​ចំនួន​ក៏បាន​អះអាង​ពី​ការព្យាបាល​សះស្បើយ​អ្នកជំងឺ​នៅក្នុង​ទឹកដី​របស់ខ្លួន​ផងដែរ​។ ក្រសួងសុខាភិបាល​ថៃ បានបញ្ជាក់​ពី​ការ​សះស្បើយ​អ្នកជំងឺ​៥​នាក់​ក្នុងចំណោម​១៤​នាក់​។ ករណី​ជាសះស្បើយ​ក៏​មាននៅ​វៀតណាម អូស្ត្រាលី ជប៉ុន និង​ណេ​ប៉ាល់ ផងដែរ​។ អ្នកជំងឺ​១​ករណី​នៅ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន មាន​លក្ខខណ្ឌ​ឈានទៅរក​ភាពប្រក្រតី​៕

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស​
  អ្នកជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com