ជាតិ
លោក ហ្វីលីព កៅ៖ កូរ៉ូណាវីរុសមិនមែនជាមេរៀនថ្មីសម្រាប់វិស័យទេសចរណ៍ទេ តែប្រតិបត្តិករត្រូវអត់ធ្មត់ខ្ពស់ លោក ហ្វីលីព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប
× សៀមរាប៖ មេរោគកូរ៉ូណា បានធ្វើឱ្យពិភពលោករំជើបរំជួលជាខ្លាំង ក្រោយពេលមេរោគនេះរាតត្បាតពីប្រទេសមួយទៅប្រទេសមួយយ៉ាងលឿន និងបានធ្វើឱ្យរដ្ឋាភិបាលចិនសម្រេចផ្អាកបណ្ដោះអាសន្នលែងឱ្យពលរដ្ឋខ្លួនធ្វើដំណើរចេញក្រៅប្រទេស។ វិធានការណ៍នេះបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចចិន និងប្រទេសដែលមានទំនាក់ទំនងទេសចរណ៍ជាមួយចិន។ យ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក ហ្វីលីព កៅ យល់ថា មិនមែនជារឿងថ្មីទេសម្រាប់អ្នករកស៊ីលើវិស័យទេសចរណ៍ដែលជួបបញ្ហាដូចករណីផ្ទុះជំងឺចម្លែកនេះ ព្រោះកន្លងមកធ្លាប់កើតមានច្រើនដងរួចទៅហើយ ហើយក្រោយជំងឺនេះស្ងប់ស្ងាត់ទៅវិញ វិស័យទេសចរណ៍នៅសៀមរាបនៅតែមានជីវិត។ ដូច្នេះលោក ហ្វីលីព ស្នើឱ្យប្រតិបត្តិករទាំងអស់មានភាពអត់ធ្មត់ខ្ពស់ចំពោះកាលៈទេសៈនេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប អ្នកនាង អ៊ីសា រ៉ហានី និងលោក ហ្វីលីព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបដូចតទៅ៖
ក្រុមប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានជួបជុំគ្នាក្នុងកម្មវិធីជាប្រចាំសម្រាប់ជជែកពីបញ្ហាផ្សេងៗទាក់ទងនឹងអាជីវកម្ម។ ក្នុងជំនួបនៅយប់ថ្ងៃទី៣១ មករា នៅភោជនីយដ្ឋាន លំអង ប្រធានបទសំខាន់គឺទាក់ទងនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបជាខ្លាំង។ ក្នុងស្ថានការណ៍ដូច្នេះ មិនថាឡើយទេសចរជនជាតិចិន សូម្បីទេសចរនៅប៉ែកអឺរ៉ុប ក៏បារម្ភខ្លាចឆ្លងជំងឺនេះដែរ ហើយពួកគេបានលុបដំណើរកម្សាន្តមកកាន់តំបន់ផ្សេងៗ។
ក្នុងរាត្រីជួបជុំនោះដែរ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ លោក ហ្វីលីព កៅ បានព្យាយាមពន្យល់សមាជិកទាំងអស់ ឱ្យយល់ពីស្ថានការណ៍ដែលវិស័យទេសចរណ៍ខេត្តសៀមរាបកំពុងជួបប្រទះ និងលើកពីបញ្ហាផ្សេងៗទៀងដែលជួបប្រទះកន្លងមក ដូចជាជំងឺSARSជាដើម តែវាមិនបានធ្វើឱ្យវិស័យមួយនេះស្លាប់ទេ។លោក ហ្វីលីព យល់ថាមេរោគកូរ៉ូណានឹងបញ្ចប់ទៅវិញនាពេលឆាប់ៗខាងមុខ តែលោកក៏ទទួលស្គាល់ថា ក្នុងកាលៈទេសៈនេះម្ចាស់អាជីវកម្មមួយចំនួនដែលមិនបានត្រៀមខ្លួនសម្រាប់ការខាតបង់ អាចនឹងប្រឈមមុខបិទអាជីវកម្មរបស់ខ្លួនផងដែរ៕
Tag:
កូរ៉ូណាវីរុស
ប្រតិបត្តិករទេសចរណ៍សៀមរាប
ហ្វីលីព កៅ
© រក្សាសិទ្ធិដោយ thmeythmey.com