អន្តរជាតិ
ពលរដ្ឋ​ជប៉ុន​៣​នាក់​ទៀត​ដែល​ត្រូវបាន​ជម្លៀស​ពី​វូ​ហាន​មាន​កូ​រ៉ូ​ណាវី​រុស
01, Feb 2020 , 9:57 pm        
រូបភាព
រថយន្តដឹកជនជាតិជប៉ុនចេញពីអាកាសយានដ្ឋាន ក្រោយពីពួកគេ​ត្រូវបានជម្លៀសចេញពីវូហាន។ រូបថត AFP
រថយន្តដឹកជនជាតិជប៉ុនចេញពីអាកាសយានដ្ឋាន ក្រោយពីពួកគេ​ត្រូវបានជម្លៀសចេញពីវូហាន។ រូបថត AFP
ដោយ: រួបរួម
ជនជាតិ​ជប៉ុន​៣​នាក់​បន្ថែមទៀត​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន ដោយ​យន្តហោះ​នោះ មាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019- -nCoV)​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍ ​។ គិត​ត្រឹម​ម៉ោង​៩ និង​៥៧​នាទី ថ្ងៃទី​១ ខែកុម្ភៈ នេះ ជប៉ុន​មាន​១០​ករណី​ហើយ​។​



​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​៣​នាក់ ដែល​បាន​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ កាលពី​ថ្ងៃ​សុក្រ មិនមាន​ការបង្ហាញ​រោគសញ្ញា​អ្វី​នោះឡើយ ខណៈ​ពី​នាក់​ទៀត​ត្រូវបាន​រកឃើញ​ភ្លាមៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួងសុខាភិបាល​ជប៉ុន ហើយ​ត្រូវបាន​ដកស្រង់​ដោយ​កាសែត The Mainichi​។​

​ជប៉ុន​បាន​ដឹក​ជនជាតិ​របស់ខ្លួន​ជាង​៥៦០​នាក់​ពី​វូ​ហាន​តាំងពី​ថ្ងៃ​ពុធ ដោយ​ប្រើ​យន្តហោះ​ចំនួន​បី​។ កន្លងមក ពលរដ្ឋ​បីនាក់​ផ្សេងទៀត ក៏ត្រូវ​បាន​រកឃើញ​មេរោគ​កូ​រ៉ូ​ណា​ផងដែរ ក្រោយ​ការជម្លៀស​ចេញពី​ជប៉ុន​។ ក្រៅពីនេះ ជប៉ុន​មាន​អ្នកបើកបរ និង​អ្នក​ភ្ញៀវ​ដែល​បាន​ឆ្លង​ជំងឺ រីឯ​ករណី​ផ្សេងទៀត កើត​លើ​ជនជាតិ​ចិន​។​

​គិត​ត្រឹម​ម៉ោង​៩ និង​៥៧ ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស មាន​២៥៩​នាក់​ដែល​នៅ​ប្រទេស​ចិន​ទាំងអស់ រីឯ​អ្នក​ឈឺ​មាន​ជាង​១២០០០​នាក់ ក្នុងនោះ ២៥០​នាក់ ត្រូវបាន​រាយការណ៍​ថា ជាសះស្បើយ​ផងដែរ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com