សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អាមេរិក និង​អាល្លឺម៉ង់​ឡើង​៨​ករណី អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​៥​ករណី​
02, Feb 2020 , 6:49 am        
រូបភាព
ដោយ: រួបរួម
​ខណៈ​ចិន​ចេះតែ​បន្ត​កើនឡើង​ចំនួន​អ្នកស្លាប់ និង​អ្នកជំងឺ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏​កើនឡើង​តួលេខ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ផងដែរ​។ គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃអាទិត្យ​នេះ អ្នកជំងឺ​សរុប​ឡើង​ជិត​១៤០០​នាក់ ខណៈ​អ្នកស្លាប់​ឡើង​ជាង​៣០០​នាក់​។​



​អាមេរិក​បាន​អះអាង​ពី​ការរកឃើញ​ករណី​ទី​៨ ដោយ​អ្នកជំងឺ​ជា​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសាឈូសេត ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វូ​ហាន​។ នេះ​ក៏​ជា​ករណី​ដំបូង​ដែល​ត្រូវបាន​រកឃើញ​នៅ​រដ្ឋ​ម៉ាសាឈូសេត​ផងដែរ​។​

​នៅ​អាល្លឺម៉ង់ បុរស​វ័យ​៣៣​ឆ្នាំ​ម្នាក់ ដែល​ស្នាក់នៅ​មន្ទីរពេទ្យ​រដ្ឋ Bavaria បាន​ក្លាយជា​ករណី​ទី​៨​ផងដែរ​។ បើតាម​មន្ត្រី​សុខាភិបាល​រដ្ឋ Bavaria គាត់​ជា​អ្នកជំងឺ​សរុប​ទី​៧​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ក្រុមហ៊ុន​មួយ​ក្នុង​ក្រុង Starnberg នា​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ជាមួយគ្នានេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​អ្នកជំងឺ​បន្ថែមទៀត បន្ទាប់ពី​ការរកឃើញ​៤​ករណី​ដំបូង​ដែល​ស្ថិតក្នុង​គ្រួសារ​តែ​១​។ ករណី​ទី​៥​នៅ​ប្រទេស​អារ៉ាប់​មួយ​នេះ គឺជា​បុរស​ម្នាក់​ដែល​មកពី​ក្រុង​វូ​ហាន​។ ទោះបីជា​យ៉ាងណាក៏ដោយ បើ​យោងតាម​ការផ្សាយ​របស់ Khaleej Times អាជ្ញាធរ​អេ​មី​រ៉ា​អារ៉ាប់​រួម បាន​អះអាងថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​ជំងឺ​មួយ​នេះ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com